ខេត្តកំពង់ធំ៖ ដឹងកើតហេតុថ្ងៃសុក្រ ០៨រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ វេលាម៉ោង១២ និង ១០នាទី មានករណីក្មេងលង់ទឹកស្លាប់ នៅក្នុងស្ទឹងសែន ស្ថិតនៅភូមិកោះគ្របបាយ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
សពរងគ្រោះឈ្មោះ ផា ផាត់ ភេទប្រុស អាយុ ០៧ ឆ្នាំ រស់នៅភូមិកោះគ្របបាយ ឃំុកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
តាមការបំភ្លឺរបស់ម្តាយ ឈ្មោះ ឈឿន សុីន អាយុ ៣៦ឆ្នាំ មានទីលំនៅ ភូមិ /ឃុំ កើតហេតុខាងលើ បាននិយាយថា៖ នៅវេលាម៉ោងប្រហែល ១១ និង ៣០នាទី ថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២០ ក្មេងរងគ្រោះបានចេញពីសាលា ០៣នាក់បង ប្អូនជីដូនមួយនាំគ្នាចុះងូតទឹកស្ទឹង ទាំង០៣នាក់ អាយុ ០៧ ឆ្នាំ ០២ ឆ្នាំម្នាក់ និងអាយុ ០៦ឆ្នាំម្នាក់ រីឯរងគ្រោះវាហែលទៅទឹកជ្រៅលិចអណ្តែតៗ ស្រែកឲ្យជួយបងប្អូន ០២ នាក់មិនហ៊ានជួយនាំគ្នារត់ទៅហៅឳពុកម្តាយពេលមកដល់នាំគ្នាស្រង់ក្មេងរងគ្រោះ តែបានត្រូវដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។
បន្ទាប់ពីទទួលបានដំណឹងភ្លាម កម្លាំងប៉ុស្តិ៍រដ្ឋបាល រដ្ឋអំណាចមូលដ្ឋានបានចុះពិនិត្យសពពុំមានឃើញស្លាក ស្នាមអ្វីដែលពាក់ព័ន្ធនឹងករណីឃាតកម្មឡើយ ។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ កុមាររងគ្រោះ ស្លាប់ដោយសារលង់ទឹក ។
ក្រោយពីបានពិនិត្យចប់សព្វគ្រប់រួចហើយ សមត្ថកិច្ច បានធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី