ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចក្រឡាហោម ស ខេង សម្ពោធ និងប្រកាសដាក់ឲ្យដំណើរការ ការិយាល័យច្រកចេញ ចូលតែមួយ នៅរដ្ឋបាលខេត្តពោធិ៍សាត់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ នៅព្រឹកថ្ងៃពុធ ១៣រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធ និងប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ រាជធានី-ខេត្ត នៅរដ្ឋបាលខេត្តពោធិ៍សាត់ ។

បច្ចុប្បន្នអង្គភាព ឬការិយាល័យច្រកចេញចូលតែមួយខេត្តពោធិ៍សាត់ កំពុងដំណើរការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋក្នុងវិស័យចំនួន១៤ ដោយបានផ្ដល់សេវាជូនប្រជាពលរដ្ឋជាង១ម៉ឺន៥ពាន់សេវា និងទទួលប្រាក់ចំណូលចូលថវិកាជាតិជាង១ពាន់៥៦លានរៀលហើយ ។ ដោយឡែកការិយាល័យប្រជាពលរដ្ឋក៏បានចាប់ផ្ដើមបំពេញតួនាទីរបស់ខ្លួនយ៉ាងល្អជូនប្រជាពលរដ្ឋក្នុងពេលជាមួយគ្នានេះដែរ។

នាពេលកន្លងមក រដ្ឋបាលខេត្តពោធិ៍សាត់ ក៏បានដាក់ឲ្យប្រើប្រាស់ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋថ្នាក់ក្រុងស្រុកចំនួន២រួចមកហើយដែរ គឺមួយក្រុងពោធិ៍សាត់ និងមួយទៀតស្រុកបាកាន ខណៈស្រុកក្រគរ ក៏ត្រូវបានក្រសួងមហាផ្ទៃសម្រេចដាក់ចូលក្នុងស្រកគោលដៅត្រូវសិក្សាបង្កើតការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋរួចហើយដែរកាលពីឆ្នាំ២០១៩កន្លងទៅនោះ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញមានប្រសាសន៍ទៅកាន់អង្គពិធី ដោយជាកិច្ចចាប់ផ្ដើម សម្ដេចបានមានគូសបបញ្ជាក់ថា ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋដែលសម្ពោធនាថ្ងៃនេះ គឺជាសមិទ្ធផលថ្មីមួយទៀតនៃគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ដែលរាជរដ្ឋាភិបាលដាក់ចេញដើម្បីបង្ករលក្ខណៈងាយស្រួល និងឆ្លើយតបតាមសំណូមពរ ពេលវេលា ព្រមទាំងតម្រូវការរបស់ប្រជាពលរដ្ឋ ។

សម្ដេចក្រឡាហោម ស ខេង ក៏បានមានប្រសាសន៍ក្រើនរំលឹកអភិបាល និងប្រធានក្រុមប្រឹក្សាខេត្ត ពិសេសខេត្តដែលមានព្រៃឈើសេសសល់ច្រើន ឬតិច ត្រូវយកចិត្តទុកដាក់បង្ការទប់ស្កាត់ភ្លើងឆេះព្រៃ ក្នុងស្ថានភាពដែលអាកាសធាតុកាន់តែមានភាពរាំងស្ងួត និងកើនកម្ដៅ។

សម្ដេចបានទាញចំណាប់អារម្មណ៍ថា ជាក់ស្ដែងខេត្តពោធិ៍សាត់ ប្រសិនបើអស់ព្រៃឈើនៅជួរដងភ្នំក្រវ៉ាញ ច្បាស់ជានឹងមានជំនន់ធំនៅពេលមានភ្លៀងធ្លាក់ខ្លាំងមិនខានឡើយ ដូច្នេះមិនត្រូវមើលស្រាលបញ្ហានេះជាដាច់ខាត ហើយខេត្តផ្សេងក៏ត្រូវយកចិត្តទុកដាក់ដូចគ្នាដែរ ៕ ប៉ឹម ពិន


ចែករំលែក៖