ភ្នំពេញ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានប្រាប់ លោក ប្រាទ្រិក ម៉ឺហ្វ៊ី ( W.Patrick Murphy )ថា៖ រាជរដ្ឋាភិ បាលកម្ពុជា មិនដែលភ្លេចពីកិច្ចសហប្រតិបត្តិការដ៏ល្អ និងជាយូរអង្វែងមកហើយជាមួយសហរដ្ឋអាមេរិកនោះឡើយ ។ ក្នុងនោះរាជរាដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន តែងតែណែនាំដល់គ្រប់ស្ថាប័ន ទាំងនៅថ្នាក់ជាតិ និងនៅក្រោមជាតិ ត្រូវពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការនេះ ឲ្យកាន់តែល្អប្រសើរទ្វេរឡើង ដោយឈរលើបាវចនា កែទំរង់ខាងក្នុង បង្កើនមិត្តខាងក្រៅឈរលើស្មារតីឯករាជ្យជាតិ ។
លោកស្រីកិត្ដិសង្គហបណ្ឌិតម៉ែន សំអន បានបញ្ជាក់បែបនេះ ខណៈលោកស្រីជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា នៅព្រឹកថ្ងៃព្រហស្បត៍ ១៤រោច ខែបុស្ស ឆ្នាំកុរឯកស័កព.ស២៥៦ ៣ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ។
នៅក្នុងជំនួបរយៈពេលជាង៣០នាទី ភាគីទាំងពីរបានបង្ហាញពីទស្សនវិស័យដូចគ្នាទៅនឹងការចង់បាននូវសន្តិភាព ស្ថិរភាពនយោបាយ ការរីកចម្រើនលើវិស័យសេដ្ឋកិច្ច ការអភិវឌ្ឍ និងការពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែរឹងមាំថែមទៀតរវាងកម្ពុជា និងសហរដ្ឋអាមេរិក ដោយប្រកាន់ខ្ជាប់នូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ។
លោក ប្រាទ្រិក ម៉ឺហ្វ៊ី ( W.Patrick Murphy )បានជំរាបជូនលោកស្រីឧប នាយករដ្ឋមន្ត្រីថា ស្ថានទូត និងក្រសួងការបរទេសកម្ពុជា បានត្រៀមរៀបចំទិវារំលឹកខួប៧០ឆ្នាំ នៃថ្ងៃទំនាក់ទំនងការទូតកម្ពុជា-អាមេរិក ដោយនឹងធ្វើតាម ខែនីមួយៗរហូតដល់ ខែធ្នូ ឆ្នាំ២០២០ ក្នុងនោះមានវិស័យជាច្រើនដែលត្រូវធ្វើទៅតាមប្រធានបទ នៃរដូវកាលរបស់កម្ពុជា រួមមានដូចជា វិស័យអប់រំ កសិកម្ម បរិស្ថាន សុខាភិបាល និងការលើកកំពស់សិទ្ធិ និងតួនាទីរបស់នារី ។ ល ។
លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានឯកភាព និងគាំទ្រចំពោះផែនការនៃទិវារំលឹកខួបលើកទី៧០ឆ្នាំ នៃទំនាក់ទំនងកម្ពុជា-អាមេរិក ក្នុងនោះលោកស្រី ឧបនាយករដ្ឋមន្ត្រី បានរំលឹកពីគុណតំលៃ នៃទំនាក់ទំនងនេះ ដែលបានបំរើឲ្យគ្នាទៅវិញទៅមកលើគ្រប់វិស័យ តែទោះ ជាយ៉ាងណាកម្ពុជាមិនភ្លេចទេចំពោះការជួយជ្រោមជ្រែងរបស់សហរដ្ឋអាមេរិកដល់កម្ពុជាតាំងពីដើមរៀងមក ពិសេសការជួយរក្សាស្ថិរភាព សន្តិភាព និងសន្តិសុខ សណ្តាប់ធ្នាប់ដែលជាស្នូលនាំមកនូវការអភិវឌ្ឍ និងរីកចម្រើនជាបន្តបន្ទាប់ ដែលផ្ទុយពីការបំផ្លើសពីមជ្ឈដ្ឋានខាងក្រៅ ដើម្បីកេងយកចំណេញផលប្រយោជន៍នយោបាយ ។
លោកស្រី ឧបនាយករដ្ឋមន្ត្រី បានរំលឹកពីទំនាក់ទំនងរវាងសម្តេចតេជោ ហ៊ុន សែន និងលោកប្រធានាធិបតី ដូណាល់ត្រាំ កន្លងមក ហើយនៅ ខែមីនា ខាងមុខ សម្តេចតេជោនាយករដ្ឋមន្ត្រី នៃកម្ពុជា នឹងអញ្ជើញទៅសហរដ្ឋអាមេរិកដើម្បីចូលរួមក្នុងសន្និសីទកំពូលអាស៊ាន អាមេរិក ។
ទាក់ទងនឹងរឿងនេះ ឯកអគ្គរដ្ឋទូត បានស្វាគមន៍ នឹងរង់ចាំចូលរួមកិច្ចសហការ ល្អជាមួយវត្តមានរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជាទៅកាន់សហរដ្ឋអាមេរិកផងដែរ ។
ក្នុងឱកាសនេះដែរ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានជំរាបជូនពីតួនាទីរបស់ក្រសួង ដែលកំពុងធ្វើជាសេនាធិការឲ្យរាជរដ្ឋាភិបាលលើវិស័យទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា ការផ្សព្វផ្សាយច្បាប់ តាមដានការ អនុវត្តច្បាប់ ការធ្វើអធិការកិច្ចលើគ្រប់វិស័យ ទទួលពាក្យ បណ្តឹង និងដោះស្រាយបណ្តឹងបរិហារកេរ៍ និងបណ្តឹងតវាទប់ស្កាត់ និងប្រឆាំងអំពើ ពុករលួយ និងការរំលោភដោយអ្នកមានអំណាចមកលើប្រចាពលរដ្ឋ ដែលជាគោដៅចំបងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តអភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្ត្រ ចតុកោណ ។
លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានជូនពរដល់ឯកអគ្គរដ្ឋទូត បាន ប្រកប ដោយសុខភាពល្អបរិបូរណ៍ ដើម្បីជោគជ័យក្នុងបេសកកម្មការទូតរបស់ខ្លួនប្រចាំនៅ កម្ពុជា ៕ សំរិត