ព័ត៌មានទាន់ហេតុការណ៍៖

ជំងឺរលាកសួតថ្មីនៅចិន ស្លាប់មនុស្សកើនឡើង២៦នាក់ ខណៈទីក្រុង១០​ត្រូវផ្អាក​ការធ្វើចរាចរ

ចែករំលែក៖

ចិនបានបន្ថែមរារាំង​មិនឲ្យមានចរាចរណ៍​ឆ្លងកាត់​នៅទូទាំងទីក្រុងចំនួន​១០​ នៅក្នុងខេត្ត Hubei ទីកន្លែង​ដែលផ្ទុះ​ឡើងនូវជំងឺ​រលាកសួតប្រភេទថ្មី ឬកូរ៉ូណាវីរុស (coronavirus)​ ដ៏ឆ្លងរាលដាលនោះ​ ខណៈជំងឺនេះ បានសម្លាប់មនុស្សកើនឡើង២៦នាក់ ។ ជំងឺនេះផ្ទុះឡើងដំបូងគេនៅខែកញ្ញា ឆ្នាំ២០១៩ រហូតមកដល់ពេលនេះ ផ្ទុះរាលដាលទ្រង់ទ្រាយធំ រហូតដល់ប្រទេសមួយចំនួន ។

ការប្រកាសឲ្យផ្អាកចរាចរណ៍​របស់អាជ្ញាធរចិន​បានបង្កឲ្យប៉ះពាល់ដល់ពលរដ្ឋ​ប្រហែល​២០លាននាក់ នៅទូទាំងទីក្រុងចំនួន១០ ក្នុងនោះ​មានទីក្រុងវូហាន ទីដែលផ្ទុះឡើងនូវជំងឺ​នេះ​ដំបូងគេផងដែរ ។

កាលពីថ្ងៃទី២៣ ខែមករា អ្នកជំងឺម្នាក់ ស្ថិតនៅភាគខាងជើងខេត្ត Hubei បានបាត់បង់ជីវិត​ដោយសារជំងឺ​កូរ៉ូណាវីរុសនេះ ក្លាយជាអ្នកជំងឺដំបូងគេ​ដែលបានបាត់បង់ជីវិត​នៅខាងក្រៅខេត្តHubei ។

អ្នកជំងឺដទៃផ្សេងទៀត​ត្រូវបានរាយការណ៍ថា​បានស្លា​ប់ស្ថិតនៅតំបន់ខាងជើងឆៀងខាងកើត​ខេត្ត Heilongjing ខេត្តមួយជាប់ព្រំដែនជាមួយប្រទេស​រុស្ស៊ី និងមានចម្ងាយប្រហែល​២ពាន់គីឡូម៉ែត្រ​ពីទីក្រុងវូហាន (Wuhan) ។

នៅទូទាំងប្រទេសចិន នាពេលបច្ចុប្បន្នថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ បានរកឃើញអ្នកជំងឺផ្ទុកវីរុសរលាកសួតប្រភេទថ្មីនេះ ​ចំនួន​៨៣០ករណី ។

ជំងឺនេះ​ក៏ត្រូវបានរកឃើញ​នៅក្រៅប្រទេសចិន​ផងដែរ ក្នុងនោះ​មានប្រទេសថៃ, អាមេរិក, តៃវ៉ាន់ កូរ៉េខាងត្បូង, ជប៉ុន, វៀតណាម និងសិង្ហបុរី ។

អាជ្ញាធរចិន​បានបញ្ឈប់​ការចរាចរណ៍​នៅពេលនេះ ចំពេល​ពិធីបុណ្យចូលឆ្នាំ​ថ្មី ដែលជាពិធីដ៏សំខាន់សម្រាប់ប្រជាជនចិន​រាបលិបលាននាក់​ធ្វើដំណើរវិលត្រឡប់ទៅស្រុកកំណើតដើម្បីជួបជុំក្រុមគ្រួសារសាទរឆ្នាំថ្មី ។

រិតបន្តឹងការធ្វើចរាចរបែបនេះ​គឺមានលក្ខណៈខុសគ្នា​ពីទីក្រុងមួយ​ទៅកាន់ទីក្រុង​មួយ ។

ទីក្រុងវូហាន ត្រូវបានបិទចរាចរទាំងស្រុង គឺរាល់ការធ្វើដំណើរតាមរថយន្តក្រុង, តាមរថភ្លើងក្រោមដី, តាម​ស្រឡាង​ផងដែរ​ ក៏ត្រូវបានប្រកាស​ឲ្យផ្អាក ទាំងចេញដំណើរ និងត្រឡប់​មកវិញ ។ ជើងហោះចេញពីទីក្រុងនេះ ក៏ដូចជាតាមផ្លូវរថភ្លើង​ត្រូវ​លុបចោល​ទាំងស្រុង ។

ពលរដ្ឋរស់នៅក្នុងតំបន់​ត្រូវបានផ្តល់ដំបូន្មានឲ្យស្ថិតនៅតែក្នុងផ្ទះ ហើយការបិទផ្លូវ​ក៏​បានកើតឡើងផងដែរ ។

តំបន់ប្រជុំ Ezshou ដែលជារដ្ឋធានីតូចមួយនៅក្នុងខេត្ត Hubei បានប្រកាសបិទស្ថានីយរថភ្លើង ។ ទីក្រុង Enshi បានផ្អាក​រាលការដឹកជញ្ជូន​តាមរថយន្តក្រុងទាំងអស់ ។

អាជ្ញាធរនៅទីក្រុងប៉េកាំង និងសៀងហៃ បានស្នើឲ្យប្រជាជន​ដែលបានវិលត្រឡប់មកពីតំបន់​ដែលផ្ទុះជំងឺឆ្លង​នោះ​ឲ្យស្ថិតនៅតែក្នុងផ្ទះរយៈពេល​១៤ថ្ងៃ ដើម្បីបង្ការ​ការឆ្លងវីរុស ។ នេះបើតាមការផ្សាយរបស់​ប្រព័ន្ធផ្សព្វផ្សាយ​នៅក្នុងតំបន់ ៕


ចែករំលែក៖