ប្រព័ន្ធផ្សព្វផ្សាយរបស់ចិននៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ បានបញ្ជាក់ថា ជំងឺរលាកសួតថ្មី កូរ៉ូណាវីរុស (coronavirus)នៅទីក្រុងវូហាន សម្លាប់មនុស្សកើនឡើង៨០នាក់ និងជិត៣ពាន់នាក់ឆ្លងនៅប្រទេសខ្លះជុំវិញតំបន់ និងពិភពលោក ។
ជំងឺដ៏កាចសាហាវនេះបានផ្ទុះឡើងនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងវូហាន (Wuhan) ខេត្ត ហ៊ូប៉ី (Hubei)ភាគកណ្តាលរបស់ប្រទេសចិន ហើយរហូតមកដល់ពេលនេះ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ បណ្តាលឲ្យឆ្លងរាលដាលមនុស្ស២ ៧៤៤នាក់ និងបណ្តាលឲ្យស្លាប់៨០នាក់ ។ ជំងឺនេះបានផ្ទុះឡើងពីផ្សារលក់គ្រឿងសមុទ្រមួយកន្លែងនៅទីក្រុងវូហាន ហើយទីនោះមានលក់សត្វព្រៃខុសច្បាប់ផងដែរ ។
បើតាមប្រភពព័ត៌មានបានបញ្ជាក់ថា ជំងឺនេះមិនត្រឹមឆ្លងរាលដាលនៅក្នុងប្រទេសចិននោះទេ ប៉ុន្តែឆ្លងដល់ប្រទេសដទៃមួយចំនួននៅក្នុងតំបន់ និងជុំវិញពិភពលោក ។
យោងតាមការផ្សាយរបស់កាសែត Wikipedia បានបញ្ជាក់នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ថា ជំងឺកូរ៉ូណាវីរុសនេះបានឆ្លងរយៈពេល១ខែ ៣សប្តាហ៍ និង៥ថ្ងៃហើយ ក្នុងនោះ ប្រទេសចិនមានចំនួន ២ ៧៤៤ករណី ស្លាប់អ្នកជំងឺ៨០នាក់ ។
ប្រភពបានបន្តថា ក្រៅពីប្រទេសចិន ជំងឺនេះបានឆ្លងទៅកាន់តំបន់ និងប្រទេសផ្សេងទៀតដូចជា៖
ហុងកុង៨ករណី
ប្រទេសថៃ ៨ ករណី
ម៉ាកាវ ៦ករណី
អាមេរិក៥ករណី
អូស្ត្រាលី៥ ករណី
ប្រទេសជប៉ុន ៤ ករណី
ប្រទេសម៉ាឡេស៊ី ៤ករណី
ប្រទេសសិង្ហបុរី ៤ករណី
ដែនដីកោះតៃវ៉ាន់ ៤ករណី
ប្រទេសបារាំង ៣ករណី
កូរ៉េខាងត្បូង ៣ករណី
វៀតណាម ២ករណី
កាណាដា១ករណី និងប្រទេសនេប៉ាល់១ករណី ។
សរុបជំងឺកូរ៉ូណាវីរុស ជំងឺរលាកសួតថ្មី ឆ្លងលើមនុស្ស ២ ៨០២នាក់ និងសម្លាប់មនុស្សអស់៨០នាក់ គិតត្រឹមថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ ៕