បន្ទាយមានជ័យ៖តាមសេចក្ដីរាយការណ៍ពីស្រុកថ្មពួកបានឲ្យដឹងថាសិស្សសាលាវិទ្យាល័យបន្ទាយឆ្មារស្រុកថ្មពួកខេត្តបន្ទាយមានជ័យជាច្រើននាក់ត្រូវបានដឹកបញ្ជូនជាបន្តបន្ទាប់ទៅសង្គ្រោះនៅមណ្ឌលសុខភាពបន្ទាយឆ្មារ គ្រារដែលមានអាការៈក្អូតចង្អោរគេសង្ស័យថាបង្កឡើងពីការពុលចំណីអាហារកាលពីវេលាម៉ោង ៩ និង១៥នាទីព្រឹកថ្ងៃទី២៥ខែមករាឆ្នាំ២០២០ក្នុងវិទ្យាល័យបន្ទាយឆ្មារ។
លោកអធិការស្រុកថ្មពួកសៅ សារឿនបានប្រាប់ថា មកទល់ម៉ោង១២រសៀលថ្ងៃដដែលនេះ សិស្សប្រមាណជិត៤០នាក់ត្រូវបាននិងកំពុងជួយសង្គ្រោះដោយក្រុមគ្រូពេទ្យ។ក្នុងចំណោមសិស្សនៃវិទ្យាល័យបន្ទាយឆ្មារដែលកំពុងជួយសង្គ្រោះនោះក៏មានលោកគ្រូម្នាក់រួមទាំងជំទប់ឃុំបន្ទាយឆ្មារម្នាក់ដែរ ដែលរងការក្អូតចង្អោរដូចគ្នា។លោកថា នៅពេលម៉ោងចេញលេង សិស្សទាំងអស់បាននាំគ្នាទៅញ៉ាំអាហារដែលគេលក់ក្នុងសាលាដូចសព្វដង។
បន្ទាប់ពីការផផវាយជួងចូលរៀនវិញនៅម៉ោង៩ព្រឹកសិស្សមួយចំនួនបានក្អួតចង្អោរ។ដោយមានការភ្ញាក់ផ្អើលថាមានករណីក្អួតចង្អោរនេះសិស្សនៅតាមថ្នាក់ផ្សេងៗក៏ផ្អើលនាំគ្នាមកចោមរោមមើល ហើយក៏បន្តក្អួតតៗគ្នាដោយទាំងគ្រូបន្ទុកថ្នាក់ផងដែរ។ក្រោយលេចឮព័ត៌មានថាមានករណីក្អួតចង្អោរ លោកស្រីជំទប់ឃុំទី២នៃឃុំបន្ទាយឆ្មារក៏ចុះមកមើលនិងជួយអន្តរាគមន៍ដឹកបញ្ជូនសិស្សអោយទៅមណ្ឌលសុខភាពដើម្បីព្យាបាលក្រោយឃើញហេតុការណ៍ក៏មានអាការៈក្អួតចង្អោរដូចគ្នានឹងសិស្សដែរ ហើយក៏ត្រូវបញ្ជូនទៅព្យាបាលជាមួយសិស្សទៅ។
លោកអធិការស្រុកថ្មពួកបានបន្តអោយដឹងដែរថា បើគិតមកទល់ម៉ោង១២រសៀលថ្ងៃដដែលនេះ ចំនួនអ្នករងគ្រោះមានរហូតដល់៣៥នាក់ ស្រី២៧នាក់ ហើយក្នុងចំណោមនេះមានសិស្សម្នាក់មានសភាពធ្ងន់ធ្ងរត្រូវដឹកបន្តទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួក។
លោក កែវ សុភក្រ្តា ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យបានអោយដឹងតាមទូរសព្ទ័នារសៀលថ្ងៃទី២៥នេះដែរថាករណីដែលបណ្តាលអោយមានការក្អួតចង្អោរ ដួលសន្លប់នេះ គឺបណ្តាលមកពីការបរិភោគចំណីអាហារដែលលក់ក្នុងសាលាគ្មានអនាម័យ បរិស្ថានមិនបរិសុទ្ធដោយការបាញ់ថ្នាំទៅដំណាំផ្សេងៗដែលស្ថិតនៅក្បែរសាលា បរិយាកាសក្តៅ ជាដើម។មួយវិញទៀតចំពោះករណីដួលបន្តបន្ទាប់ បណ្តាលមកភាពតក់ស្លុតរបស់បុគ្គលរងគ្រោះដែលឃើញហេតុការណ៍។លោកក៏បានបញ្ជាក់បន្ថែមថារហូតមកទល់រសៀលដដែលនេះ ក្រុមសិស្សដែលរងគ្រោះ ក្រោយព្យបាលជះស្បើយត្រូវបានវិលត្រឡប់ទៅគេហដ្ឋានរបស់ខ្លួនបណ្តើរៗ នៅសល់តែប៉ុន្មាននាក់ប៉ណ្ណោះដែលនៅបន្តព្យាបាលព្រោះសុខភាពនិងអារម្មណ៍នៅមិនទាន់ប្រក្រតី ប៉ុន្តែរណីខាងលើនោះមិនប៉ះពាល់ដល់អាយុជីវិតឡើយ៕
ដោយ៖វណ្ណា