ភ្នំពេញ៖ បុរសម្នាក់ត្រូវបានប្រពន្ធនាំទៅផឹកស៊ីនៅបន្ទប់មិត្តភក្តិជិតបន្ទប់គ្នាជួបជុំគ្នា ពេលដែលស្រវឹងរៀងខ្លួន ក៏នាំគ្នាទៅបន្ទប់ជួលរៀងខ្លួន បន្ទាប់មកដោយសារឃើញមិត្តភក្តិប្រពន្ធស្រវឹងលែងដឹងខ្លួន ដេកក្នុងបន្ទប់ជួលម្នាក់ឯង ឃើញឱកាសល្អក៏លបចូលរួចចាក់សោខាងក្នុងចាប់ដោះខោអាវបំណងរំលោភស្រាប់តែប្រពន្ធមកទាន់ ។
ហេតុការណ៍នេះ កើតឡើងកាលពីល្ងាចថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ នៅផ្ទះជួល ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ លុះរហូតមកដល់វេលាម៉ោង៤រសៀល ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ ទើបសមត្ថកិច្ចចាប់ខ្លួនយកមកសួរនាំ ។
ជនសង្ស័យខាងលើមាន ឈ្មោះ សួន ផាន់នី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់កន្លែងកើតហេតុខាងលើ ស្រុកកំណើតនៅស្រុក បារាយណ៍ ខេត្តកំពង់ធំ ។
តាមប្រភពព័ត៌មានពីស្ត្រីរងគ្រោះបាននិយាយថា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ នៅម៉ោង១១ព្រឹក រូបគាត់ និងមិត្តភ័ក្ដិ ដោយមានគ្នា៥នាក់ ស្រី៣នាក់ និងប្រុស២នាក់បាននាំគ្នាផឹកស៊ីនៅមុខបន្ទប់ជួលរហូតទៅដល់ម៉ោង៣រសៀល ។
ប្រភពដដែលបន្តថា ខណៈពេលរូបនាងផឹកស៊ីស្រវឹងខ្លាំងពេក ដោយទន់ខ្លួនផងនោះ ត្រូវបានសង្សារមិត្តភ័ក្ដិម្នាក់គ្រាហ៍ចូលក្នុងបន្ទប់ ហើយបានទាញទ្វារបិទ រួចក៏នាំគ្នាទៅបន្ទប់ជួល រៀងខ្លួនអស់ទៅ ។
ប្រភពដដែលបន្តទៀតថា លុះនៅម៉ោង៣ និង៣០នាទីរសៀលថ្ងៃដដែលស្រាប់តែជនសង្ស័យមកបន្ទប់ជួលនារីរងគ្រោះម្តងទៀត លបលួចចូលបន្ទប់នាងចាក់សោពីក្នុង និងធ្វើសកម្មភាពដោះខោអាវនាងគោលបំណងរំលោភសេពសន្ថវៈ ភ្លាមនោះប្រពន្ធបុរសនោះមកទាន់ ដោយច្រានទ្វារផាំងឃើញស្តែងនឹងភ្នែកធ្វើឲ្យឈ្លោះគ្នាជាមួយប្រពន្ធរបស់ខ្លួន រួចក៏ទៅផ្ទះជួលវិញបាត់ទៅ ។
ប្រភពដដែលបន្តថា ក្រោយពេលកើតហេតុ ជនរងគ្រោះបានស្វាងស្រា ក៏ទៅប្តឹងសមត្ថកិច្ចភ្លាមៗផងដែរ ដើម្បីឲ្យសមត្ថកិច្ចឃាត់ជនសង្ស័យខាងលើមកសួរនាំ ។
ក្រោយពេលកើតហេតុរយៈពេល៤ថ្ងៃទៅហើយ ជនរងគ្រោះនៅតែឃើញជនសង្ស័យដើរហើរធម្មតា ហើយពេលសួរនាំដូចមិនដឹងរឿងអ្វីសោះ ជនរងគ្រោះក៏បានទៅប៉ុស្តិ៍នគរបាលម្តងទៀត ដើម្បីសួរនាំសំណុំរឿងខាងលើ ទើបនៅម៉ោង៦ល្ងាច ថ្ងៃទី២៧ ខែមករា សមត្ថកិច្ចចុះទៅអន្តរាគមន៍ឃាត់ជនសង្ស័យមកប៉ុស្តិ៍នគរបាលភ្លាមៗផងដែរ ។
ក្រោយពេលឃាត់ខ្លួនជនសង្ស័យខាងលើហើយ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍កំពុងកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនីតិវិធី ៕ សុខាសែនជ័យ