គ្រោះទឹកជំនន់បណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងនៅក្នុងប្រទេសប្រេស៊ីល បណ្តាលឲ្យមានអ្នកស្លាប់កើនឡើងដល់ទៅ៥៨នាក់ហើយ និងពលរដ្ឋជាង ៤ម៉ឺននាក់ត្រូវជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព ។
ចាប់តាំងពីចុងសប្តាហ៍កន្លងមក ភ្លៀងបានធ្លាក់ខ្លាំងនៅភាគអាគ្នេយ៍ក្នុងប្រទេសប្រេស៊ីល ជាពិសេសនៅក្នុងរដ្ឋ Rio de Janeiro, រដ្ឋ Minas Gerais និងរដ្ឋ Espirito Santo ។ ភ្លៀងខ្លាំងក្នុងតំបន់ទាំងនេះ បង្កជាទឹកជំនន់ និងបំណាក់ដីធ្ងន់ធ្ងរ សម្លាប់មនុស្សជាបន្តបន្ទាប់ ។
ភ្នាក់ងារការពារជនស៊ីវិលរបស់ប្រេស៊ីលបញ្ជាក់ថា នៅក្នុងរដ្ឋ Minas Gerais តែមួយ ជនរងគ្រោះបាត់បង់ជីវិតកើនឡើងរហូតដល់៤៧នាក់ ខណៈ៤នាក់នៅបាត់ខ្លួន និង៦៥នាក់ផ្សេងទៀតបានរងរបួស ។
ទីក្រុងយ៉ាងតិច ១០១ នៅក្នុងតំបន់ត្រូវបានប្រកាសអាសន្ន ក្រោយពីមនុស្ស ១៤ ៦០៩ នាក់បានភៀសខ្លួនចេញពីលំនៅឋានដោយទឹកជំនន់, មនុស្សប្រហែល ៣ ៣៨៩នាក់ផ្សេងទៀត គ្មានផ្ទះសម្បែងស្នាក់អាស្រ័យនោះឡើយ ។
នៅក្នុងរដ្ឋធានីនៃខេត្ត Belo Horizonte មនុស្ស១៣នាក់បានស្លាប់ ភាគច្រើនបណ្តាលមកពីបំណាក់ដីសង្កត់លើ ។ នៅរដ្ឋ Espirito Santo គ្រោះធម្មជាតិនេះបណ្តាលឲ្យស្លាប់មនុស្ស៩នាក់ ចំណែកនៅរដ្ឋ Rio de Janeiro ស្លាប់មនុស្ស២នាក់បន្ថែមទៀត ៕