ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិក​គ្រោងបិទជើងហោះហើរ​ទាំងអស់​ជាមួយចិន

ចែករំលែក៖

ប្រភពព័ត៌មាន​បានផ្សាយថា រដ្ឋបាលសហរដ្ឋអាមេរិក បូករួមជាមួយអាជ្ញាធរសុខាភិបាល​បាននិងកំពុងពិចារណា​បិទជើងហោះហើរ​ទាំងឡាយ ចេញ ចូល រវាងប្រទេសចិន និងសហរដ្ឋអាមេរិក ដើម្បីទប់ស្កាត់​បង្ការជំងឺកូរ៉ូណា​ដែលកំពុងឆ្លងរាលដាលខ្លាំងនោះ ។

រដ្ឋបាល​របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ និងមន្ត្រីសុខាភិបាល​សហរដ្ឋអាមេរិក​ត្រូវបានរាយការណ៍ថា កំពុងពិចារណា​វិធានការ​ទាំងឡាយ​ដើម្បីទប់ស្កាត់​​មហន្តរាយ​នៃជំងឺដ៏រាតត្បាត​កូរ៉ូណា​នៅចិន ដែលបានឆ្លង​ជាង​៦ពាន់នាក់នៅ​ជុំវិញពិភពលោក និងសម្លាប់​មនុស្សអស់​១៣២នាក់​នៅចិន ។

វិធានការ​មួយ​អាច​អនុវត្ត​ឡើង​នោះ គឺជើងហោះហើរ​ទាំងឡាយ​រវាង​សហរដ្ឋអាមេរិក និងចិន គឺទាំងទៅ និងត្រឡប់មកវិញ​ផងដែរ អាចត្រូវបានផ្អាក​ទាំងអស់ ក៏ដូច​ជាការផ្អាកជើងហោះ​ហើរ​ពីប្រទេស​តំបន់អាស៊ី​ចូល​មកកាន់ទឹកដីសហរដ្ឋអាមេរិកផងដែរ ។ នេះបើតាមការផ្សាយ​របស់ទីភ្នាក់ងារព័ត៌មាន CNBC ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ។

ប្រភពរ៉យទ័រ​ដកស្រង់​ប្រភព​មន្ត្រីសេតវិមាន​បញ្ជាក់ថា វិធានការទាំងឡាយ​ទៅលើវីរុស​នេះ កំពុងស្ថិតនៅលើតុ ហើយជម្រើស​ណាមួយអាចនឹងជ្រើសរើស ក្នុងនោះ​មានការហាមឃាត់​ជើងហើរបណ្ណោះអាសន្ន​ផងដែរ ។ ប៉ុន្តែ​ទោះបីយ៉ាងណា នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ រដ្ឋបាលលោកដូណាល់ ត្រាំ នៅមិនទាន់ផ្អាកជើងហោះពីចិន​ទៅកាន់​ទឹកដីអាមេរិកនៅឡើយទេ ។

ដំណាលពេលជាមួយគ្នានេះដែរ អាកាសចរណ៍​អាមេរិក​បានប្រកាសថា ខ្លួនអាចលុបចោលជើងហោះហើររាប់សិបជើង​នៅក្នុងខែកុម្ភៈ ឆ្នាំ២០២០​ពីទីក្រុងហុងកុង និងចិនដីគោក​ ខណៈដែល​ជំងឺ​សម្លាប់​មនុស្ស​កាន់តែរាលដាល​ដ៏អាក្រក់បំផុតនោះ ៕


ចែករំលែក៖