ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យកូរ៉េខាងជើងសាកល្បង បរមាណូជាថ្មីបង្កឲ្យរញ្ជួយដី

ចែករំលែក៖

ការរញ្ជួយដីកកម្រិតស្រាល​នៅកូរ៉េខាងជើង​នាព្រឹកថ្ងៃទី​២៩ ខែមករា បង្កឲ្យមានការសង្ស័យថា ​កូរ៉េខាងជើង បានសាកល្បងគ្រាប់បែកបរមាណូ​ជាថ្មី​ និងជាការសាកល្បងលើកទី​៦​ ក្រោយកិច្ចពិភាក្សាជាមួយអាមេរិកបរាជ័យ ។ ​ការរញ្ជួយដីនាពេលនេះបានធ្វើគេនឹកឃើញដល់ការរញ្ជួយដីកាលពី ខែកញ្ញាឆ្នាំ​២០១៧ ដេលពេលនោះកូរ៉េខាងជើង បានសាកល្បងគ្រាប់បែកបរមាណូ ហីដ្រូសែន​ ជាលើក ដំបូង​និង ជាលើកទី​៦​ក្នុងប្រទេសនេះ ។

ការរញ្ជួយដី​ពេលនេះ​ទំហំ២.៥រ៉ិចទ័រ​ បានកើតឡើង​នៅវេលាម៉ោង៩និង៣៣នាទី​ព្រឹក (ម៉ោងនៅក្នុងតំបន់) ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ស្ថិតនៅខេត្ត Hamgyong ទីតាំងដែល​កូរ៉េខាងជើង​បាន​ប្រកាសបិទ​កន្លែង​សាកល្បងគ្រាប់បែក​នុយក្លេអ៊ែរ Punggye-ri កាលពីពេលកន្លងមក ។ នេះបើតាមភ្នាក់ងារឧតុនិយម​របស់កូរ៉េខាងត្បូង ត្រូវបានប្រភពរ៉យទ័រ​ដកស្រង់ចុះផ្សាយ ។

សេចក្តីថ្លែងការណ៍​របស់រដ្ឋបាលឧតុនិយមកូរ៉េខាងត្បូង​បញ្ជាក់ថា «វាជាការរញ្ជួយដីធម្មជាតិ ដែលហាក់ដូចបណ្តាល​មកពីការសាកល្បង​គ្រាប់បែក​នុយក្លេអ៊ែរ ដូចកាលសាកល្បង​នុយក្លេអ៊ែរ​លើកទី៦» ។ ទីកន្លែង​រញ្ជួយដីនោះ នៅប្រហែល​៣គីឡូម៉ែត្រ ភាគអាគ្នេយ៍​ ទីតាំងសាកល្បង​គ្រាប់បែកនុយក្លេអ៊ែរ​គ្រាប់ទី៦របស់កូរ៉េខាងជើង ។

គួរបញ្ជាក់ថា តំបន់ Punggye-ri ត្រូវបានស្គាល់ថា ជាទីកន្លែងដែលកូរ៉េខាងជើងប្រើប្រាស់​សម្រាប់សាកល្បង​អាវុធនុយក្លេអ៊ែរ ។ កូរ៉េខាងជើង​ធ្លាប់បានសាកល្បង​គ្រាប់បែកនុយក្លេអ៊ែរ​៦លើកមកហើយ ​ចាប់ពី ខែតុលា​ ឆ្នាំ២០០៦ រហូតដល់ ខែកញ្ញា ឆ្នាំ២០១៧ ។

គ្រាប់បែកបរមាណូសាកល្បង​កាលពីឆ្នាំ២០១៧ ត្រូវកូរ៉េខាងជើងអួតថា មានសមត្ថភាព និងកម្លាំងខ្លាំងលើសរាប់សិបដង​​ទៅនឹងគ្រាប់បែក​នុយក្លេអ៊ែរ​ដែលខ្លួនបានសាកល្បង​កាលពីប៉ុន្មានលើកមុនៗនោះ ។

អ្នកជំនាញខ្លះនិយាយថា មិនមានជាការរញ្ជួយដី​នោះទេ ប៉ុន្តែ​វាបណ្តាលមកពីការសាកល្បងគ្រាប់បែក​នុយក្លេអ៊ែរ​ គឺគ្រាប់បែក​បរមាណូ ប្រភេទដូចគ្រាប់បែក​នុយក្លេអ៊ែរដែលកូរ៉េខាងជើងបានសាកល្បង​កាលពី ខែកញ្ញា ឆ្នាំ២០១៧​​នោះអីចឹងដែរ ៕


ចែករំលែក៖