សារព័ត៌មាន Aljazeeraដកស្រង់ចុះផ្សាយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ដោយបានដកស្រង់ប្រភពព័ត៌មានពីកម្លាំងទាហានអាមេរិកនៅក្នុងប្រទេសអាហ្វហ្គានីស្ថានបានបញ្ជាកថា ការទម្លាក់គ្រាប់បែក នៅលើទឹកដីអាហ្វហ្គានីស្ថានកើនឡើងខ្ពស់ ។
តាមរបាយការណ៍របស់ បញ្ជាការដ្ឋានកងទ័ពជើងអាកាសអាមេរិក AFCENT កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ បានបញ្ជាក់ថា អាមេរិកបានទម្លាក់គ្រាប់បែកចំនួន ៧ ៤២៣គ្រាប់ គោលដៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ប្រឆាំងទៅលើក្រុមឧទ្ទាមតាលីបង់ ក្នុងឆ្នាំ២០១៩ គឺកើនឡើងជាងកាលពីឆ្នាំ២០១៨ ដែលមានតែ ៧ ៣៦២ គ្រាប់ ។
ក្នុងឆ្នាំ២០០៩ ក្រោមអំណាចរដ្ឋបាលអាមេរិករបស់លោក បារ៉ាក់ អូបាម៉ា ការទម្លាក់គ្រាប់បែកនៅលើទឹកដីអាហ្វហ្គានីស្ថានប្រឆាំងទៅលើក្រុមតាលីបង់ មានតែ៤ ១៤៧គ្រាប់ប៉ុណ្ណោះ ។ លុះមកដល់រដ្ឋបាលអាមេរិកក្រោមការដឹកនាំរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ឡើងកាន់តំណែងឆ្នាំ២០១៦មកដល់បចុច្បន្ននេះវិញ ការទម្លាក់គ្រាប់បែកនៅលើទឹកដីអាហ្វហ្គានីស្ថាន មានការកើនឡើង ។
អង្គការសហប្រជាជាតិ និងអង្គការសិទ្ធិមនុស្សបានព្រួយបារម្ភចំពោះកំណើនទម្លាក់គ្រាប់បែកនៅទូទាំងទឹកដីអាហ្វហ្គានីស្ថាន ដោយកងកម្លាំងអាមេរិក និងកងកម្លាំងរដ្ឋាភិបាល ដែលលទ្ធផលធ្វើឲ្យជនស៊ីវិលបាត់បង់ជីវិតកាន់តែច្រើនឡើង ។
សង្គ្រាមប្រឆាំងភេរវកម្មរបស់អាមេរិកនៅអាហ្វហ្គានីស្ថាន ចាប់ផ្តើមឡើងពីឆ្នាំ២០០១រហូតមកដល់ពេលបច្ចុប្បន្ននេះ មានរយៈពេល១៨ឆ្នាំហើយ ក្នុងនោះបើតាមប្រភពដែលបានចុះបញ្ជីថា បានសម្លាប់មនុស្សជាង ៣១ ០០០នាក់ និង២៩ ៩០០នាក់រងរបួស ៕