ខេត្តមណ្ឌលគិរី ÷ នៅព្រឹកថ្ងៃពុធ ៥កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានទទួលជួបសំណេះសំណាល និងចែករំលែកបទពិសោធន៍ការងារគ្រប់គ្រងតំបន់ការពារធម្មជាតិ នៅក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី ក្នុងដំណើរទស្សនកិច្ចសិក្សារបស់ប្រតិភូក្រុមការងារនាយកដ្ឋានព្រៃឈើ ប្រទេសមីយ៉ាន់ម៉ា មកកាន់ខេត្តមណ្ឌលគិរី ក្នុងគោលបំណងជួបពិភាក្សា ចែករំលែក និងផ្លាស់ប្ដូរបទពិសោធន៍នៃការងារគ្រប់គ្រង និងអភិរក្សជីវៈចម្រុះរវាងគ្នាទៅវិញទៅមក។
នៅក្នុងដំណើរទស្សនកិច្ចសិក្សា និងការជួបសំណេះសំណាលនេះ ក៏មានការធ្វើបទបង្ហាញរបស់ការិយាល័យដែនជម្រកសត្វព្រៃកែវសីមា និងការទស្សនាតំបន់ទេសចរណ៍ធម្មជាតិនៅសហគមន៍អណ្ដូងក្រឡឹង នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា និងតំបន់អភិរក្សដទៃទៀត ដើម្បីស្វែងយល់អំពីការងារគ្រប់គ្រងនិងអភិរក្សជីវៈចម្រុះនៃខេត្តមណ្ឌលគិរី៕