ខេត្តព្រះសីហនុ៖ នគរបាលចាប់ខ្លួនជនជាតិចិន២នាក់ ប៉ុនប៉ងចេញ ធ្វើសកម្មភាពប្លន់ប្រដាប់អាវុធ និងចាប់ជំរិត កាលពីយប់ទៀបភ្លឺថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២០ ពេលកម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌកំពុងល្បាតនៅចំណុចអូរ៥ ស្ថិតនៅ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ។
សមត្ថកិច្ចបញ្ជាក់ថា ជនសង្សយ័ជិះរថយន្ត ០១គ្រឿង ម៉ាក HighLander ពណ៌សំបកឪឡឹក ពាក់ស្លាកលេខខាងមុខ ព្រៃវែង 2A-0718 ចំណែកខាងក្រោយគ្មានស្លាកលេខ ពេលកម្លាំងសមត្ថកិច្ចឃាត់ដើម្បីត្រួតពិនិត្យ ស្រាប់តែរថយន្តនោះមិនព្រមឈប់ហើយបើកគេចយ៉ាងលឿន ។ បន្ទាប់មកកម្លាំងសមត្ថកិច្ចក៏បានប្រដេញតាមចាប់រហូតដល់ចំណុចផ្លូវអូរ៣ ស្ថិតនៅ ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ទើបស្ទាក់ឃាត់បាន ក្នុងនោះភ្លាមៗ មានជនជាតិចិនចំនួន ០៣នាក់ បានបើកទ្វាររថយន្តរត់គេចខ្លួន ហើយសមត្ថកិច្ចបានស្ទាក់ឃាត់ខ្លួនបាន ០២នាក់ ចំណែក ០១នាក់ ទៀតបានរត់គេចខ្លួនបាត់ ។
នៅក្នុងរថយន្តឃើញមាន ស្លាកលេខចំនួន ២សន្លឹក (ភ្នំពេញ 2A-6150), ដំបងឆក់ ១ដើម , ទូរស័ព្ទដៃ ចំនួន ៤គ្រឿង, ខ្នោះដៃចំនួន ៤គូរ , កូនសោរខ្នោះ ចំនួន ៤ និង កាំភ្លើង ១ដើម ម៉ាក K-54 ពណ៌ខ្មៅ និងសម្ភារៈផ្សេងៗមួយចំនួនទៀត ។
ជនសង្ស័យ ឈ្មោះ CHEN PAN YU ភេទប្រុស អាយុ ២៨ ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិ ៥ សង្កាត់ ៤ ក្រុង-ខេត្តព្រះសីហនុ និងឈ្មោះ ZHANG CHONG HUI ភេទប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិ ៥ សង្កាត់ ៤ ក្រុង-ខេត្តព្រះសីហនុ ។
ករណីនេះ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿង សញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមផ្លូវច្បាប់ រីឯជនសង្ស័យដែលរត់គេចខ្លួន កម្លាំងជំនាញរបស់យើង កំពុងស្វែងរកចាប់ខ្លួន ។
ក្នុងឱកាសនេះដែរ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សូមឲ្យបងប្អូនប្រជាពលរដ្ឋ ជួយផ្តល់ដំណឹងមកប្រព័ន្ធទាន់ហេតុការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលមានលេខៈ 097 778 0008 , 031 374 9848 , 011 506 677 នៅពេលដែលប្រទះឃើញរថយន្តទាំងឡាយណាដែលមិនប្រក្រតី ដូចជា រថយន្តគ្មានស្លាកលេខ , មានស្នាមដោះស្លាកលេខ , ស្លាកលេខមានតែខាងមុខ អត់មានខាងក្រោយ ,ស្លាកលេខមានតែខាងក្រោយ អត់មានខាងមុខ , ស្លាកលេខខាងមុខ និងខាងក្រោយខុសគ្នា , រថយន្តដែលយកថង់ ស្កុត ក្រណាត់ បិទបាំងស្លាកលេខ ឬស្លាកលេខបិទស្កុត ជាដើម ៕ ឆ្លាម សមុទ្រ