ព័ត៌មានទាន់ហេតុការណ៍៖

ចោរមួយក្រុមបន្លំចូលផ្ទះវីង យកលុយអស់ជាង១មុឺនដុល្លារក្នុងក្រុងស្ទឹងត្រែង គេចខ្លួនសុវត្ថិភាព

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ ចោរមួយក្រុមឈប់ម៉ូតូចូលប្រមូលលុយអស់ជាងមួយមុឺនដុល្លារ នៅផ្ទះប្តូរប្រាក់វីងមួយកន្លែងស្ថិតក្នុងភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែវ ក្រុង ស្ទឹងត្រែង ខេត្តស្ទឹងត្រែង កាលពីវេលាម៉ោងជាង៨ព្រឹក ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ។

ក្រោយពីកើតហេតុម្ចាស់ផ្ទះប្តូរប្រាក់បានរាយការណ៍ទៅសមត្ថកិច្ច នៅក្នុងរូបវិដេអូកាមេរ៉ាសុវត្ថិភាព មើលឃើញថា មានមនុស្សវ័យជំទង់ពីរនាក់ បានជិះម៉ូតូទៅឈប់មុខផ្ទះវីង ប្តូរប្រាក់នៅទីតាំងខាងលើ ហើយមានម្នាក់ឈប់ម៉ូតូធ្វើជានិយាយទិញកាតទូរស័ព្ទជាមួយម្ចាស់ផ្ទះ ។ រីឯមនុស្សម្នាក់ទៀតដើរសំដៅទៅកន្លែងទុកលុយហើយប្រមូលយករួចក៏ដើរចេញមកវិញ ។

ស្រ្តីជាម្ចាស់ផ្ទះមិនបានចាប់អារម្មណ៍ទៅនឹងល្បិចចោរនោះឡើយ ។ លុះពេលបាត់លុយ ពិនិត្យមើលកាមេរ៉ាសុវត្ថិភាពទើបដឹងថា មានចោរមួយក្រុមបន្លំយកលុយ ។

សមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត តាមការសន្និដ្ឋានថា ទំនងចោរមានគ្នាចាប់ពីរនាក់ឡើង ហើយរូបភាពវីដេអូនេះ ឃើញម្នាក់ធ្វើជានិយាយជាមួយម្ចាស់ផ្ទះ ។ ឯម្នាក់ទៀតដើរចូលទៅប្រមូលយកលុយរួចនាំគ្នាគេចខ្លួនអស់ ។

បច្ចុប្បន្នសមត្ថកិច្ចកំពុងតាមដាន និងស្រាវជ្រាវ តាមរូបភាពកាម៉េរាសុវត្ថិភាព និងដាក់កម្លាំងបង្កប់តាមចំណុច ដើម្បីស៊ើបរកមុខសញ្ញាក្រុមចោរលួចទាំងនេះ យកមកដាក់ទោសតាមច្បាប់ ឲ្យខាងតែបាន ៕ មាស សុផាត


ចែករំលែក៖