ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បង្ក្រាបបទល្មើសគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ១៣នាក់

ចែករំលែក៖

ខេត្តកំពង់ធំ៖ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ លោកវរសេនីយ៍ឯក ងួន ហ៊ាង នាយការិយាល័យប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ សហការជាមួយមន្ត្រីនគរបាលអធិការដ្ឋាននគរបាលស្រុកស្ទោង ចេញប្រតិបត្តិការ បង្រ្កាប ករណី ជួញដូរថ្នាំញៀនចំនួន០១ករណី ស្ថិតនៅចំណុចវត្តស្រីទូល ភូមិ អំបិល ឃុំ សំព្រោច ស្រុកស្ទោង ខេត្តកំពង់ធំ ។

ប្រតិបត្តិការនេះធ្វើឡើងថ្ងៃ ៣០ មករា ២០២០ ឃាត់ខ្លួនជនសង្ស័យ ១៣ នាក់ ក្នុងនោះមេក្លោងជួញដូរថ្នាំញៀនចំនួន ០២នាក់ និង ១១ នាក់ ជាអ្នកប្រើប្រាស់ ដកហូតបានម្សៅក្រាមពណ៍ស ថ្លា សង្ស័យជាសារធាតុញៀនខុសច្បាប់ចំនួន ០៥ កញ្ចប់ ។

បច្ចុប្បន្ន កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បាននាំខ្លួនជនសង្ស័យ រួមទាំងវត្ថុតាង មកការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដើម្បីកសាងនីតិវិធី ចាត់ការបន្ត ។

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ បានថ្លែងអំណរគុណ ដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមសហការណ៍ ជាមួយសមត្ថកិច្ច ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ដើម្បីសមត្ថកិច្ច មានមូលដ្ឋាន បង្ក្រាបបានទាន់ពេលវេលាយ៉ាងមានប្រសិទ្ធភាពខ្ពស់ និងសំណូមពរ ដល់អាណាព្យាបាល សូមយកចិត្តទុកដាក់ត្រួតពិនិត្យរាល់សកម្មភាព របស់បុត្រាបុត្រី របស់ខ្លួន នៅពេលដែលមានសកម្មភាព អប្បកិរិយាប្រែប្រួល ខុសប្រក្រតី ជួនកាលអាចសេពគប់ធ្លាក់ចូលជាមួយមុខសញ្ញាប្រើប្រាស់ ជួញដូរសារធាតុញៀនខុសច្បាប់ ។

បើសិនជាអស់លោក អាណាព្យាបាលមានការសង្ស័យ ជាមួយបុត្រាបុត្រី ប្រើប្រាស់សារធាតុញៀនខុសច្បាប់ សូមទំនាក់ទំនងជាមួយមន្ត្រីជំនាញនៅមូលដ្ឋាន ឬអាចមកទំនាក់ទំនងជាមួយមន្រី្តជំនាញ ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដើម្បីស្វែងរកសារធាតុញៀនខុសច្បាប់ ដើម្បីអោយដឹងពីលទ្ធផលជាក់ច្បាស់ បើសិនជាបុត្រាបុត្រីមានផ្ទុកសារធាតុញៀនខុសច្បាប់ អាចសហការជាមួយសមត្ថកិច្ច យកសមាជិកក្នុងគ្រួសារទៅទីកន្លែងផ្ដល់សេវា បន្សាបសារធាតុញៀន ៕ ប៊ុនរិទ្ធី


ចែករំលែក៖