ព័ត៌មានទាន់ហេតុការណ៍៖

លោក សរ សុដានី បន្តដឹកនាំកម្លាំងចម្រុះចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងពិនិត្យឆែកអាវុធជាតិផ្ទុះ គ្រឿងញៀន វាស់ជាតិអាកុលក្រុងស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ នៅយប់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០លោក សរ សុដានី អភិបាលរងតំណាងលោកអភិបាលក្រុងស្វាយរៀង បានដឹកនាំកម្លាំងចម្រុះចុះត្រួតពិនិត្យឆែកអាវុធជាតិផ្ទុះ គ្រឿងញៀន វាស់ជាតិអាកុល និងអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក នៅចំណុចក្នុងភូមិព្រះទន្លេ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

លោក សរ សុដានី អភិបាលរងក្រុងស្វាយរៀងបានឲ្យដឹងថា ក្នុងនាមតំណាងលោកអភិបាលក្រុងដែលជាប្រធាន គណ:បញ្ជាការឯកភាពរដ្ឋបាលក្រុង តែងតែដឹកនាំកម្លាំងចុះត្រួតពិនិត្យបង្រ្កាបទប់ស្កាត់បទល្មើសនៅតាមបណ្តោយផ្លូវសំខាន់ៗមួយចំនួន ទៅតាមគោលដៅដែលបានកំណត់ ជាពិសេសមានលោកអធិការដ្ឋាននគរបាលក្រុង និងមន្ត្រីកងរាជអាវុធហត្ថក្រុង និងប្រជាការពារបានដាក់កម្លាំងជិះល្បាត ២៤ម៉ោង នៅក្នុងភូមិសាស្ត្រក្នុងក្រុង ដើម្បីត្រួតពិនិត្យ ការពារសន្តិសុខ សុវត្ថិភាព និងបង្រ្កាបរាល់បទល្មើសៗផ្សេងៗ ។

ចំពោះការអនុវត្តន៍រឹតបន្តឹងនូវច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាកុលអាវុធជាតិផ្ទុះគ្រឿងញៀនគឺធ្វើជាប្រចាំ ដូចភ្លៀងរលឹមនៅតាមដងផ្លូវនានាក្នុងមូលដ្ឋាន ហើយការចុះត្រួតពិនិត្យនាពេលកន្លងមកទោះបីជាសមត្ថកិច្ចខំប្រឹងប្រែងអនុវត្តរឹតច្បាប់ចរាចរណ៍យ៉ាងណា ពួកគាត់នៅមិនសូវភ្ញាក់រលឹកគោរពតាមច្បាប់ចរាចរណ៍មិនតែប៉ុណ្ណោះ លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា ខណៈអាយុជីវិតបងប្អូនគឺបងប្អូនជាអ្នកការពារដូចពាក្យស្លោក ថ្ងៃនេះថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ដោយរូបលោក បានត្រឹមក្រើនរំលឹក និង អនុវត្តច្បាប់បណ្ណោះ និងសូមជូនពរបងប្អូនធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព ។

សូមបញ្ជាក់ថា យោងតាមសភាពការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឆ្នាំ ២០១៩កន្លងទៅនេះ បានបង្ហាញឲ្យឃើញថា គ្រោះថ្នាក់ចរាចរណ៍មានកំណើនយ៉ាងគំហុក ទាំងស្លាប់ ទាំងរបួស និងការខូចខាចទ្រព្យសម្បត្តិសាធារណៈ ទ្រព្យសម្បត្តិឯកជន បើប្រៀបធៀបនឹងឆ្នាំ២០១៨ ។ ជាក់ស្តែង អ្នកស្លាប់ កើនឡើងចំនួន ២២០នាក់ ស្មើនឹង១២ភាគរយ និងអ្នករបួសកើនឡើងចំនួន ១.៣៧១នាក់ ស្មើនឹង២៩ភាគរយ ៕ យឹម សុថាន


ចែករំលែក៖