ខេត្តសៀមរាប៖ កាលពីវេលាម៉ោង១៦ និង៣៥នាទីរសៀល ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ មានករណីភ្លើងឆេះព្រៃនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ស្ថិតនៅក្នុងភូមិសាស្ត្រភូមិ អញ្ចាញ សង្កាត់នគរធំ ក្រុងខេត្តសៀមរាប ដោយជនមិនស្គាល់មុខបានលបលួចដុតបណ្តាលឲ្យមានការភ្ញាក់ផ្អើល ដល់កម្លាំងសមត្ថកិច្ច និងអាជ្ញាធរអប្សរាបានបញ្ជារថយន្ត ពន្លត់អគ្គិភ័យ ចុះមកជួយអន្តរាគមន៍បានទាន់ពេលវេលាធ្វើមិនឲ្យឆេះរាលដាលដល់ ផ្ទះប្រជាពលរដ្ឋនៅក្នុងតំបន់នោះ ។
ក្នុងការចុះជួយអន្តរាគមន៍ពន្លត់ភ្លើងឆេះព្រៃក្នុងតំបន់រមណីយដ្ឋានអង្គរ នាពេលនេះដោយបានប្រើប្រាស់រថយន្តចំនួន ៣គ្រឿងក្នុងនោះរថយន្ត ពន្លត់អគ្គិភ័យរបស់អាជ្ញាធរអប្សរា២គ្រឿងស្នងការដ្ឋាននគរបាលខេត្ត១គ្រឿង ។ ក្នុងនោះដែរ ក៏មានការចូលរួមពីបងប្អូនប្រជាពលរដ្ឋបាន វាយពន្លត់កាត់មុខភ្លើងកុំឲ្យឆេះរាលដាលបន្តទៅដល់ផ្ទះប្រជាពលរដ្ឋ និងឆេះបំផ្លាញព្រៃទៀតផង ។
ក្នុងការពន្លត់ភ្លើងនាឱកាសនោះ ដោយបានបាញ់ទឹកពន្លត់អស់មួយ រថយន្តរបស់អាជ្ញាធរអប្សរាហើយបានគ្រប់គ្រងទាំងស្រុងនៅវេលាម៉ោង១៧ ថ្ងៃដដែល ។
តាមការបញ្ជាក់របស់លោកមេភូមិអញ្ចាញបានឲ្យដឹងថា នៅជារៀងរាល់ឆ្នាំការលបលួចដុតព្រៃនៅក្នុងតំបន់រមណីយដ្ឋានអង្គរនេះគឺមានជារឿយៗសំខាន់ចំពោះម្ចាស់កាន់កាប់ដីនៅក្នុងតំបន់នេះតែម្តងដោយរដូវ នេះជារដូវក្តៅស្ងួតដែលបង្កភាពងាយស្រួលដល់ជនល្មើសធ្វើសកម្មភាពដុតផងដែរ ។
តាមការវាយតម្លៃរបស់មន្ត្រីអប្សរាបានឲ្យដឹងថា ការឆេះព្រៃក្នុងតំបន់រមណីយដ្ឋានអង្គរនេះគឺឆេះព្រៃរបស់ និងស្មៅតែ បានរាលដាលទៅឆេះព្រៃក្រាសៗដែលត្រូវបានអភិរក្ស ។ ម្យ៉ាងទៀតតំបន់ដែលឆេះនេះគឺជាដីដែលអាជ្ញាធរអប្សរាអភិរក្សព្រៃឈើដោយបានដាំដុះស្ការឡើងវិញនៅតាមតំបន់ព្រៃរីករឹលដែល ក្រុមជនល្មើសបានកាប់ទន្ទ្រានព្រៃយកដីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ៕ ប៊ុនរិទ្ធី