ព័ត៌មានទាន់ហេតុការណ៍៖

ជប៉ុនរកឃើញ​វីរុសកូរ៉ូណាលើអ្នកដំណើរ ១០ នាក់ នៅលើកប៉ាល់ Diamond Princess

ចែករំលែក៖

ក្រសួង​សុខាភិបាល​របស់ប្រទេសជប៉ុន​​បានចេញសេចក្តីថ្លែងការណ៍​មួយ​កាលពីពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ថា មនុស្សយ៉ាងតិច​១០នាក់​បានឆ្លង​វីរុស​កូរ៉ូណា បន្ទាប់ពីការធ្វើតេស្តរកវីរុស​លើអ្នកដំណើរ​នៅលើកប៉ាល់ Diamond Princess​​ ។

លោក Katsunobu Kato រដ្ឋមន្ត្រីក្រសួងសុខាភិបាល​បានបញ្ជាក់ថា ក្រោយលទ្ធផលធ្វើតេស្ត គឺអ្នកដំណើរ​ចំនួន​១០នាក់​ នៅលើកប៉ាល់​ដឹកអ្នកដំណើរនេះ ​មានផ្ទុកវីរុសកូរ៉ូណាថ្មី (2019-nCoV)។ អ្នកដែលវិជ្ជមានវីរុសនេះ ត្រូវបាន​នាំយកទៅកាន់​មន្ទីរពេទ្យ ដោយមានកិច្ចសហការពី​ឆ្មាំការពារដែនសមុទ្រ​ជប៉ុនផងដែរ ។

លោកបញ្ជាក់ថា អ្នកដំណើរផ្សេងទៀតនៅលើកប៉ាល់នេះ តម្រូវឲ្យ​បន្តស្ថិតនៅលើកប៉ាល់​​ Diamond Princess ហើយស្ថិតនៅឆ្ងាយដាច់ពីគេឯង​រយៈពេល​១៤ថ្ងៃជាកំហិត ។ ​ រយៈពេលប៉ុណ្ណេះ ក្រុមវេជ្ជសាស្ត្រអះអាងថា មេរោគមិនអាចភ្ញាស់​ពូជពង្សចម្លងបានទៀតទេ ។

គួរបញ្ជាក់ថា ជប៉ុន​បានឃាត់​កប៉ាល់មួយគ្រឿង ​ដឹកអ្នកដំណើរ និងនាវិកសរុប​ ៣ ៧១១នាក់ ដាក់ឲ្យនៅឆ្ងាយដាច់ដោយឡែកពីគេឯង ដើម្បីធ្វើតេស្ដរកវីរុសកូរ៉ូណាថ្មី (2019-nCoV)កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ បន្ទាប់ពីអ្នកដំណើរនៅលើកប៉ាល់នោះម្នាក់ ដែលបានចេញដំណើរពីទីក្រុងហុងកុង បានពិនិត្យឃើញថា មានផ្ទុកជំងឺរលាកសួតថ្មី​បង្កឡើងដោយវីរុសកូរ៉ូណា ។

កប៉ាល់ដឹកអ្នកដំណើរមួយគ្រឿងនេះ មានឈ្មោះ Diamond Princess បានចូលសំចតនៅកំពង់ផែ ទីក្រុង Yokohama ភាគខាងត្បូងទីក្រុងតូក្យូ កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០ ដើម្បីត្រួតពិនិត្យសុខភាពអ្នកដំណើរ និងសមាជិកនាវិក ។ ការត្រួតពិនិត្យនេះធ្វើឡើង ក្រោយអ្នកដំណើរម្នាក់អាយុ ៨០ឆ្នាំ បានចាកចេញពីទីក្រុងហុងកុង កាលពីថ្ងៃទី២៥ ខែមករា រកឃើញថា បានឆ្លងវីរុសកូរ៉ូណា ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ ជំងឺរលាកសួតថ្មីបង្កឡើងដោយវីរុសកូរ៉ូណា (2019-nCoV) បានសម្លាប់មនុស្សកើនឡើង ​៤៩២ នាក់ និងឆ្លង​លើមនុស្សចំនួន ២៤ ៥៥១ នាក់ហើយ ព្រមទាំងឆ្លងដល់ប្រទេសចំនួន​ ២៨ នៅក្នុងតំបន់ និងជុំវិញពិភពលោក ៕


ចែករំលែក៖