គម្រោងសន្តិភាពរបស់លោក ត្រាំ ទទួលរងការថ្កោលទោសយ៉ាងខ្លាំងពីបណ្តាប្រទេសជុំវិញពិភពលោក ក្នុងនោះមានទាំង ប្រទេសដែលជាសម្ពន្ធមិត្តអឺរ៉ុបផងដែរ ។ កាលពីថ្ងៃទី៤ ខែកុម្ភៈ មន្រ្ដីជាន់ខ្ពស់អឺរ៉ុប បានច្រានចោលនូវគម្រោងរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក សម្រាប់ការថែរក្សាសន្ដិភាព នៅតំបន់មជ្ឈិមបូព៌ា ហើយបានសម្ដែងការព្រួយបារម្ភពីគម្រោងរបស់អ៊ីស្រាអែល ដាក់បញ្ជូនដែនដី មួយចំនួនរបស់ប៉ាឡេស្ទីន ទៅជាទឹកដីរបស់ខ្លួន ។
គម្រោងរបស់លោក ត្រាំ ដែលបានបង្ហាញ នៅក្នុងទីក្រុងវ៉ាស៊ីនតោន កាលពីពេលកន្លងមកនេះ អាចនឹងបង្កើតរដ្ឋប៉ាឡេស្ទីន ប៉ុន្ដែវានៅឆ្ងាយពីការទាមទាររបស់ប៉ាឡេស្ទីន ។ រីឯដែនដីនៅតំបន់ West Bank នឹងធ្លាក់ទៅក្នុងដៃរបស់អ៊ីស្រាអែល ។ បើតាមគម្រោងនេះ កម្លាំងសន្ដិសុខរបស់អ៊ីស្រាអែល អាចនឹងគ្រប់គ្រងស្ទើរទាំងស្រុងទៅលើរដ្ឋប៉ាឡេស្ទីន ដែលគ្មានកងទ័ព ។
លោក Josep Borrell ប្រធាននយោបាយការបរទេសរបស់អឺរ៉ុប បានថ្លែង កាលពីថ្ងៃទី៤ ខែកុម្ភៈ ដោយបានគូសបញ្ជាក់ការប្តេជ្ញាចិត្ត ចំពោះដំណោះស្រាយ រវាងរដ្ឋទាំងពីរ ដោយផ្អែកលើការគូសវាស នាឆ្នាំ១៩៦៧ ជាមួយនឹងលទ្ធភាព នៃការដោះដូរដី ដែលបានព្រមព្រៀងគ្នារួមមាន រដ្ឋឯករាជ្យ អធិបតេយ្យភាពរបស់ប៉ាឡេស្ទីន ។
ជាមួយគ្នានេះដែរ ប្រទេសចំនួន៥៧ ជាសមាជិកអង្គការសហប្រតិបត្ដិការអ៊ិស្លាម (OIC) ក៏បានច្រានចោលគម្រោងសន្ដិភាពរបស់អាមេរិក-អ៊ីស្រាអែល ព្រោះគម្រោងនេះ មិនមែនជាគោលបំណង និងសិទ្ធិស្របច្បាប់របស់ពលរដ្ឋប៉ាឡេស្ទីន ។ ប្រជាពលរដ្ឋប៉ាឡេស្ទីន ស្វែងរកតំបន់ West Bank និងជេរូសាឡឹម()ខាងកើត ដែលអ៊ីស្រាអែលបានចូលទៅកាន់កាប់ នៅក្នុងសង្គ្រាមអារ៉ាប់-អ៊ីស្រាអែល នាឆ្នាំ ១៩៦៧ និងការដកហូតអ្នកតាំងជម្រករបស់អ៊ីស្រាអែលជាង ៧០០.០០០ នាក់ ចេញពីតំបន់ទាំងនោះ ។
គម្រោងសន្ដិភាពរបស់មជ្ឈិមបូព៌ារបស់លោក ដូណាល់ ត្រាំ ត្រូវបានប្រជាពលរដ្ឋប៉ាឡេស្ទីន និងមេដឹកនាំប៉ាឡេស្ទីន ធ្វើបាតុកម្មប្រឆាំង ព្រោះគម្រោងនេះ នឹងផ្ដល់ផលប្រយោជន៍ដល់អ៊ីស្រាអែល អាចដាក់តំបន់មួយចំនួនរបស់ប៉ាឡេស្ទីន ទៅជាទឹកដីរបស់ខ្លួន៕