ព័ត៌មានទាន់ហេតុការណ៍៖

បង្ហាញមុខក្រុមចោរជំនាញឆក់ទ្រព្យសម្បត្តិពលរដ្ឋ៣នាក់ មុនពេលបញ្ជូនទៅតុលាការ

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានបង្ហាញមុខក្រុមចោរជំនាញឆក់ទ្រព្យសម្បត្តិពលរដ្ឋ៣នាក់ មុនបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់នេះ ពាក់ព័ន្ធករណីឆក់កាបូបយួរពីស្រ្តីបានសម្រេច ប្រព្រឹត្តិឡើងកាលពីវេលាម៉ោង៣ និង ១៥នាទីរសៀល ថ្ងៃទី១ ខែកុម្ភ: ឆ្នាំ២០២០ ត្រង់ចំណុចខាងជើងស្ថានីយប្រេងឥន្ធន:សាវីម៉ិច ផ្លូវលេខ២១៧ ភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

មន្រ្តីនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងថា កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ៣នាក់ កាលពីវេលាម៉ោង១១ និង ៣០នាទីយប់ថ្ងៃទី០២ ខែកុម្ភ: ឆ្នាំ២០២០ ត្រង់ចំណុចសួនច្បារមុខវត្តបុទុមវតី ស្ថិតសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

មន្រ្តីដដែលបន្តថា ជនសង្ស័យខាងលើនេះ៖ ១/ឈ្មោះ មួង ម៉ុច ហៅធារ៉ា ភេទប្រុស អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករផែស្ងួតតេងឡាយ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិអង្គសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ២/ឈ្មោះ ស៊ី ស៊ីដារ៉ូ ភេទប្រុស អាយុ ១៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នករាំDJ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិត្រពាំងសាលា សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ និង៣/ឈ្មោះ រូណ ភារី ហៅភ្លោះ ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិកន្ទោក សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះឈ្មោះ ជៀម សុធា ភេទស្រី អាយុ ៤៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករ រស់នៅផ្ទះលេខ៣០៤ ផ្លូវលេខ២០MC ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សម្ភារបាត់បង់៖ ក្រវិលមួយគូតម្លៃ១៣០ដុល្លារអាមេរិក ; ខ្សែកស្លាកទីននមួយខ្សែតម្លៃ៣៩០ដុល្លារអាមេរិក ; ទូរសព្ទ័ដៃចំនួន០៣គ្រឿងម៉ាក SAMSUNG ចំនួន០១គ្រឿង ម៉ាកLGចំនួន០១គ្រឿង និងម៉ាក IPHONE ចំនួន០១គ្រឿង ; ប្រាក់រៀលចំនួន១៧៥០,០០០រៀល ; អត្តសញ្ញាណបណ្ណ័មួយសន្លឹក ។

ចំណែកវត្ថុតាងចាប់យកពីជនសង្ស័យមាន៖ ម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១HQ-១៤៥៥ លេខតួនិងលេខម៉ាស៊ីន៦៣៨៨៣០៣ (របស់ជនសង្ស័យ) ; ម៉ូតូម៉ាក ហុងដាស្កុបពី ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ ១HE-៥២៧៣ លេខតួ៨១៣៤១១០ (របស់ជនសង្ស័យ) ។ ទូរសព្ទ័ដៃចំនួន០២គ្រឿងម៉ាក SAMSUNG GALAXYJ4PLUS ពណ៌ទឹកមាស និងម៉ាក IPhone6 ពណ៌ទឹកមាស (របស់ជនរងគ្រោះ) ។

ប្រភពព័ត៌មានបន្តទៀតថា កាលពីវេលាម៉ោង៣ និង ១៥នាទីរសៀល ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចខាងជើងស្ថានីយប្រេងឥន្ធន:សាវីម៉ិច ផ្លូវលេខ២១៧ ភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ គឺក្រុមជនសង្ស័យខាងលើ បានធ្វើសកម្មភាពឆក់យកកាបូបយួររបស់ជនរងគ្រោះ ហើយជិះម៉ូតូគេចបាត់ស្រមោល ។ បន្ទាប់មកជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលមូលដ្ឋាន សហការជាមួយនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវរហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់នេះ យកមកផ្ដន្ទាទោសតាមច្បាប់ ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវការិយាល័យជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ៕ ស រស្មី


ចែករំលែក៖