ភ្នំពេញ៖ ប្រជាពលរដ្ឋដែលរស់នៅក្នុងបុរីហុក ឆេង នៅវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២០ បានរាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលប៉ុស្តិ៍ដង្កោ ខណៈដែលប្រទះឃើញរថយន្តចំនួន២គ្រឿង ត្រូវជនមិនស្គាល់អត្តសញ្ញាណបើកយកមកចតទុកចោលនៅក្នុងបុរី ជាង ១ខែហើយ មិនឃើញម្ចាស់មកយកវិញនោះទេ ។
លោកវរសេនីយ៍ត្រី តុន មូនី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ បានឲ្យដឹងថា កម្លាំងជំនាញកំពុងតែជិះធ្វើការល្បាតក្នុងមូលដ្ឋាន លុះជិះមកដល់ចំណុចក្នុងបុរីហុក ឆេង ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានប្រជាពលរដ្ឋ បានមករាយការណ៍ប្រាប់សមត្ថកិច្ចថា មានរថយន្តចំនួន២គ្រឿង បានចតទុកចោលនៅក្នុងបុរី ជាងមួយខែហើយ មិនឃើញមានម្ចាស់មកយកវិញនោះទេ ។
លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ បន្តថា រថយន្តដែលត្រូវគេយកមកចតទុកចោលនោះ៖ ទី១ ;រថយន្តម៉ាក NISSAN ស៊េរី 2005 ពណ៌ប្រផេះ ផ្លាកលេខ ភ្នំពេញ 2AD-7602 បានចតទុកចោលរយ:ពេលជិត ០១ខែជាងហើយ។ និងទី២-រថយន្តម៉ាក CAMRYស៊េរី2003 ពណ៌ប្រផេះ ផ្លាកលេខ ភ្នំពេញ 2R-5952 បានចតទុកចោលរយ:ពេល ០៧ថ្ងៃហើយនៅក្នុងបុរីហុក ឆេង នេះ ។
ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងសមត្ថកិច្ច បានចុះសាកសួរអ្នកជិតខាងនៅក្នុងបុរី ហើយពុំមានអ្នកណាបានដឹង និងស្គាល់ម្ចាស់រថយន្ដឡើយ ទើបកម្លាំងបានសហការជាមួយលោកមេភូមិម័ល និងមេការបុរីហុក ឆេង ព្រមទាំងធ្វើកំណត់ហេតុចាប់យករថយន្តទាំង ២គ្រឿងខាងលើ យកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ រង់ចាំម្ចាស់រថយន្ដដែលមានឯកសារគ្រប់គ្រាន់មកទទួលយកវិញ ។
សមត្ថកិច្ចក៏បានអំពាវនាវសាធារណៈថា ប្រសិនបើបងប្អូនប្រជាពលរដ្ឋណា បានដឹងឬបានស្គាល់ម្ចាស់រថយន្ដនេះ ឬម្ចាស់ដើមបានដឹង សូមទំនាក់ទំនងមកលេខទូរស័ព្ទ ០១២ ៧២៧ ៣៥៨ ដើម្បីមកទទួលយករថយន្ដខាងលើវិញ៕ស តារា