ខេត្តស្ទឹងត្រែង៖ ពលរដ្ឋ១៧៦គ្រួសារ បាននាំគ្នាមករុះរើផ្ទះជនសង្ស័យ ឈ្មោះលៀម ម៉ក ភេទប្រុស ដែលអ្នកភូមិដឹង និងស្គាល់ថា ជាអ្នកចេះអំពើ(ធ្មប់អាប) ហើយអាជ្ញាធរ និងពលរដ្ឋបានសម្រេចថានឹងរុះរើផ្ទះ ហើយបណ្តេញចេញពីភូមិ តាមការសន្យាថា នឹងរុះរើផ្ទះ និងចាកចេញពីភូមិដោយខ្លួនឯង តែដល់ថ្ងៃកំណត់មិនដូចសន្យាបាននិយាយ របស់ជនសង្ស័យខាងលើនោះទេ ។
ទើបនៅវេលាម៉ោង១០និង៣០នាទី ថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតក្នុងភូមិកៃងញ៉ៃ ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ទើបប្រជាពលរដ្ឋរស់នៅក្នុងភូមិខាងលើ បាននាំគ្នាមករុះរើផ្ទះជនសង្ស័យ និងរកឃើញនូវសម្ភារ ខុសច្បាប់ផ្សេងទៀតប្រគល់ឲ្យសមត្ថកិច្ច ។
បើតាមរបាយការណ៍លោកជីម អេន អធិការនគបាលស្រុក បានរាយការណ៍ជូនលោកអភិបាលនៃគណ:អភិបាលស្រុកសៀមប៉ាងថា: ជនសង្ស័យឈ្មោះលៀម ម៉ក ភេទប្រុស ជាជនសង្ស័យ រស់នៅភូមិឃុំខាងលើ ដែលប្រជាពលរដ្ឋអះអាងថា ជាអ្នកចេះអំពើ (ធ្មប់អាប) ហើយក៏ធ្លាប់មានការសម្របសម្រួល ពីអាជ្ញាធរភូមិឃុំ និងលោកស្រីផាត់ រ៉ាណា អភិបាលរងស្រុកសៀមប៉ាង ជាមួយជនសង្ស័យខាងលើម្តងហើយ ដោយជនសង្ស័យខាងលើនេះបានសន្យាថា នឹងរុះរើផ្ទះខ្លួនហើយ និងចាកចេញពីភូមិដោយខ្លួនឯង ដោយមិនបានបង្ខំនោះឡើយ ព្រោះពលរដ្ឋរស់នៅក្នុងភូមិទាំងមូល មិនពេញចិត្ត នូវអំពើអ្នកចេះធ្មប់អាបនោះ ដែលបង្កភាពក្តៅក្រហាយ ដល់អ្នកភូមិគ្រប់ៗគ្នា ។
លោកបញ្ចាក់ទៀតថា ដោយជនសង្ស័យមិនបានធ្វើតាមការសន្យា ទើបពលរដ្ឋលើកគ្នា ប្រមាណជា១៧៦អ្នកដំណាងឲ្យពលរដ្ឋ១៧៦គ្រួសារ មករុះរើ និង ប្រមូលភស្តុតាងនៅលើផ្ទះជនសង្ស័យ រួមមានចានឆ្នាំង កាំភ្លើងកែឆ្នៃចំនួន១ដើម និងម៉ាស៊ីនឆក់ត្រីចំនួន១គ្រឿង ផ្ទះដែលមានទំហ៊ំ៦ម៉ែត្រគុណ៧ម៉ែត្រ ប្រក់សង្កសីបាំងជញ្ជាំងក្តារ ត្រូវបានអ្នកភូមិរុះរើដុតកម្ទេចចោល រួចក៏រៀបចំធ្វើពិធីបណ្តេញខ្មោចព្រាយបិសាច ធ្មប់អាប ឲ្យចេញពីភូមិដើម្បីឲ្យពួកគាត់ រស់បានសុខ ។
សូមរំលឹកថា: អំពើធ្មប់អាប និងខ្មោចព្រាយបិសាច បើតាមប្រពៃណីព្រហ្មមាញ់សាសនា មិនម៉ែនទើបតែកើតមាននោះទេ គឺកើតមានជាយូលុងណាសមកហើយ ទៅតាមប្រពៃណីជនជាតិខ្មែរភាគតិច ដែលពួកគេតែងតែធ្វើពិធីបន់ស្រន់សុំសេចក្តីសុខ ពេលមានអ្វីកើតឡើងមកលើក្រុមគ្រួសារពួកគាត់ ហើយពួកគេតែងតែជួយគ្នា ធ្វើពិធីបន់ស្រន់ ដើម្បីបណ្តេញខ្មោចព្រាយបិសាច ឬធ្មប់អាប ទៅតាមប្រពៃណីរបស់ពួកគេ ហើយពួកគេក៏ពុំសូវជឿទៅលើពេទ្យម៉រអីដែរ ។
តែចំពោះច្បាប់ចាត់ទុកថា អំពើផ្លូវងងឹតបន់ស្រន់ សម្រាប់ជនជាតិដើមភាគតិចនេះ ព្រោះរដ្ឋធម្មនុញ្ញ ក្នុងរដ្ឋសភា មិនបានចែងច្បាប់នេះសម្រាប់ ដាក់ទោសទណ្ឌទៅលើជនអ្នកចេះអំពើធ្មប់អាប មានព្រាយបិសាច ចូលបៀតបៀនជីវិតមនុស្សរហូតដល់ស្លាប់ បាត់បង់ជីវិតនោះដែរ ក្នុងច្បាប់មិនបានចែងឡើយ ។
តែច្បាប់ចែងថា អ្នកដែលប៉ុនប៉ង ប្រើអំពើហិង្សាដោយចេតនា ឬអចេតនាក្តី បង្កឲ្យមានរបួសស្នាម ធ្ងន់ឬស្រាល ឬបាត់បង់ជីវិត ត្រូវមានស្ថានទម្ងន់ទោស ទៅតាមច្បាប់ដែលបានចែង និងកំណត់ក្នុងមាត្រានីមួយៗរួចជាស្រេច ៕ មាស សុផាត