ខេត្តកំពង់ចាម ៖ ផ្ទះ៤ខ្នងទំហំ៧ម៉ែត្រគុណ១៥ម៉ែត្រ រួមជាមួយប្រាក់ដុល្លារចំនួន១៦០០០ដុល្លារ មាសចំនួន១ដំឡឹង ៣ជី និងឯកសារមួយចំនួនទៀត ត្រូវបានខូចខាតអស់ទាំងស្រុង ដោយសារគ្រោះអគ្គិភ័យ ។
លំនៅឋានដែលឆេះមានម្ចាស់ផ្ទះឈ្មោះ ងួន សុខហេង អាយុ ៥៤ឆ្នាំ ភេទប្រុស និងប្រពន្ធឈ្មោះ ឃ្លាំង សុភារស់ អាយុ៤៧ឆ្នាំ ភេទស្រី ។
គ្រោះអគ្គិភ័យនេះ បានកើតឡើងនៅ ព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង៨និង៣០នាទីព្រឹក នៅចំណុចភូមិមាន់ហើរ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
យោងតាមរបាយការណ៍សមត្ថកិច្ចឲ្យដឹងថា អគ្គិភ័យបានបំផ្លាញទ្រព្យ សម្បត្តិនិងខូចខាតសម្ភារមានដូចជា៖ ផ្ទះ៤ខ្នង មានទំហំ៧ម៉ែត្រគុណ១៥ម៉ែត្រ បាត់បង់ប្រាក់ដុល្លារចំនួន១៦០០០ដុល្លារ (មួយម៉ឺនប្រាំមួយពាន់ ដុល្លារ) មាសចំនួន១តំឡឹង៣ជី សម្ភារៈ និងឯកសារមួយចំនួនទៀត ។ អគ្គិភ័យនេះឆេះរាលដាលដល់ចំបើងប្រជាពលរដ្ឋក្បែរនោះ១ពុំនូកទៀត ។
សមត្ថកិច្ចដែលចុះទៅអន្តរាគមន៍ឲ្យដឹងថា មូលហេតុឆេះដោយសារទុស្សេ ខ្សែភ្លើង ខណៈកម្លាំងសមត្ថកិច្ចបានប្រើប្រាស់ឡានទឹកចំនួន៣គ្រឿង និងប្រើប្រាស់ទឹកអស់៦រថយន្ត គឺរថយន្តខេត្តចំនួន២គ្រឿង រថយន្តអធិការដ្ឋាននគរបាលស្រុកកំពង់សៀមចំនួន២គ្រឿង និងរថយន្តអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់២គ្រឿង៕ វណ្ណៈ