ព័ត៌មានទាន់ហេតុការណ៍៖

អ្នកជំងឺកូរ៉ូណា ​​ជាង១ពាន់នាក់ជាសះស្បើយ ខណៈស្លាប់កើន ៥៦៥នាក់ និង​ឆ្លង ២៨ ២៦៦នាក់

ចែករំលែក៖

ជំងឺរលាកសួត​ថ្មី​បង្កឡើងដោយវីរុសកូរ៉ូណា (2019-nCoV)​ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ ត្រូវបានប្រភពផ្សាយថា បានបន្តសម្លាប់មនុស្ស​កើនឡើង ៥៦៥នាក់, ឆ្លង ២៨ ២៦៦ នាក់នៅជុំតំបន់ និងពិភពលោក ។ ប៉ុន្តែ​អ្នកជំងឺជាង ១ពាន់នាក់ បានជាសះស្បើយ​វិញផងដែរ​ បើទោះបីថា ជំងឺនេះ​នៅមិនទាន់រកឃើញថ្នាំព្យាបាល ឬវាក់សាំង​បង្ការ​ឲ្យពិតប្រាកដ​បែបណាក៏ដោយ ។

ជំងឺកូរ៉ូណា​ផ្ទុះឡើងដំបូងគេ​នៅក្នុងខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ភាគកណ្តាល​របស់ប្រទេសចិន ។ ជំងឺនេះ​បានឆ្លងរាលដាលពាស់ពេញក្នុងតំបន់ និងជុំវិញពិភពលោក​សរុប​២៨ប្រទេស​មកទល់នឹងពេលបច្ចុប្បន្ននេះ ក្នុងនោះ​ប្រទេសចិន​​បានផ្ទុះករណីឆ្លង និងស្លាប់ច្រើនជាងគេបំផុត ។

គេហទំព័រ wikipedia បានផ្សាយថា ប្រទេសចិន​មានអ្នកឆ្លងជំងឺនេះសរុប ២៨ ០១៨នាក់ និងស្លាប់​កើនឡើង ៥៦៣នាក់ ហើយអ្នកជំងឺបានជាសះស្បើយវិញ​ចំនួន​១០០៥នាក់ ។

ប្រទេសជប៉ុន​មានអ្នកឆ្លងជំងឺនេះ​កើនឡើង​៣៥ករណី, សិង្ហបុរី​​ឆ្លងជំងឺនេះ​២៨ករណី ក្នុងនោះ ជាសះស្បើយ​១ករណី, ប្រទេសថៃ ឆ្លងជំងឺនេះ ២៥ករណី ជាសះស្បើយ៩នាក់, ហុងកុង​ឆ្លង​២១ករណី ក្នុងនោះស្លាប់​ម្នាក់, កូរ៉េខាងត្បូង​ឆ្លង​២៣ករណី ជាសះស្បើយ១ករណី, អូស្ត្រាលី១៤ករណី ជាសះស្បើយ​២ករណី, អាល្លឺម៉ង់​១២ករណី, ម៉ាឡេស៊ី​១២ករណី ក្នុងនោះ ជាសះស្បើយ១ករណី, សហរដ្ឋអាមេរិក​១២ករណី ជាសះស្បើយ១ករណី, តៃវ៉ាន់​ ឆ្លង១១ករណី, ម៉ាកាវ ១០ករណី, វៀតណាម១០​ករណី ក្នុងនោះ ជាសះស្បើយ​៣ករណី, បារាំង​មាន៦ករណី, អារ៉ាប៊ីសាអ៊ូឌីត​ឆ្លង​៥ករណី, កាណាដា​៤ករណី, ឥណ្ឌា៣ករណី, ហ្វីលីពីន ៣ករណី ក្នុងនោះ ស្លាប់១ករណី និងជាសះស្បើយ១ករណី, អ៊ីតាលី២ករណី, រុស្ស៊ី​២ករណី, អង់គ្លេស​២ករណី, ប៊ែលហ្ស៊ិក១ ករណី, កម្ពុជា​១ករណី, ហ្វាំងឡង់១ករណី ជាសះស្បើយ១ករណី, នេប៉ាល់​១ករណី, អេស្ប៉ាញ​១ករណី, ស្រីលង្កា​១ករណី ជាសះស្បើយ១ករណី, និងស៊ុយអែត​១ករណី ។

សរុបអ្នកជំងឺឆ្លង​ទាំងអស់​២៨ ២៦៦នាក់, បាត់បង់ជីវិត​៥៦៥នាក់ និងជាសះស្បើយ​១០២៥នាក់វិញផងដែរ ៕


ចែករំលែក៖