ភ្នំពេញ៖ បុរសគម្នាក់បើកម៉ូតូ បំណងទៅរកនារីបម្រើសេវាផ្លូវភេទ ហើយជួបស្ត្រីម្នាក់ ក៏បបួលគ្នាទៅដេក ក្នុងតម្លៃ១០ដុល្លារ ស្រាប់តែជិះតាមផ្លូវ មកដល់មុខផ្សាររាត្រីបាត់លុយអស់១០០ដុល្លារ បង្កការផ្អើលឆោទ្បោ ដល់សមត្ថកិច្ចមូលដ្ឋាន ចុះមកពិនិត្យ ។
ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោង ១១យប់ថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០២០ តាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ខាងមុខផ្សាររាត្រី ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីសន្តិសុខផ្សាររាត្រី បានប្រាប់ឲ្យដឹងថា មុនកើតហេតុ គាត់បានឃើញបុរសម្នាក់ (ជាមនុស្សគ) បានបើកម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ125 ស៊េរី២០០៥ មិនចាំផ្លាកលេខនោះទេ ដឹកស្ត្រីម្នាក់ មានឈ្មោះ ប.ញ អាយុប្រហែលជាជិត៣០ឆ្នាំ មានកូន៣នាក់ មានស្រុកកំណើតនៅខេត្តកំពង់ចាម មិនដឹងថា ជាយ៉ាងមិចនោះទេ បានជាប្រតាយប្រតគ្នា ឡើងផ្អើលពេញមុខផ្សាររាត្រី
ទើបគាត់ជាសន្តិសុខ ស្មានតែជាប្តីប្រពន្ធ ក៏ទៅសួរនាំទៅ ទើបដឹងថា ខាងស្ត្រីប្រកបរបររកស៊ីផ្លូវថា បុរស.គនោះ ចោទគាត់ថា លួចលុយ១០០$ បានបបួលគាត់ទៅដេកជាមួយ ក្នុងតម្លៃ ១០$ ប៉ុន្តែជនរងគ្រោះ បានសសេរប្រាប់ថា គឺស្ត្រីរូបនេះ ជាអ្នកលួចលុយគាត់ចំនួន១០០$ ហើយគាត់ក៏ក្របួចអាវស្ត្រីរកស៊ីផ្លូវភេទនោះ ជាប់មិនលែងទេ បង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ នាំគ្នាចោមរោម ផ្អើលទៅដល់សមត្ថកិច្ចប៉ុស្តិ៍វត្តភ្នំ ចុះមកដល់កន្លែងកើតហេតុ ដើម្បីសួរនាំ។
បន្ទាប់ពីកើតហេតុ ជនរងគ្រោះជាបុរស.គ បានទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍រដ្ឋបាលនគរបាលស្រះចក ដើម្បីឲ្យសមត្ថកិច្ច ចាត់ការទៅតាមនីតិវិធី ៕ ជ្រោយពេជ្រ