រដ្ឋមន្ត្រីក្រសួងកសិកម្មសហរដ្ឋអាមេរិក Sonny Perdue បានថ្លែងនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ថា សហរដ្ឋអាមេរិកគួរតែយោគយល់ដល់ប្រទេសចិន ខណៈកំពុងជួបផលវិបាកធ្ងន់ធ្ងរការឆ្លងរាលដាលជំងឺកូរ៉ូណាដ៏ឆាប់រហ័ស ។ ការយោគយល់ដល់ប្រទេសចិនចំពោះការបំពេញតាមការសន្យាទិញផលិតផលកសិកម្មពីសហរដ្ឋអាមេរិកស្ថិតក្រោមកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០កន្លងមកនោះ ។
កិច្ចព្រមព្រៀងថ្ងៃទី១៥ ខែមករា ចិនបានសន្យាទិញបន្ថែមក្នុងទំហំតម្លៃរហូតដល់១២,៥ពាន់លានដុល្លារអាមេរិក ទៅលើទំនិញកសិកម្មអាមេរិកក្នុងឆ្នាំ២០២០ និងយ៉ាងហោចណាស់ ១៩,៥ ពាន់លានដុល្លារក្នុងឆ្នាំ២០២១ លើសពីចំនួនទឹកប្រាក់កាលពីឆ្នាំ២០១៧ ដែលមានតែចំនួន២៤ពាន់លានដុល្លារ ។
អ្នកជំនួញ ក៏ដូចជាអ្នកជំនាញសេដ្ឋកិច្ចកសិកម្មបានលើកជាសំណួរថា តើទីក្រុងប៉េកាំងអាចបំពេញតាមកិច្ចព្រមព្រៀងទិញផលិតផលកសិកម្មសហរដ្ឋអាមេរិកឲ្យបាន៣៦,៥ពាន់លានដុល្លារបានដែរឬទេ ខណៈដែលបច្ចុប្បន្ននេះ ជំងឺកូរ៉ូណាថ្មីកំពុងកំណើនគំរាមកំហែងដល់សេដ្ឋកិច្ចរបស់ប្រទេសចិននោះ ។
ថ្លែងទៅកាន់អ្នកកាសែតនៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិក រដ្ឋមន្ត្រីក្រសួងកសិកម្ម Sonny Perdue បានបញ្ជាក់ថា «បើសិនថា ចិនកំពុងជួបនូវឧបសគ្គ ហើយមានការខាតបង់សេដ្ឋកិច្ចធ្ងន់ធ្ងរបែបដូច្នោះមែននោះ, យើងគួរតែយោគយល់ដល់គាត់ស្តីអំពីស្ថានភាពបែបនេះហើយ»។
លោក Perdur បានបញ្ជាក់ថា លោកមិនមែនជាក្រុមរបស់រដ្ឋាភិបាលទទួលបន្ទុកអនុវត្តកិច្ចព្រមព្រៀងជាមួយចិននោះឡើយ ហើយថា លោកមិនដឹងថា រដ្ឋាភិបាលបាននិងកំពុងរំពឹងគិតទុកយ៉ាងដូចម្តេចនោះទេ ចំពោះបញ្ហានេះ ។
គួរបញ្ជាក់ថា ជំងឺកូរ៉ូណាបានផ្ទុះឡើងនៅប្រទេសចិន ខេត្តហ៊ូប៉ី ទីក្រុងវូហាន នៅផ្សារមួយកន្លែងមានលក់ម្ហូបអាហារសមុទ្រ ក្នុងនោះមានលួចលក់សត្វព្រៃខុសច្បាប់ផងដែរ ។ ជំងឺរលាកសួតថ្មីបង្កឡើងដោយវីរុសកូរ៉ូណា (2019-nCoV)ផ្ទុះឡើងដំបូងនៅក្នុងខែធ្នូ ឆ្នាំ២០១៩ ហើយរាលដាល់មកដល់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ ទៅកាន់ប្រទេសចំនួន២៨ក្នុងតំបន់ និងពាសពេញពិភពលោក ។ ជំងឺនេះបានសម្លាប់មនុស្សកើន៥៦៥នាក់ ឆ្លងកើន២៨ ២៦៦នាក់ ក្នុងនោះជាង១ពាន់នាក់បានជាសះស្បើយវិញផងដែរ ៕