ព័ត៌មានទាន់ហេតុការណ៍៖

រៀបការចុះលោកប្តី! តែកុំភ្លេចជួយចេញសំណងធនាគារដែលប្រាក់នេះយើងខ្ចីរួមគ្នា!

ចែករំលែក៖

ខេត្តកណ្តាល៖ មានការភ្ញាក់ផ្អើលពេញរោងការ បន្ទាប់ពីកំលោះកូនមួយម្នាក់ បានលួចមកអង្គុយផ្ទឹមជាមួយកូនក្រមុំ ជាគូភរិយាថ្មីយ៉ាងត្រជាក់ចិត្ត ប៉ុន្តែខណៈកំពុងញញឹមខ្ជឹបសង្ឃឹមថាក្រោយរៀបការរួចនឹងបានក្រេបទឹកឃ្មុំយ៉ាងផ្អែមដល់ប្រមាត់មិនបានប៉ុន្មាននាទីផង ស្រាប់តែប្រពន្ធដើមបានដឹកដៃកូនប្រុសអាយុ៤ឆ្នាំមកចូលរោងការប្តីនិងឪពុកទាំងទឹកមុខស្រងូតស្រងាត់ ស្ទើរក្រៀមសួតក្អួតឈាមលែងចេញ។

ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលពេញរោងការនេះបានកើតឡើងកាលព្រឹក ថ្ងៃ ព្រហស្បត្តិ៍ ១៣ កើត ខែ មាឃ ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុង-ខេត្តកណ្តាល។

បើតាមការរៀបរាប់ពីស្ត្រីឈ្មោះ ហុក ស្រីណុច អាយុ២៧ឆ្នាំ បានឲ្យដឹងថា គាត់ជាភរិយាដើមរបស់ខាងកូនកំលោះ ដែលកំពុងចូលរោងការនាថ្ងៃនេះ។ គាត់បានរៀបការជាមួយប្តីឈ្មោះ លី ច្រាយ អាយុ២៩ឆ្នាំ តាមប្រពៃណីដោយស្របច្បាប់ និងទទួលបានចំណងដៃកូនប្រុសម្នាក់អាយុ៤ឆ្នាំមកហើយដែរ។ ដោយឡែកកន្លងមកគាត់ទាំងពីររស់នៅជាមួយគ្នាជាប្តីប្រពន្ធធម្មតាហើយទោះបីធ្លាប់មានរឿងរកាំរកូសមិនចុះសម្រុងនឹងគ្នា ឈានដល់លែងលះគ្នាតាមផ្លូវតុលាការក៏ដោយ ប៉ុន្តែក្រោយមកក៏បានមករួមរស់ជាមួយគ្នាជាប្តីប្រពន្ធធម្មតាវិញ តែមិនបានទៅដក ឬលុបចោលសាលក្រមលែងលះគ្នានៅតុលាការនោះទេ។

ស្ត្រីជាភរិយាបានបន្តទៀតថា ក្រោយមកស្រាប់តែគាត់ទទួលដំណឹងថា បុរសជាប្តីបានស្នើសុំសំបុត្ររៀបអាពាហ៍ពិពាហ៍ជាមួយកូនក្រមុំគេ នៅភូមិ-ឃុំខាងលើ ដោយទៅប្រាប់លោកចៅសង្កាត់ថាខ្លួននៅពោះម៉ាយ ទើបខាងមន្ត្រីអត្រានុកូលដ្ឋានបញ្ជាក់ថានៅពោះម៉ាយ ដើម្បីមានសិទ្ធិមករៀបការជាមួយកូនក្រមុំអាយុជាង២០ឆ្នាំ ។

ចំណែកប្រភពព័ត៌មានពីកន្លែងកើតហេតុវិញបានឲ្យដឹងថា ករណីនេះមានការភ្ញាក់ផ្អើលដល់សាច់ញាតិកូនក្រមុំ អ្នកស្រុកភូមិ អាជ្ញាធរមកដល់រោងការ ប៉ុន្តែគេពុំឃើញភាគីកំលោះកូន១ ចេញមកដោះស្រាយគ្នាទេ ហើយអាជ្ញាធរក៏ចុះទៅជួយធ្វើអន្តរាគមន៍ ទប់ស្កាត់កុំឲ្យមានអំពើហិង្សាណាមួយកើតឡើងនោះទេ ។

ប្រភពដដែលបានឲ្យដឹងទៀតថា ក្នុងករណីនេះធ្វើឲ្យភាគីខាងប្រពន្ធដើមមិនចង់មករករឿងស្អីនោះទេ តែចង់ឲ្យខប្តីចេញមកសម្របសម្រួលគ្នា ចំពោះបំណុលធនាគារដែលខ្ចីរួមគ្នាមានលុយ ជាង៣០លានរៀល និងលុយដុល្លារជា២ម៉ឺនដុល្លារ ខណៈកន្លងមកបានរកស៊ីជាមួយគ្នាក្នុងការទិញលក់ត្រី។

ស្ត្រីជាភរិយាដើមបានរៀបរាប់ថា ពីមុនគាត់ទាំងពីររស់នៅជាមួយគ្នា តែហាក់មិនចុះសម្រុងគ្នាទេដោយមានរឿងទំនាស់ជាបន្តបន្ទាប់ រហូតក្រោយមកក៏ស្ម័គ្រចិត្តលែងលះគ្នាដល់តុលាការ។ តែក្រោយមកពួកគាត់ក៏សម្រេចចិត្តចាប់ដៃរួមរស់ជាមួយគ្នាឡើងវិញ តែមិនបានទៅលប់ចោលសាលក្រមលែងលះគ្នានៅតុលាការនោះទេ ពោលបានន័យថាពួកគាត់បង្កើតជីវិតគ្រួសារឡើងវិញយ៉ាងសុខដុមរម្យនាជារៀងរហូតមក។ លុះទើបតែថ្មីៗនេះគាត់ដឹងថា ប្តីបានមកចូលរោងការជាមួយស្រីក្មេងថ្មីនាថ្ងៃនេះ ក៏សម្រេចចិត្តដឹកដៃកូនប្រុសមកមើលប្តីនិងឪពុករបស់គេឃើញកំពុងចូលរោងការមែន ។

ស្រ្តីជាប្រពន្ធបានរៀបរាប់បន្តថា បើជ្រុលជាឈានជើងដល់ផ្លូវបែកគ្នាជាលើកទី២ទៅហើយមិនអាចឃាត់ចិត្តប្តីបានទេព្រោះ វាហាក់ដូចជាទឹកបាក់ទំនប់ទៅហើយ ដូច្នេះសូមត្រឹមតែឲ្យប្តីជួយទទួលខុសត្រូវរឿងប្រាក់បំណុលខ្ចីធនាគាររួមគ្នា ក្នុងមុខរបរលក់ទិញត្រីស្មើគ្នា។ឯរឿងរៀបការជាមួយស្រីថ្មី បងរៀបការចុះ ព្រោះប្រពន្ធដូចគាត់អាចឃុំខ្លួនបងបាន តែមិនអាចឃុំចិត្តបងបានទេ..បងរៀបការចុះបង! តែកុំភ្លេចរឿងបំណុលសងគេ​ ត្រូវគិតគូរជាមួយគ្នាឲ្យដាច់ស្រេចសិន ៕ ស្អាងជ័យ


ចែករំលែក៖