ព័ត៌មានទាន់ហេតុការណ៍៖

សប្តាហ៍​មុន រុស្ស៊ីបណ្តេញយន្តហោះស៊ើបការណ៍​បរទេស១៦លើក

ចែករំលែក៖

ក្រសួងការពារជាតិរបស់ប្រទេសរុស្ស៊ី​បានបញ្ជាក់ប្រាប់ប្រភពព័ត៌មាន Krasnaya Zvezda ផ្សាយ​នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ថា កងកម្លាំង​យោធា​រុស្ស៊ី​បានជួបប្រទះ​ និងហោះហើរបណ្តេញ​យន្តហោះស៊ើបការណ៍របស់បរទេស​ចំនួន​១៦លើក ដែលបានហោះមកឈ្លបយកការណ៍សម្ងាត់​​នៅជិតព្រំដែន​អាកាសរុស្ស៊ី​ ក្នុងអំឡុងរយៈពេលមួយសប្តាហ៍​កន្លងទៅនេះ ។

ប្រភពបានបញ្ជាក់ថា យន្តហោះចម្បាំង​រុស្ស៊ី ប៊ិះរងការវាយប្រហារចំនួន​២លើក ខណៈដែលហោះទៅស្ទាក់​បណ្តេញ​យន្តហោះស៊ើបការណ៍បរទេស​កុំឲ្យចូលកៀក​ព្រំដែនអាកាសរុស្ស៊ីនោះ ។

កាសែតនេះបានបញ្ជាក់ថា យន្តហោះបរទេស​គឺមិនអាចអនុញ្ញាត​ឲ្យចូលដែនអាកាសរុស្ស៊ីដោយខុសច្បាប់បានឡើយ ។

សារព័ត៌មាន Krasnaya Zvezda បានផ្សាយថា ចាប់ពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ យន្តហោះ​បរទេស​២៥គ្រឿង និងយន្តហោះគ្មានមនុស្សបើក​៨គ្រឿង​បាន​ធ្វើសកម្មភាព​ហោះហើរឈ្លបយកការណ៍​នៅក្បែរព្រំដែន​រុស្ស៊ី​អំឡុង​សប្តាហ៍មុននេះ ។

អាមេរិក និងសម្ពន្ធមិត្តអង្គការណាតូ​របស់ខ្លួន ​តែងតែបញ្ជូន​យន្តហោះទម្លាក់គ្រាប់បែក, យន្តហោះស៊ើបការណ៍សម្ងាត់ ក៏ដូចជាយន្តហោះគ្មានមនុស្សបើកបរ (ដ្រូន) ចូលទៅកាន់តំបន់ក្បែរព្រំដែនរុស្ស៊ី​សមុទ្រ​បាល់ទិក និងសមុទ្រខ្មៅ ធ្វើសកម្មភាពយកការណ៍។ ប្រភពពីយោធា​រុស្ស៊ី អះអាងថា កាលពីឆ្នាំ២០១៨ កងទ័ពជើងអាកាសរុស្ស៊ី​បាន​ហោះស្ទាក់ បណ្តេញ​យន្តហោះបរទេសដែល​ចូលកៀកព្រំដែនអាកាសរុស្ស៊ី​ ប្រហែល​​៣ពាន់លើក ៕


ចែករំលែក៖