ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីពង្រឹងទំនាក់ទំនាក់ទំនងជាមួយវេណេហ្ស៊ុយអេឡា ចំពេលអាមេរិក​កំពុងគាបសង្កត់

ចែករំលែក៖

ប្រទេសរុស្ស៊ីបានពង្រឹងទំនាក់ទំនងយោធា​ សេដ្ឋកិច្ច សហប្រតិបត្តិការ​ជាមួយប្រទេសវេណេហ្ស៊ុយអេឡា ដើម្បីជួយ​ប្រទេស​អាមេរិកខាងត្បូងមួយនេះ​តទល់ជាមួយ​កំណើនការគាបសង្កត់ពីសហរដ្ឋអាមេរិក ។

រដ្ឋមន្ត្រីក្រសួងការបរទេស​រុស្ស៊ី លោក សឺហ្គេយ ឡៅរ៉ូវ បានថ្លែងបែបនេះ ខណៈជួបជាមួយ​ប្រធានាធិបតី​វេណេហ្ស៊ុយអេឡា នីកូឡាស់ ម៉ាឌូរ៉ូ នៅទីក្រុង​​ ការ៉ាកាស ។ នេះបើតាមការផ្សាយរបស់ប្រភពប៊ីប៊ីស៊ី​ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០ ។

លោករដ្ឋមន្ត្រី ឡៅរ៉ូវ បានបញ្ជាក់ថា ការប៉ុនប៉ងណាមួយ​ដើម្បីបណ្តេញរដ្ឋាភិបាលរបស់លោក ម៉ាឌូរ៉ូ ដោយកងកម្លាំង គឺមិនអាចទទួលយកបានឡើយ ។

សហរដ្ឋអាមេរិក​បានចោទប្រកាន់​លោក ម៉ាឌូរ៉ូ ថាដឹកនាំរដ្ឋាភិបាលប្រកបដោយអំពើពុករលួយ ហើយជារបបដឹកនាំប្រកបដោយអំពើឃោរឃៅថែមទៀតផង។

កាលពីព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២០ សហរដ្ឋអាមេរិក​បានដាក់ទណ្ឌកម្ម​ទៅលើវេណេហ្ស៊ុយអេឡា​ ក្រុមហ៊ុនអាកាសចរណ៍​គ្រប់គ្រងដោយរដ្ឋ Conviasa ។ អាមេរិក​បានសំអាងថា ក្រុមហ៊ុននេះ​ត្រូវបានរដ្ឋាភិបាលប្រើប្រាស់​ដើម្បី​បិទបាំង​អំពើពុករលួយរបស់មន្ត្រី​របស់ខ្លួន ។

ទីក្រុងវ៉ាស៊ីនតោនបាននិងកំពុងគាំទ្រ​មេដឹកនាំប្រឆាំងវេណេហ្ស៊ុយអេឡា លោក Juan Guaido ដែលកាលពីឆ្នាំកន្លងហើយ​បានប្រកាសតាំងខ្លួនឯងថា​ជាប្រធានាធិបតី​បណ្តោះអាសន្ន ។

ក្នុងសប្តាហ៍នេះ លោក Guaido បានក្លាយជាភ្ញៀវ​ពិសេស​របស់លោក​ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក​ក្នុងឱកាសឡើងថ្លែង​​អំពី​«ស្ថានភាពប្រទេសជាតិ»(State of Union)​នោះផងដែរ ។

ប្រមុខការទូតរុស្ស៊ី​បានថ្លែងថា «យើងសូមសម្តែងការគាំទ្រ​ទាំងស្រុង​ចំពោះ​អធិបតេយ្យ​វេណេហ្ស៊ុយអេឡា, សាមគ្គីភាពជាមួយមេដឹកនាំ​ និងប្រទេសនេះ​ក្នុងការប្រយុទ្ធប្រឆាំង​ការគាបសង្កត់​ខុសច្បាប់​​ដែលបាននិងកំពុង​អនុវត្ត​ឡើងដោយអាមេរិក ហើយនិងសម្ពន្ធមិត្តរបស់ខ្លួន» ៕


ចែករំលែក៖