ខេត្តព្រះសីហនុ ៖ លោក អុី សុខ ឡេង អភិបាលក្រុងព្រះសីហនុ កាលពីរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ ២០២០ បានបញ្ជាក់ថា កម្លាំងសមត្ថកិច្ចរដ្ឋបាលក្រុងព្រះសីហនុ បានចុះបង្ក្រាបទីតាំងល្បែងហ្គេមខុសច្បាប់លួចលាក់មួយកន្លែង ស្ថិតនៅខាងជើងសាលារៀនសាគូរ៉ា ស្ថិតក្នុងភូមិ៣ទំនប់រលក សង្កាត់១ ក្រុងព្រះសីហនុ ដោយរឹបអូសយកសម្ភារៈសម្រាប់លេងហ្គេមមួយចំនួន និងទូហ្គេម ចំនួន១៦ឈុតផងដែរ។
ទាក់ទិនបញ្ហានេះ លោក អុី សុខឡេង ក៏បានធ្វើការបញ្ជាក់ផងដែរថា ទីតាំងលេងល្បែងហ្គេមខាងលើនេះ កន្លងមករដ្ឋបាលក្រុងព្រះសីហនុធ្លាប់បានចុះណែនាំដល់ម្ចាស់ទីតាំងឲ្យបញ្ឈប់សកម្មភាពនិងបានធ្វើកំណត់ហេតុបិទចំនួន២ដងរួចមកហើយ។ ប៉ុន្តែម្ចាស់ទីតាំងនេះ នៅតែបន្តលួចបើកដដែល ទើបនៅរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ នេះ អាជ្ញាធរក្រុងបានចុះមានវិធានការ ចាប់យកកុំព្យូទ័រហ្គេម១៦ឈុត យកមករក្សាទុកនៅសាលាក្រុង និងបាននាំខ្លួនម្ចាស់ទីតាំងមកសាលាក្រុងព្រះសីហនុ ដើម្បីធ្វើកិច្ចសន្យា ឲ្យបញ្ឈប់ប្រកបអាជីវកម្មល្បែងហ្គេមនេះតទៅទៀត។
គួរបញ្ជាក់ផងដែរថា ល្បែងហ្គេមនៅទីតាំងខាងលើនេះ បានបើកលេងយូរមកហើយ និងបានបង្កឲ្យមានបញ្ហាគ្រប់បែបយ៉ាងដល់ក្មេងៗ នៅតំបន់នោះ ជាពិសេសសិស្សរៀននៅសាលាសាគួរ៉ា នេះតែម្តង ដោយសិស្សតូចធំមួយចំនួនបានគេចសាលាមិនចូលរៀន ព្រោះពួកគេញៀននឹងលេងល្បែង ហ្គេម ហើយកន្លងមកទីតាំងល្បែងហ្គេមនេះ ក៏ធ្លាប់ត្រូវឪពុកម្ដាយសិស្សប្តឹង សូមឲ្យអាជ្ញាធរចុះបិទ ជាច្រើនលើកផងដែរ ប៉ុន្តែអាជ្ញាធរនៅតំបន់នោះ ហាក់មិនសូវជាយកចិត្តទុកដាក់លើបញ្ហានេះទេ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ការបង្ក្រាបល្បែងហ្គេមពីសំណាក់កម្លាំងសមត្ថកិច្ចរដ្ឋបាលក្រុងព្រះសីហនុនាពេលនេះ ប្រជាពលរដ្ឋបានសម្តែងការគាំទ្រយ៉ាងពេញទំហឹង ដោយពួកគាត់សង្ឃឹមថា ចាប់ពីពេលនេះតទៅ ទីតាំងល្បែងហ្គេមមួយនេះ នឹងត្រូវបញ្ចប់ជាស្ថាពររហូតតទៅ ៕ ឆ្លាម សមុទ្រ