រដ្ឋបាលហុងកុងបានអនុវត្តច្បាប់ថ្មីថា រាល់ជនទាំងឡាយណាត្រឡប់មកពីដែនដីចិនដីគោក ចូលមកកាន់ហុងកុងនោះ ត្រូវដាក់ឲ្យស្ថិតនៅដោយឡែកពីគេឯងចំនួនពីរសប្តាហ៍ ។ ការធ្វើដូច្នេះ គឺដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលថ្មីអំពីជំងឺកូរ៉ូណា ។
ប្រភពបានបញ្ជាក់ថា «រាល់អ្នកទស្សនកិច្ចទាំងអស់ត្រូវតែកំណត់ខ្លួនឯងដោយនៅក្នុងបន្ទប់សណ្ឋាគារ ឬទៅកាន់មជ្ឈមណ្ឌលរបស់រដ្ឋាភិបាល ខណៈមកកាន់ហុងកុង ពលរដ្ឋត្រូវតែស្ថិតនៅតែក្នុងផ្ទះជាដាច់ខាត»។ អ្នកដែលធ្វើផ្ទុយពីច្បាប់ថ្មីនេះនឹងប្រឈមការផាកពិន័យជាប់ពន្ធនាគារ ។
គួរបញ្ជាក់ថា នៅពេលកំណត់អនុវត្តច្បាប់ថ្មីជិតចូលមកដល់នៅពាក់កណ្តាលយប់ មនុស្សរាប់ពាន់នាក់បានតម្រូវឲ្យតម្រង់ជួរគ្នានៅឯទីក្រុងព្រំដែនជាមួយប្រទេសចិន Shenzhen ។
ដែនដីហុងកុងមានអ្នកជំងឺកូរ៉ូណាថ្មីចំនួន២៦ករណី ក្នុងនោះអ្នកជំងឺម្នាក់បានស្លាប់ ។ ចំណែកនៅក្នុងប្រទេសចិនមានអ្នកឆ្លងកើនឡើង ៣៤ ៥៤៦នាក់ និងស្លាប់៧២២នាក់ ។
ក្រៅពីប្រទេសចិន ជំងឺកូរ៉ូណានេះបានឆ្លង២៧០ករណីទៀត នៅប្រទេសយ៉ាងតិច២៥ ក្នុងនោះ នៅប្រទេសហ្វីលីពីនមួយករណីបានស្លាប់ផងដែរ ៕