ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់​អាយុ២៥ឆ្នាំ ប៉ុនប៉ងសម្លាប់ លោកដូណាល់ ត្រាំ មិនបានសម្រេច

ចែករំលែក៖

បុរសម្នាក់ត្រូវបានចាប់ខ្លួន​នៅខាងក្រៅ​សេតវិមាន ក្រោយពីរូបគាត់​បានប្រាប់​កងកម្លាំងសន្តិសុខ​សម្ងាត់អាមេរិក​មួយរូប​ថា​ រូបគេមានបំណងសម្លាប់​លោកដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក​ទី៤៥​។ នេះបើតាមការផ្សាយរបស់សារព័ត៌មាន standard កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០។

ប៉ូលិសនៅទីក្រុងវ៉ាស៊ីនតោន​ឌីស៊ី​បានបញ្ជាក់​ប្រាប់ប្រភពព័ត៌មានផ្សាយថា បុរសឈ្មោះ Roger Hedgpeth អាយុ​២៥ឆ្នាំ​ ត្រូវកម្លាំងសន្តិសុខចាប់ខ្លួន​កាលពីរសៀលថ្ងៃ​ទី៨ ខែកុម្ភៈ ក្រោយពីការគំរាមកំហែង​ដល់ប្រធានាធិបតី​សហរដ្ឋអាមេរិក ។

មន្ត្រីប៉ូលិសសម្ងាត់ម្នាក់​ដែលបាននិងកំពុងល្បាត​នៅខាងក្រៅសេតវិមាន​ នៅពេលដែលលោក Hedgepeth ត្រូវបានចូលប្រកាន់ថាចូល​ទៅកាន់ទីនោះ​ដោយខុសច្បាប់បានបញ្ជាក់ថា រូបគាត់ (Hedgepeth)​​មកទីនេះ​ក្នុងបំណង ​«ធ្វើឃាត» លោក ត្រាំ ។

សារព័ត៌មាន AP បានទទួលរបាយការណ៍ពីប៉ូលិស​បានបញ្ជាក់ថា បុរស​អាយុ​២៥ឆ្នាំ Roger Hedgpeth បានបញ្ជាក់ថា «ខ្ញុំមានកាំបិតមួយដើម​​ជាប់មកជាមួយខ្លួនផងដែរ» ហើយប៉ូលិស​ក៏បានរកឃើញ​កាំបិទ​មួយដើម​នោះប្រាកដមែន លាក់ទុកនៅ​ត្រង់ត្រគាកខាងឆ្វេង​របស់គេ ។

ប៉ូលិសបញ្ជាក់ថា បុរសសង្ស័យ​រូបនេះ ​មកពីទីក្រុង Brandon រដ្ឋ ផ្ល័រីដា សហរដ្ឋអាមេរិក ។ ប៉ូលិសបានរកឃើញ​ប្រដាប់ប្រដា​កាំភ្លើងខ្លី​នៅ​ត្រង់ត្រគាក​ខាងស្តាំ​របស់គាត់ផងដែរ ។

ប៉ូលិសបានពណ៌នា​នៅក្នុងរបាយការណ៍បញ្ជាក់ថា បុរសរូបនេះ​ជាមនុស្សមានរោគចិត្តធ្ងន់ធ្ងរ ។ ប៉ុន្តែគេមិនដឹងថា បុរសរូបនេះ​មានអការជំងឺនេះ​រយៈពេលវែងប៉ុណ្ណាហើយនោះទេ និងមិនដឹងថា តើ​បុរសរូបនោះ​មកកាន់ទីក្រុងវ៉ាស៊ីនតោនឌីស៊ី​បានដោយរបៀបណាឡើយ ។

ប៉ូលិសបានសង្កត់ធ្ងន់ថា បុរស Hedgpeth ត្រូវបញ្ជូនចូលកាន់មន្ទីរឃុំឃាំង​បណ្តោះអាសន្ន មុនពេលបញ្ជូន​បន្ត​ទៅកាន់មន្ទីរពេទ្យ​ផ្នែករោគចិត្ត​ដើម្បី​ពិនិត្យ​វិនិច្ឆ័យបន្ត ៕


ចែករំលែក៖