ភ្នំពេញ៖ តារាចំរៀងកញ្ញា គង់ ចាន់រដ្ឋា បានធ្វើឲ្យអ្នកគាំទ្រខ្លួនចាប់អារម្មណ៍ខ្លាំងក្រោយពីតារាស្រីរូបនេះបង្ហាញឈុតបុរាណឆ្នៃយ៉ាងប្រណីតជាច្រើនសន្លឹក ។ តារាស្រីរូបនេះបញ្ជាក់ថាឈុតបុរាណដ៏ស្រស់ស្អាតច្នៃដោយអ្នកជំនាញនេះគឺដើម្បីរំលេចក្នុងការសម្តែងបទចំរៀងថ្មីមួយរបស់នាងផ្ទាល់ ។
ជាលើកដំបូងក្នុងការសម្តែងMVបទចំរៀងថ្មីផ្ទាល់ខ្លួនដែលតារាចំរៀងស្រី គង់ ចាន់រដ្ឋា បានលាយបញ្ចូលគ្នានូវឈុតឆាកបុរាណនិងសម័យរួមគ្នា ដោយសម្រិតសម្រាំងយ៉ាងពិសេសជាកាដូជូនអ្នកគាំទ្រនាង ។ តារាស្រីរូបនេះបញ្ជាក់ថា មានម៉ូតសម្លៀកបំពាក់បុរាណ២ ឈុតដែលនាងនឹងបង្ហាញក្នុងស្នាដៃបទចំរៀងថ្មីគឺបទ ម្ចាស់ជីវិតស្នេហ៍អូន ដែលនឹងចាប់ផ្តើមផលិតក្នុងពេលដ៏ខ្លីខាងមុខនេះ ។
នាងថា ជាឈុតដែលច្នៃចេញពីសម្លៀកបំពាក់អប្សរា អមដោយការច្នៃប្រឌិតថ្មីបន្ថែម បានធ្វើឲ្យឈុតប្រណីតមួយនេះចេញជារូបរាង ។ នាងស្នើមិនបញ្ជាក់អំពីខ្ទង់ចំណាយក្នុងការច្នៃម៉ូដសម្លៀកបំពាក់ទាំងនេះ ប៉ុន្តែនាងលើកឡើងថាជាការចំណាយរបស់ផលិតកម្ម ។
នាងថាការយកឈុតទាំងនេះមកបង្ហាញក្នុងបទថ្មីព្រោះតែវាជាបទចំរៀងដែលទទួលបានការគាំទ្រច្រើនពីទស្សនិកជន ហើយបទចំរៀងនេះ ក៏មានការលាយបញ្ចូលគ្នានៃបទភ្លេងចំរៀងប្រពៃណីផងដែរ ។
នាងថា ជាចំណែកមួយនៃការចូលរួមថែរក្សារអភិរក្សអភិវឌ្ឍន៍លើកដំកើងអត្តសញ្ញាណជាតិខ្មែរពិសេសសម្លៀកបំពាក់តាមរយៈស្នាដៃសិល្បៈចំរៀង ហើយនាងរំពឹងថាក្រោយចេញជារូបរាង ស្នាដៃថ្មីនេះនឹងទទួលបានការពេញចិត្តខ្លាំងពីទស្សនិកជន ។
សម្រាប់ឆ្នាំថ្មីនេះនាងក៏បានត្រៀមនូវបទចំរៀងថ្មីៗជាច្រើនបទដើម្បីបំពេញចិត្តអ្នកគាំទ្រផងដែរ ហើយនាងនឹងស្វែងរកអ្វីដែលថ្មីៗបម្រើការកម្សាន្តរបស់ទស្សនិកជន៕ វឌ្ឍនា