ប្រទេសចិនទិញដល់ទៅជាង ២ភាគ៣ នៃប្រេងឆៅពីបណ្តាប្រទេស-សមាជិក OPEP និងពីប្រទេសនានាដៃគូ OPEP ក្នុងនោះមាន អារ៉ាប៊ី សាអ៊ូឌីត ដែលជាប្រទេសនាំមុខគេ ខាងផលិតប្រេង ។ ចំណែករុស្ស៊ី ដែលជាប់លេខ២ មិនសប្បាយចិត្ត នឹងបន្ថយតទៅទៀត ការផលិតប្រេង ដ្បិត ពួកក្រុមហ៊ុនប្រេង របស់ខ្លួន និង រដ្ឋាភិបាល រុស្ស៊ីផ្ទាល់ ត្រូវការ ចំណូល ឲ្យបានច្រើនជាងមុន ។
កន្លងមករដ្ឋមន្ត្រីក្រសួងថាមពលរុស្ស៊ី បានប្រកាស ថា ប្រទេសគាត់ ដែលជាដៃគូ នៃ ក្រុមប្រទេស សមាជិកអង្គការប្រទេសនាំប្រេងចេញ ក្នុងក្របខ័ណ្ឌ OPEP + នឹងប្រកាន់យកជំហរខ្លួន ចំពោះ សំណើរកាត់បន្ថយបន្ថែមទៀតជាយថាហេតុ កាផលិតប្រេងឆៅ គឺ ក្នុង”ប៉ុន្មានថ្ងៃចំពោះមុខ” ។
តាមប្រព័ន្ធផ្សព្វផ្សាយជាច្រើន រុស្ស៊ី បានថ្លែងជំទាស់នឹង អនុសាសន៍ នៃ គណៈកម្មាធិការបច្ចេកទេស របស់ អង្គការ OPEP+ គឺ នាកិច្ចប្រជុំវិសាមញ្ញនៅក្រុង Vienne ឲ្យបញ្ចុះ ការផលិតប្រេងឆៅ ក្នុងទំហំដល់ ៦០០.០០០ បារីល ក្នុងមួយថ្ងៃ បន្ថែមទៀត ដើម្បីទប់កុំឲ្យ តម្លៃប្រេងនេះ ធ្លាក់ចុះតទៅទៀត ដោយមកពី ជម្ងឺឆ្លងរាលដាល នៃ កូរ៉ូណាវីរុស មានប្រភពក្នុងប្រទេសចិន ។ “ ខ្ញុំគិតថា បញ្ហានឹងដោះស្រាយ ក្នុងប៉ុន្មានថ្ងៃទៀត ។ យើងនឹងឃើញ តើស្ថានការណ៍នឹងវិវឌ្ឍយ៉ាងណាៗ ក្នុងប៉ុន្មានថ្ងៃចំពោះមុខ” – សេចក្តីនេះ ត្រូវបានលោករដ្ឋមន្ត្រីថាមពលរុស្ស៊ី ថ្លែងទៅទីភ្នាក់ងារព័ត៌មានជាតិ ដោយមិនលំអិត តើក្នុងក្របខ័ណ្ឌណា ដែលគាត់នឹងទម្លាយឲ្យដឹងពីជំហរនេះ ។
ស្របនឹងប្រព័ន្ធផ្សព្វផ្សាយ អារ៉ាប៊ី សាអ៊ូឌីត ចង់ឲ្យការកាត់បន្ថយថែមទៀតនេះ មានទំហំ ពី ៨ សែន ដល់ ១ លាន បារីលក្នុងមួយថ្ងៃ ហើយក៏ស្នើ នូវដំណោះស្រាយ សម្របសម្រួល ត្រឹម ៦ សែន បារីល ក្នុងមួយថ្ងៃ ។ អង្គការ OPEP+ ដំណើរការ ឈរលើការព្រមព្រៀងគ្នា រវាងគ្រប់តែប្រទេសដែលចូលរួម ។ កិច្ចប្រជុំ បាន ចប់ទៅ ដោយគ្មានលទ្ធផលទេ៕