ព័ត៌មានទាន់ហេតុការណ៍៖

ជម្លោះរឿងសាច់ក្លែមបង្កជាអំពើហិង្សា ម្នាក់ចូលពេទ្យ ម្នាក់ជាប់ខ្នោះ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖បុរសម្នាក់បានធ្លាយពោះវៀនចេញមកក្រៅមើលទៅគួរឲ្យញញើតបន្ទាប់ពីរងនូវការចាក់ប្រហារពីសំណាក់ប្អូនប្រុសរបស់ខ្លួន ដោយសារតែទំនាស់ពាក្យសំដីក្នុងវង់ផឹកស៊ីរឿងជ្រុះសាច់ក្លែមចូលទឹកកក ។ ក្រោយកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យក្រុងភ្នំពេញដោយឡែកជនបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្តនីតិវិធី ។

ករណីអំពើហិង្សានេះ កើតឡើងកាលពីវេលាម៉ោង 20 និង 30 នាទីថ្ងៃទី 9 ខែកុម្ភៈ ឆ្នាំ 2020 នៅចំណុចភូមិព្រៃដងទឹក ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ជនដៃដល់មានឈ្មោះ ជួនណាន ភេទប្រុស អាយុ 23 ឆ្នាំ ចំណែកឯជនរងគ្រោះមានឈ្មោះ ឈួន យ៉ាណា ភេទប្រុស អាយុ 26 ឆ្នាំ ជាបងប្អូនបង្កើតនឹងគ្នា រស់នៅកន្លែងកើតហេតុខាងលើ ។

បើតាមប្រភពបានឲ្យដឹងថា មុនពេលកើតហេតុពីរនាក់បងប្អូន (ជនដៃដល់ និងជនរងគ្រោះ) ព្រមទាំងមិត្តភក្តិផ្សេងៗទៀត បានអង្គុយផឹកស៊ី តាំងពីក្បាលព្រលប់រហូតដល់យប់ មុនពេលកើតហេតុ អ្នកផ្សេងៗទៀតបានត្រឡប់ទៅផ្ទះវិញអស់ ពេលនោះនៅសល់តែជនសង្ស័យ និងជនរងគ្រោះអង្គុយផឹកតែពីរនាក់បងប្អូន ។ ពេលកំពុងផឹក ជនដៃដល់បានធ្វើឲ្យសាច់ក្លែមជ្រុះទៅក្នុងធុងទឹកកក ពេលនោះជនរងគ្រោះបានស្ដីបន្ទោសឲ្យយ៉ាងច្រើន ធ្វើឲ្យជនបង្កមានកំហឹងយ៉ាងខ្លាំងបានរត់ឡើងទៅលើផ្ទះ ស្របពេលនោះដែរ ជនរងគ្រោះក៏បានរត់ទៅតាមហើយក៏ប្រតាយប្រតប់គ្នានៅលើកាំជណ្ដើរ ។

ប្រភពបន្តថា ពេលកំពុងប្រតាយប្រតប់នោះ ជនដៃដល់ត្រូវបានជនរងគ្រោះរុញឲ្យធ្លាក់ពីកាំជណ្ដើរ តែសំណាងល្អបានមិត្តជួយទ្រ និងចាប់ទាន់កុំអីដួលបោកក្បាលស្លាប់បាត់ទៅហើយ ។

បន្ទាប់មកទៀត អ្នកទាំងពីរក៏បានព្យាយាមប្រតាយប្រតប់គ្នាបន្តទៀតមួយសន្ទុះក្រោយមកគេក៏បានឃើញជនរងគ្រោះមានឈាមហូរជោកខ្លួនស្របពេលនោះដែរពោះវៀនក៏បានធ្លាយចេញមកក្រៅឃើញដូច្នោះបងប្អូនឯទៀតដែលនៅផ្ទះជាមួយក៏បានស្ទុះទៅចាប់ឱបយកដៃខ្ទប់ពោះវៀន និងយកកន្សែងចងរិតហើយបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យនៅក្រុងភ្នំពេញ ។

ក្រោយបង្កឲ្យមានអំពើហិង្សារបួសបងប្រុសបង្កើតហើយជនដៃដល់បានព្យាយាមរត់គេចខ្លួនតែត្រូវបានក្រុមគ្រួសាររាយការណ៍ឲ្យសមត្ថកិច្ចមកឃាត់ខ្លួនដោយដំបូងឡើយស្នើសុំឲ្យសមត្ថកិច្ចចាត់ការជនដៃដល់តាមនីតិវិធី ។

បើតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថាក្រោយពេលដែលសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនជនដៃដល់មកដល់អធិការនគរបាលស្រុកគងពិសីហើយឪពុកម្ដាយសាច់ញាតិបានមកសូមអង្វរឲ្យសមត្ថកិច្ចដោះលែងជនដៃដល់ទៅវិញដោយគាត់យល់ឃើញថាកាលពីយប់ពួកគាត់កំពុងមានកំហឹងទើបប្តឹងឲ្យចាប់ ពេលនេះមិនចង់ឲ្យកូនម្នាក់ដេកពេទ្យហើយកូនម្នាក់ទៀតត្រូវជាប់គុកនោះទេ ។ ។ ទោះជាយ៉ាងណាសមត្ថកិច្ចមិនហ៊ានអនុញ្ញាតឲ្យជនដែលដល់ត្រឡប់ទៅវិញដោយគ្មានការឯកភាពពីថ្នាក់លើនោះដែរម្យ៉ាងវិញទៀតរឿងនេះសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបន្តនីតិវិធីតាមផ្លូវច្បាប់ ៕ សេនាស័ក្តិ


ចែករំលែក៖