ព័ត៌មានទាន់ហេតុការណ៍៖

នឹងចាត់វិធានការជាបន្ទាន់ចំពោះគ្រូបង្រៀនរូបណាធ្វើសកម្មភាពយកលុយពីសិស្ស

ចែករំលែក៖

ភ្នំពេញ៖ ថ្លែងនៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងឱកាសដែលអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា រៀបចំសន្និសីទព័ត៌មានស្តីពី វឌ្ឍនភាព និងទិសដៅការងារបន្តរបស់ក្រសួងអប់រំ លោក ឌី ខាំបូលី បានអះអាងថា ក្រសួងអប់រំ យុវជន និងកីឡា នឹងចាត់វិធានការជាបន្ទាន់ចំពោះគ្រូបង្រៀនរូបណា ដែលធ្វើសកម្មភាពយកលុយពីសិស្ស ទោះក្រោមហេតុផលណាក៏ដោយ។

លោក ឌី ខាំបូលី បញ្ជាក់ថាជាគោលការណ៍ក្រសួងអប់រំ មិនឲ្យគ្រូបង្រៀនតាមសាលានានា យកលុយកាក់ពីសិស្សនោះទេ។ ប៉ុន្តែលោកបានទទួលស្គាល់ថា សព្វថ្ងៃនេះពិតជាមានការយកលុយពីសិស្ស នៅតាមសាលាមួយចំនួនតូចពិតប្រាកដមែន។

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «បើសិនមានព័ត៌មានបែបហ្នឹង សូមសហការជួយផ្តល់ព័ត៌មាន តាមរយៈខ្ញុំផ្ទាល់ក៏បាន តាមរយៈក្រុមអ្នកនាំពាក្យក្រសួងក៏បាន ដែលយើងមានលេខទូរស័ព្ទប្រកាសជាសាធារណៈរួចហើយ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានប្រកាស គ្រប់លេខទូរស័ព្ទអ្នកនាំពាក្យទាំងអស់ នៅគ្រប់ក្រសួងស្ថាប័ន។ ដូច្នេះអាចផ្តល់ព័ត៌មាននេះមកពេលណាក៏បាន ប្រសិនបើកើតឡើងមែន នឹងមានវិធានការជាបន្ទាន់ចំពោះបុគ្គលមួយចំនួនតូច ដែលធ្វើសកម្មភាពយកលុយកាក់ពីសិស្ស »។

លោក ឌី ខាំបូលី ឲ្យដឹងទៀតថា គ្រូបង្រៀនសព្វថ្ងៃមានចំនួនច្រើនណាស់ ហើយចំពោះការរាយការណ៍ពីសកម្មភាពយកលុយពីសិស្ស បើសិនមានការសហការ ពីគ្រប់មជ្ឈដ្ឋាននានានោះ គឺជារឿងដែលក្រសួងចង់បានបំផុត។

មកដល់ពេលបច្ចុប្បន្ន កម្ពុជាមានសាលារៀននៅទូទាំងប្រទេសសរុប ១៤,៥២២សាលា រាប់ចាប់ពីមត្តេយ្យសិក្សា ដល់ថ្នាក់វិទ្យាល័យ ក្នុងនោះសាលារដ្ឋមានចំនួន ១៣,៣០០សាលា។ ដោយឡែក គ្រឹះស្ថានបណ្តុះបណ្តាលថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សា ដែលរួមមានសាកលវិទ្យាល័យ និងវិទ្យាស្ថាននោះ មានចំនួន ១២៥សាលា ក្នុងនោះរដ្ឋមានចំនួន៤៨។ ក្នុងនោះដែរសិស្សដែលកំពុងសិក្សាពីថ្នាក់មត្តេយ្យ ដល់ឧត្តមសិក្សាមានជាង ៣លាននាក់ សិស្សជានារីមានជាង ៤៩ភាគរយ។ សិស្សសិក្សាថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សាមានជាង ២១ម៉ឺននាក់ខណៈបច្ចុប្បន្នមានបុគ្គលិកអប់រំទាំងអ្នកបង្រៀន និងអ្នកបម្រើការងារលើវិស័យអប់រំមានចំនួនសរុបជាង ១២ម៉ឺននាក់ ក្នុងនោះអ្នកបង្រៀនមានជាង ៩ម៉ឺននាក់ រួចទៅហើយ ៕ ប្រាថ្នា


ចែករំលែក៖