ខេត្តរតនគិរី: កម្លាំងសាខាកាំកុងត្រូលខេត្តរតនគិរី បានរកឃើញសំណល់ថ្នាំកសិកម្មចំនួន 0.៣ គីឡូក្រាម នៅក្នុងស្លឹកខ្ទឹម ដែលអាជីវករតាំងលក់នៅក្នុងផ្សារបានលុង រួចដកហូតយកទៅកម្ទេចចោល ។
មន្ត្រីសាខាកាំកុងត្រូលខេត្តរតនគិរី ប្រតិបត្តិការនេះបានធ្វើឡើងនៅព្រឹក ថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២០នៅផ្សារបាលុង ក្រុងបាលុង ខេត្តរតនគិរី ក្រោមការចូលរួមពីមន្ត្រីសាខាកាំកុងត្រូលខេត្តរតនគិរី សហការពីមន្រ្តីមន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី និងគណ:កម្មការផ្សារ បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ ។
ប្រភពដដែលបានឲ្យដឹងទៀតថា ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើតេស្តបឋម ដើម្បីរកសារធាតុគីមីហាមឃាត់ ទៅលើផលិតផលម្ហូបអាហារដែលដាក់តាំងលក់ក្នុងផ្សារបានចំនួន ៤៤ គំរូ។ ជាមួយគ្នានោះ មន្ត្រីជំនាញ បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។
ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញសំណល់ថ្នាំកសិកម្មចំនួន 0.៣ គីឡូក្រាម នៅក្នុងស្លឹកខ្ទឹម។ បន្ទាប់មកមន្ត្រីជំនាញ បានធ្វើកំណត់ហេតុដកហូត ស្លឹកខ្ទឹមទាំងនោះយកទៅរក្សាទុក ដើម្បីធ្វើការកម្ទេចចោល និងបានធ្វើការណែនាំដល់អាជីវករដទៃ ឲ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕ ប្រាថ្នា