ខេត្តកណ្តាល ៖ មានរឿងស្នេហាត្រីកោណមួយកើតឡើងដោយមនុស្ស៣នាក់ធ្វើការនៅអង្គភាពតែមួយហើយត្រូវបានគេដឹងថាភាគីខាងស្រីមានស្វាមីនិងកូន១រួចទៅហើយតែមិនដឹងរឿងអីលួចទៅបង្កាត់ភ្លើងស្នេហ៍ដោយឆក់កណ្តៀតជាមួយបុរសម្នាក់ទៀតដែលធ្វើការជាមួយខ្លួននិងជាមួយស្វាមីទាំងពុះកញ្ជ្រោលនោះទេ។
ប្រភពពីមន្រ្តីនគរបាលខេត្តកណ្តាលម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបានលួចបង្ហើបឲ្យដឹងថា បុរសជាប្តីដែលប្រពន្ធលួចទៅមានស្នេហ៍លួចលាក់ជាមួយប្រុសថ្មីនោះមានឈ្មោះ ចេវ សុភាព អាយុ២៩ឆ្នាំ មុខរបរ មន្រ្តីនគរបាលផ្នែកអន្តរាគមន៍ ខេត្តកណ្តាល។ ចំណែកប្រពន្ធមានឈ្មោះ វ.ស.ជ.ត អាយុ២៨ឆ្នាំ,មុខរបរជាមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោកខេត្តកណ្តាល។ ដោយឡែកសហាយស្មន់ មានឈ្មោះ នួន វៃ អាយុ៤៥ឆ្នាំ, មុខរបរជានាយរងការិយាល័យចរាចរណ៍ផ្លូវគោកខេត្តកណ្តាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ព្រះនាមទិព្វ៩(សហាយ) ដែលអ្នកទាំង៣ ជានគរបាលទាំងអស់គ្នា។
ប្រភពដដែលបានឲ្យដឹងទៀតថា បុរសជាប្តីបានទៅដាក់ពាក្យបណ្តឹងនៅការិយាល័យនគរបាលប្រឆាំងការជួញដូរផ្លូវភេទ និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ខណៈគាត់បានតាមដានដល់ផ្ទះសំណាក់ឃើញប្រពន្ធរបស់គាត់ជាមន្រ្តីនគរបាលចរាចរខេត្តកណ្តាលបានទៅក្រេបទឹកឃ្មុំជាមួយមន្រ្តីនគរបាលចរាចរណ៍ដូចគ្នានៅក្នុងផ្ទះសំណាក់យីហោ ឈីវសេង ក្នុងបន្ទប់លេខ១០២ ស្ថិតក្នុងភូមិថ្មី សង្កាត់-ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីវេលាម៉ោង ៦ល្ងាច ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ មកម្ល៉េះ ។
ក្រោយពីទទួលពាក្យបណ្តឹងនេះភ្លាម នៅ ថ្ងៃ សុក្រ ៦ រោច ខែ មាឃ ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ សមត្ថកិច្ចជំនាញបានចុះពិនិត្យដល់កន្លែងកើតហេតុជាកន្លែងឡើងឋានសួគ៌របស់ប្រពន្ធនិងសហាយតាមពាក្យបណ្តឹងភាគីខាងប្តី ជាហេតុធ្វើឲ្យផ្អើលឈុលដូចបែកពាងប្រហុក និងធ្វើឲ្យកក្រើក ដល់ថ្នាក់ដឹកនាំនិងមន្រ្តីនគរបាលចរាចរណ៍ខេត្តកណ្តាល ខណៈដែលគេមិននឹកស្មានដល់ថា នារីជាមន្រ្តីនគរបាលចរាចរណ៍រូបនេះក្លាយជាសហាយស្មន់ ជាមួយនគរបាលចរាចរណ៍ដូចគ្នាយ៉ាងអាម៉ាស់ក្នុងសង្គមបែបនេះឡើយ។
តាមរបាយការណ៍ពីសមត្ថកិច្ចនគរបាលការិយាល័យនគរបាលប្រឆាំងការជួញដូរផ្លូវភេទ និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលឲ្យដឹងថា ជនរងគ្រោះជាប្តីបានរៀបការជាមួយគ្នាអស់រយៈពេល៥ឆ្នាំមកហើយ ដោយប្តីធ្វើជាមន្រ្តីនគរបាលផ្នែកអន្តរាគមន៍ រីឯប្រពន្ធជាមន្ត្រីនគរបាលចរាចរខេត្តកណ្តាល។ ក្រោយមកអ្នកទាំងពីរទទួលបានចំណងដៃកូនស្រី១នាក់ តែមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍តាមផ្លូវច្បាប់ឡើយ។
លុះក្រោយមកក្នុងអំឡុងប្រហែល២០ថ្ងៃមុនកើតហេតុនេះ ជនរងគ្រោះនិងប្រពន្ធបានឈ្លោះប្រកែកគ្នា បន្តិចបន្តួច ហើយប្រពន្ធគាត់ក៏បានចុះចោលផ្ទះបាត់ទៅ ដោយទុកកូនស្រីឲ្យនៅជាមួយប្តី ។
លុះរហូតមកដល់វេលាម៉ោង ៦ល្ងាច ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ ជនរងគ្រោះជាប្តីក៏បានតាមរកឃើញប្រពន្ធរបស់គាត់កំពុងនៅក្នុងបន្ទប់លេខ១០២នៃផ្ទះសំណាក់យីហោ ឈាវ សេង ជាមួយបុរសឈ្មោះ នួន វៃ ទើបគាត់សម្រេចចិត្តប្តឹងទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលតាខ្មៅឲ្យចុះជួយធ្វើអន្តរាគមន៍ ដល់កន្លែងកើតហេតុ តែប្រពន្ធគាត់បានរត់គេចខ្លួនបាត់ទៅ ។
បន្ទាប់មកដោយស្រាវជ្រាវរកប្រពន្ធមកដោះស្រាយគ្នាមិនឃើញ បុរសជាប្តីក៏ដាក់ពាក្យបណ្តឹងបន្តទៅកាន់ការិយាល័យនគរបាលប្រឆាំងការជួញដូរផ្លូវភេទ និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ហើយមកដល់ថ្ងៃ សុក្រ ៦ រោច ខែ មាឃ ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ២០២០ នេះ សមត្ថកិច្ចជំនាញការិយាល័យនេះកំពុងកសាងសំណុំរឿងចាត់ការតាមច្បាប់ហើយ ៕ ស្អាងជ័យ