កន្លងមកថ្មីៗ សភាអាមេរិកបានបោះឆ្នោតអនុម័ត «ចងដៃ» លោកត្រាំ មិនឲ្យធ្វើសង្គ្រាមវាយប្រហារអ៊ីរ៉ង់ ប្រសិនបើគ្មានការអនុញ្ញាតពីសភានោះទេ ។ សកម្មភាពខាងលើរបស់សភាអាមេរិកកើតឡើងក្រោយពេល អាមេរិក និងអ៊ីរ៉ង់ មានសកម្មភាព ប្រឈមមុខតានតឹងដាក់គ្នា។
នៅក្នុងឱកាសខួប៤០ថ្ងៃ នៃការស្លាប់របស់មេទ័ពដែលអាមេរិកវាយប្រហារ សម្លាប់ មេដឹកនាំកម្លាំងបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ បានប្រកាសថា អ៊ីរ៉ង់បានត្រៀមលក្ខណៈវាយប្រហារអាមេរិកនិងអ៊ីស្រាអែល ប្រសិនបើប្រទេសនេះហានវាយប្រហារអ៊ីរ៉ង់នោះ។
នៅក្នុងសុន្ទរកថាតាមកញ្ជក់ទូរទស្សន៍ផ្សាយផ្ទាល់ កាលពីថ្ងៃទី១៣ខែកុម្ភៈ មេទ័ពអ៊ីរ៉ង់ លោក Hossein Salamiបានបញ្ជាក់ថា«បើទោះបីប្រទេសទាំងពីរបំពានអ៊ីរ៉ង់ នៅកំហុសតូចមួយ អ៊ីរ៉ង់នឹងបើកការវាយប្រហារទៅលើប្រទេសទាំងពីរភ្លាម។
សារព័ត៌មានរ៉យទ័របានផ្សាយថា ការប្រកាសខាងលើរបស់មេទ័ព Hossein Salami ធ្វើឡើងក្នុងឱកាសបុណ្យគម្រប់៤០ថ្ងៃ នៃការស្លាប់របស់មេទ័ព Hossein Salami ដែលអាមេរិក បាញ់សម្លាប់នៅអាកាសយានដ្ឋានប្រទេសអ៊ីរ៉ាក់នាថ្ងៃទី៣ខែមករា រួមទាំងមន្ត្រីយោធាជាច្រើនរូបទៀត។
កាលពីសប្តាហ៍កន្លងមក មេដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei បានប្រកាសថា អ៊ីរ៉ង់នឹងជួយដល់ក្រុមប្រដាប់អាវុធ ប៉ាឡេស្ទីនដើម្បីប្រឆាំង គម្រោងសន្តិភាពរវាងអ៊ីស្រាអែល និងប៉ឡេស្ទីនដែលរៀបចំឡើងដោយអាមេរិក។ គម្រោងសន្តិភាពនោះបានផ្តល់ផលប្រយោជន៍ជាច្រើនដល់សម្ព័ន្ធមិត្តអ៊ីស្រាអែល ។ភាគីប៉ាឡេស្ទីន និងប្រទេស តំបន់អារ៉ាបបានច្រានចោលគម្រោង គ្មានតម្លាភាពទាំងនោះ ។
ជាមួយគ្នានេះដែរ នៅថ្ងៃទី១៤ខែកុម្ភៈ ទីតាំងយោធា K1 របស់អាមេរិក ស្ថិតនៅក្នុងខេត្ត Kirkuk ប្រទេសអ៊ីរ៉ាក់ រងការវាយប្រហារ ដោយរ៉ុក្កែតពីក្រុមឧទ្ទាម។ នេះជាការវាយប្រហារលើកទីមួយទៅលើទីតាំងយោធាខាងលើ។ កាលពីចុងខែធ្នូឆ្នាំ២០១៩ ទីតាំងយោធានោះដែររងការវាយប្រហារដោយរ៉ុក្កែតបណ្តាលឲ្យមេការសំណង់ម្នាក់ ស្លាប់។
មកទល់ពេលនេះមិនទាន់មានរបាយការណ៍ថាតើមានអ្នកស្លាប់ឬរងរបួស ក៏ដូចជាខូចខាតនៅក្នុងការវាយប្រហារនោះឡើយ ។ជាមួយគ្នានេះអាមេរិក បានទម្លាក់កំហុសទៅលើក្រុមប្រដាប់អាវុធ Kataeb Hezbollah មានទំនាក់ទំនងជាមួយអ៊ីរ៉ង់ជាអ្នកវាយប្រហារ។
ការវាយប្រហារទៅលើទីតាំងយោធាអាមេរិកកើតឡើង ក្រោយពេល អ៊ីរ៉ង់ ក៏ដូចជាក្រុមឧទ្ទាមនៅក្នុងតំបន់មជ្ឈឹមបូព៌ា បានព្រមានអាមេរិកឲ្យដកទ័ពចេញពី អ៊ីរ៉ាក់ បើមិនចង់ឲ្យខូចខាត បាត់បង់អាយុជីវិតទាហាននោះ។ ការប្រមានខាងលើបន្ទាប់ពីអាមេរិក វាយប្រហារសម្លាប់មេទ័ពអ៊ីរ៉ង់ លោក Qasem Soleimaniនៅអាកាសយានដ្ឋាន ក្នុងប្រទេសអ៊ីរ៉ាក់។ ក្រោយមកអ៊ីរ៉ង់ ក៏បានបើកការវាយប្រហារទៅលើទីតាំងយោធាអាមេរិកពីរកន្លែងក្នុងទឹកដីអ៊ីរ៉ាក់ បណ្តាលឲ្យទាហានអាមេរិកជាច្រើនរងរបួស។
ដោយឡែកអ៊ីស្រាអែល បានវាយប្រហារទៅលើទីតាំងជាច្រើនកន្លែងរបស់កងជីវពលគាំទ្រអ៊ីរ៉ង់ ដោយបានសម្លាប់មនុស្ស ប្រហែល២៣នាក់។
បណ្ដាញទូរទស្សន៍រដ្ឋស៊ីរី បានថ្លែង កាលពីថ្ងៃទី១៣ ខែកុម្ភៈ ថា ប្រព័ន្ធការពារអាកាសរបស់ស៊ីរី បានបាញ់ទម្លាក់កាំជ្រួចជាច្រើនដើម ដែលឆ្លងកាត់តំបន់ខ្ពស់រាប ហ្គោឡែន នៅលើទឹកដីអ៊ីស្រាអែល មុនពេលហោះទៅវាយប្រហារគោលដៅជាច្រើនកន្លែង នៅក្នុងរដ្ឋធានីដាម៉ាស់។
បើតាមទីភ្នាក់ងារសារព័ត៌មានស៊ីរី SANA បានឲ្យដឹងថា កងទ័ពរបស់អ៊ីស្រាអែល បានវាយប្រហារទៅលើតំបន់នានា នៅជិតទីក្រុងដាម៉ាស់។ រហូតមកដល់ពេលនេះ កងទ័ពអ៊ីស្រាអែល តែងតែវាយប្រហារតាមអាកាស ទៅលើ គោលដៅជាច្រើន នៅក្នុងប្រទេសស៊ីរី ក៏ដូចជា ប្រទេសអ៊ីរ៉ាក់ ដែលតម្រង់គោលដៅទៅលើអ៊ីរ៉ង់ នៅក្នុងប្រទេសទាំងនោះ។ ការវាយប្រហារនេះ គឺអ៊ីស្រាអែល មានចេតនា ជំរុញឲ្យអ៊ីរ៉ង់ ដកកងកម្លាំងរបស់ខ្លួនចេញពីប្រទេសទាំងនេះ។
លោក បេនចាមីន ណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្រ្ដីអ៊ីស្រាអែល បានថ្លែងប្រាប់វិទ្យុយោធា កាលពីថ្ងៃទី១២ ខែកុម្ភៈ ថា អ៊ីស្រាអែល មិនអនុញ្ញាតឲ្យអ៊ីរ៉ង់ឈរជើង នៅតាមបណ្ដោយព្រំដែន ភាគខាងជើងបានឡើយ។ អ៊ីស្រាអែល នឹងប្រើសិទ្ធិរបស់ខ្លួន ដើម្បីការពារទឹកដីរបស់អ៊ីស្រាអែល។
សារព័ត៌មាន SANA បានរាយការណ៍ កាលពីសប្ដាហ៍មុនថា កងទ័ពអ៊ីស្រាអែល បានវាយប្រហារទៅលើគោលដៅយោធាជាច្រើនកន្លែង នៅភាគខាងលិចទីក្រុងដាម៉ាស់ ដោយអ៊ីស្រាអែល ចាត់ទុកថា ទីនោះជាទីតាំងយោធារបស់អ៊ីរ៉ង់។
បើយោងតាមអង្គការសិទ្ធិមនុស្សស៊ីរី បានឲ្យដឹងថា មីស៊ីលជាច្រើនគ្រាប់ បានបាញ់ទៅលើមូលដ្ឋាន និងទីតាំងជាច្រើនកន្លែងរបស់កងទ័ពស៊ីរី និងកងជីវពលគាំទ្រអ៊ីរ៉ង់។ ការវាយប្រហារ កាលពីសប្ដាហ៍មុននេះ បានសម្លាប់មនុស្ស ចំនួន២៣នាក់ ដោយរួមទាំងកងជីវពលគាំទ្រអ៊ីរ៉ង់ផងដែរ។
កន្លងមកកងនាវាអាមេរិក បានស្ទាក់ចាប់អាវុធរបស់អ៊ីរ៉ង់ ដែលបានបញ្ជូនទៅឲ្យក្រុមឧទ្ទាមហ៊ូធី នៅក្នុងប្រទេសយេមែន។ មន្រ្ដីអាមរិក បានបញ្ជាក់ថា មុនពេលឈានដល់ការចាប់គ្រឿងសឹកខាងលើនេះ នាវាចម្បាំងអាមេរិក USS Normandy កំពុងតែប្រតិបត្ដិការការពារសន្ដិសុខតាមផ្លូវទឹក នៅក្នុងដែនសមុទ្រអារ៉ាប់។ ប៉ុន្ដែនៅពេលនោះ កងទ័ពជើងទឹកអាមេរិក បានឃើញនាវាមួយគ្រឿង ទើបអាមេរិក ស្ទាក់ចាប់ និងឆែកឆេរ ក៏រកឃើញគ្រឿងសព្វាវុធជាច្រើនប្រភេទ។
ប្រភពព័ត៌មានដដែល បានបន្ដថា បន្ទាប់មក អាមេរិក បានរឹបអូសសព្វាវុធទាំងនោះ រួមមាន មីស៊ីលនាំផ្លូវប្រឆាំងនឹងរថក្រោះ ប្រភេទ 150 Dehlavieh និងអាវុធជាច្រើនប្រភេទទៀត។ គ្រឿងសព្វាវុធទាំងនេះ ត្រូវបានផលិត និងឌីហ្សាញឡើង ដោយអ៊ីរ៉ង់៕