ព័ត៌មានទាន់ហេតុការណ៍៖

២១នាក់ស្លាប់នៅអាហ្វហ្គានីស្ថាន​ដោយសារគ្រោះថ្នាក់ទាក់ទង​ព្រិលធ្លាក់

ចែករំលែក៖

បញ្ហាព្រិលធ្លាក់​កំពុងចោទជាបញ្ហា​នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ជាពិសេស​នៅខេត្ត​ភាគកណ្តាល​ប្រទេស​តែ​ម្តង ខណៈប៉ុន្មានថ្ងៃកន្លងទៅថ្មីនេះ គ្រោះថ្នាក់ផ្សេងៗ​បណ្តាលមកពីការធ្លាក់ព្រិល បានសម្លាប់មនុស្ស​យ៉ាងតិច​២១នាក់ ។ នេះបើតាម​អាជ្ញាធរក្នុងតំបន់​ បញ្ជាក់ប្រាប់ប្រភពព័ត៌មាននៅថ្ងៃទី១៤ ខែកុម្ភៈ ២០២០ ។

លោក Ahmad Tameem Azimi អ្នកនាំពាក្យ​ក្រសួងគ្រប់គ្រង​គ្រោះមហន្តរាយ​បានបញ្ជាក់ចា មនុស្ស​៧នាក់​នៅបាត់ខ្លួន​ ក្រោយហេតុការណ៍បាក់ព្រិល​នៅខេត្ត Daykundi ។ លោកបញ្ជាក់ថា មនុស្ស​១០នាក់ផ្សេងទៀត​បានរងរបួស ។ ហេតុការណ៍បាក់ព្រិលនោះ​បានកើតឡើង​នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០។

ជនរងគ្រោះបាត់បង់ជីវិត​២១នាក់​ គឺមកពីគ្រួសារ​ចំនួន​២នៅក្នុងតំបន់ ។ លំនៅឋានប្រហែល​៥០ខ្នងផ្សេងទៀត ​រងការបំផ្លិចបំផ្លាញ​ផងដែរ​ ដោយសារគ្រោះ​ថ្នាក់​នេះ ។ លោក Azimi បានបន្ថែមថា ក្រុមសង្រ្គោះ​បាននិងកំពុងធ្វើការងារ​ស្វែងរក អ្នកនៅបាត់ខ្លួន និង​ជួយជនរងគ្រោះ​នៅកន្លែងកើតហេតុ​តាំងពីថ្ងៃព្រហស្បតិ៍​មកម្ល៉េះ ។

ជនរងគ្រោះបាត់បង់ជីវិត​អាចកើនឡើងច្រើនជាងនេះ។ ស្ថានភាពអាកាសធាតុត្រជាក់​​ជាកត្តា​លំបាកចម្បង​ក្នុងកិច្ចការជួយសង្គ្រោះ​របស់ក្រុមជួយសង្គ្រោះ​។ ផ្លូវហាយវ៉េ​ភាគច្រើន​បានបិទ​ចរាចរណ៍​រាប់សប្តាហ៍​ឯណោះ ដោយសារតែ​ព្រិលធ្លាក់ក្រាស់ឃ្មឹក និង​ការភ័យខ្លាច​ផ្ទាំងព្រិលបាក់សង្កត់ ។

រដូវត្រជាក់​បានចូលមកដល់​នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ហើយព្រិល​ក៏កាន់តែធ្លាក់ខ្លាំង បូករួម​គ្រោះទឹកជំនន់​ថែមទៀត​ធ្វើឲ្យប្រទេសនេះ​រងទុក្ខផ្ទួន​ៗ ។ គិតរយៈពេល​២ខែកន្លងមកនេះ គ្រោះថ្នាក់បាក់ព្រិល និង​ទឹកជំនន់​​សម្លាប់​មនុស្ស​កើនឡើង​៧២នាក់ ។ រងរបួសច្រើននាក់ និង​ផ្ទះសម្បែង​ប្រហែល​២ ៤០០ខ្នងខូចខាត ។

ប្រទេសអាហ្វហ្គានីស្ថាន​បានទទួលរង​នូវ​សង្គ្រាម និងជម្លោះហិង្សា​ប្រហែលជាង​៤ទសវត្សរ៍ ចាប់តាំង​ពីសម័យឈ្លានពានដោយសហភាពសូវៀតឆ្នាំ១៩៧៩។ ប៉ុន្តែ​គ្រោះមហន្តរាយធម្មជាតិ​ ដូចជាបាក់ដី, ទឹកជំនន់, ការបាក់ព្រិលធ្លាក់សង្កត់​សម្លាប់មនុស្ស បាននាំឲ្យស្លាប់​មនុស្ស​កើនឡើងជាបន្តបន្ទាប់ ។ អាហ្វហ្គានីស្ថាន​ជាប្រទេស​ដែល​ពុំសូវមានការអភិវឌ្ឍ​ហេដ្ឋារចនាសម្ពន្ធ​នៅ​ខាងទីក្រុងនោះឡើយ ។ ភាពរិចរិល​ផ្នែកបរិស្ថាននៅក្នុងប្រទេសនេះ​ក៏កំពុងក្លាយជាបញ្ហាធ្ងន់ធ្ងរក្នុងប្រទេសនេះផងដែរ ៕


ចែករំលែក៖