ភ្នំពេញ ៖ អគ្គិភ័យឆាបឆេះផ្ទះអាជីវករចំនួន៤ល្វែងជាប់គ្នា ផ្តើមចេញពីទុស្សេខ្សែភ្លើងនៅលើបង្គោលភ្លើងខាងក្រៅផ្ទះ ឆេះរាលចូលដល់ក្នុងផ្ទះ ជាបន្តបន្ទាប់ អស់ទាំងទ្រព្យសម្បត្តិជាច្រើនសន្ធឹកសន្ធាប់ បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៥និង៥០នាទីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅតាមផ្លូវចោមចៅ ទល់មុខផ្សារត្រពាំងថ្លឹង ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ផ្ទះដែលឆាបឆេះចំនួន០៤ល្វែងផ្ទះទំហំ ៤ម៉ែត្រx១៧ម៉ែត្រ និងឆេះរាលដាលដល់ផ្ទះចំនួន០១ល្វែងទៀត ។ ម្ចាស់ឈ្មោះ ជុំ រ៉នភេទប្រុសអាយុ៦៦ឆ្នាំ មុខរបរ លក់ម៉ូតូ ។
តាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ នៅលើបង្គោលភ្លើងខាងមុខផ្ទះ កើតមានទុស្សេខ្សែភ្លើង បង្កជាអគ្គិភ័យឆេះខ្សែភ្លើងនៅលើបង្គោល ហើយនាំគ្នាទៅហៅដាស់ម្ចាស់ផ្ទះលក់ពូក តែមិនងើបបើកទ្វារនៅឡើយ ហើយភ្លើងឆេះរាលចូលដល់ក្នុងផ្ទះលក់ពូក ទើបផ្អើលឆោឡោកាន់តែខ្លាំងឡើង ទោះជាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ ក៏មិនអាចទប់ឈ្នះ ភ្លើងកាន់តែខ្លាំងឡើងរាលចូលដល់ផ្ទះ ជួសជុលម៉ូតូ និងបន្តទៅផ្ទះលក់ម៉ូតូ ភ្លើងកាន់តែឆេះសន្ធោសន្ធៅខ្លាំងភ្លើងពេញបន្ទុកតែម្តង ។
ក្នុងហេតុការណ៍ខាងលើ ត្រូវបានរថយន្តពន្លត់អគ្គិភ័យចេញទៅអន្តរាគមន៍ជាបន្តបន្ទាប់សរុប៣១គ្រឿង ។
ក្នុងនោះមានការអន្តរាគមន៍ពី រថយន្តការិយាល័យបង្កានិងពន្លត់អគ្គិភ័យ : ចំនួន ២០គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២០ឡានស្មើនិង៨០ម៉ែត្រគូប ។
រថយន្តជំនួយ ក្រសួងមហាផ្ទៃចំនួន ០៣គ្រឿងប្រើប្រាស់ទឹកអស់០៣ឡានស្មើនិង១២ម៉ែត្រគូប ។
រថយន្តជំនួយង៧០ចំនួន ០៤គ្រឿងប្រើប្រាស់ទាំង៤គ្រឿង ។ រថយន្តជំនួយៈក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១ឡាន ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនិង ០៤ម៉ែត្រគូប ។ រថយន្តជំនួយៈសួនឧស្សាហកម្មកាណាឌីយ៉ាចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនិង ០៤ម៉ែត្រគូប ។ រថយន្តជំនួយៈកងរាជអាវុធជាតិចំនួន ០៣ ប្រើប្រាស់ទឹកអស់ចំនួន ០៣ ស្មើនិង ១២ម៉ែត្រគូប ។
សមត្ថកិច្ចពន្លត់ភ្លើងរលត់ទាំងស្រុង : នៅម៉ោង០៧:២០នាទីនាថ្ងៃខែឆ្នាំដដែល ។
ទោះជាយ៉ាងណាក្តី ក្រោយពីភ្លើងបានរលត់ទៅវិញ កម្លាំងសមត្ថកិច្ច អាជ្ញាធរ ហុំព័ទ្ធ ចំណុចផ្ទះកើតហេតុ ដើម្បីធ្វើកំណត់ហេតុ និងបន្តស្រាវជ្រាវបន្ថែមទៀត ៕ សុខា សែនជ័យ