ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រី ​ប្រាយុទ្ធ ចាន់អូចា​ នឹងជួបជាមួយសហជីពថៃ រារាំងការព្យួរប្រព័ន្ធអនុគ្រោះពន្ធ

ចែករំលែក៖

រដ្ឋាភិបាលរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គ្រោង​ព្យួរប្រព័ន្ធអនុគ្រោះពន្ធ GSP ​ដល់ថៃ​​ ។ បើអាមេរិកព្យួរការអនុគ្រោះពន្ធនោះ​ ថៃនឹងត្រូវខាតបង់ប្រាក់យ៉ាងតិច​១.៣ពាន់លានដុល្លារ អាមេរិក ។

នៅពេលនេះ នាយករដ្ឋមន្ត្រីថៃ នឹង​ជួបពិភាក្សាជាមួយ​សហជីបកម្មករ ដើម្បីស្វែងរកគន្លឹះមុនពេល ជួបពិភាក្សាជាមួយលោកត្រាំ នៅថ្ងៃទី៣ ខែមីនា ​ពាក់ព័ន្ធ ការអនុគ្រោះពន្ធ ។ មុនជំនួបខាងលើកើតឡើង លោក ឆាលី ឡូយសូអុង (Chalee Loysoong) ដែលជាអនុប្រធាន គណៈកម្មាធិការសាមគ្គីភាពកម្មករថៃបានព្រមានថា ការផ្អាកប្រព័ន្ធអនុគ្រោះពន្ធ GSP អាចនឹងបង្កផលប៉ះពាល់ដល់កម្មករយ៉ាងហោចណាស់ ៤០,០០០នាក់ កំពុងបម្រើការនៅតាមឧស្សាហកម្មជាច្រើន ។ បណ្ដាញសហជីពនៅក្នុងប្រទេសថៃ ចង់ឱ្យលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ចរចាជាមួយសហរដ្ឋអាមេរិក ដើម្បីការពារប្រព័ន្ធអនុគ្រោះពន្ធ GSP ឱ្យបានកាន់តែឆាប់តាមដែលអាចធ្វើទៅបាន ។

កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ តំណាងពាណិជ្ជកម្មអាមេរិក (USTR) បានប្រកាសថា ខ្លួននឹងផ្អាកប្រព័ន្ធអនុគ្រោះពន្ធ GSP សម្រាប់ថៃមានតម្លៃជាង ១.៣ពាន់លានដុល្លារ ហើយនឹងត្រូវចូលជាធរមាននៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ ខាងមុខនេះ។

ជាមួយការលុបចោលនូវការអនុគ្រោះពន្ធលើផលិតផលនាំចូលពីថៃចំនួន ៥៧៣មុខ ដែលអាចនឹងប្រឈមមុខនឹងការបង់ពន្ធ ៤.៥ភាគរយ ។

ការប្រកាសលុបចោលនេះទៀតសោត ធ្វើឡើងដោយសារតែរដ្ឋាភិបាលថៃបានបរាជ័យ ក្នុងការដោះស្រាយបញ្ហារំលោភបំពានសិទ្ធិកម្មករ នៅក្នុងឧស្សាហកម្មគ្រឿងសមុទ្រ និងវិស័យដឹកជញ្ជូនតាមកប៉ាល់ទំនិញ ។

ដូច្នេះបើថៃចង់បានប្រព័ន្ធអនុគ្រោះពន្ធ GSP ត្រឡប់មកវិញ រដ្ឋាភិបាលទីក្រុងបាងកក ត្រូវតែបង្ហាញសហគមន៍អន្តរជាតិថា ខ្លួនមានការប្ដេជ្ញាចិត្តក្នុងការលើកម្ពស់ និងការពារសិទ្ធិពលករ៕


ចែករំលែក៖