ខេត្តកំពង់ចាម: មានការភ្ញាក់ផ្អើលមួយដោយគេប្រទះឃើញ សព ស្រ្តីម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅមាត់ ស្រះទឹក ដោយមិនដឹងមូលហេតុ តែសមត្ថកិច្ចសង្សយ័ថាប្តីជាឃាតក ។
ប៉ូលិសបានអោយដឹងថា នៅថ្ងៃទី១៨ ខែកុម្ភៈ វេលាម៉ោង០៦ និង៣០នាទី សមត្ថកិច្ចនគរបាលបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា បានប្រទះឃើញមនុស្សស្លាប់ នៅចំណុចក្បែរមាត់ស្រះ ស្ថិតនៅភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
ប៉ូលិសបានអោយដឹងថា បន្ទាប់ពីទទួលបានព័ត៌ភ្លាមកម្លាំងសមត្ថកិច្ចនគរបាលជំនាញស្រុកកំពង់សៀម សហការជាមួយកម្លាំងសមត្ថកិច្ចជំនាញព្រហ្មទណ្ឌខេត្ត និងកម្លាំងសមត្ថកិច្ចជំនាញបច្ចេកទេសខេត្តកំពង់ចាម និងកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលរអាងចាត់វិធានការជាបន្ទាន់ចុះដល់កន្លែងកើតហេតុស្រាវជ្រាវ និងពិនិត្យលើសាកសពឈ្មោះ ចន្ធូ ភេទស្រី អាយុប្រហែល ៣០ឆ្នាំជាង មិនស្គាល់អាស័យដ្ឋាន បច្ចុប្បន្នស្នាក់នៅភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
ប៉ូលិសបានអោយដឹងថា បន្ទាប់ពីធ្វើការពិនិត្យ និងស្រាវជ្រាវរួចសមត្ថកិច្ចជំនាញបានកំណត់បានមុខសញ្ញាជនសង្ស័យឈ្មោះ ណេន ប៉ឹក ភេទប្រុស អាយុ២៥ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ត្រូវជាប្តីគេចខ្លួន បានធ្វើសកម្មភាពវាយសម្លាប់ទៅលើជនរងគ្រោះ។ ក្រោយធ្វើសកម្មភាពរួចជនសង្ស័យបានរត់គេចខ្លនបាត់ពីមូលដ្ឋាន ។
ប៉ូលិសបានបន្តថា បច្ចុប្បន្នសពជនរងគ្រោះត្រូវបានក្រុមប្រឹក្សាឃុំរអាង យកទៅបញ្ចុះនៅមុខវត្តបល្ល័ងពេជ្រ ស្ថិតនៅភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម តាមបញ្ជា លោក ហួតវុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម នៅវេលាម៉ោង៨និង៤៦៕