ប្រទេសថៃ ៖ ក្នុងចំណោមពលករខ្មែរចំនួន ១២ នាក់ ដែលបានធ្វើដំណើរតាមរថយន្តដឹកអ្នកដំណើរមួយគ្រឿងបានស្លាប់បាត់បង់ជីវិតម្នាក់នៅលើរថយន្ត និង ១១ នាក់ទៀត រងរបួសធ្ងន់ ស្រាល ខណៈដែលពួកគេទាំងអស់គ្នា បានម៉ៅរថយន្តនេះចេញដំណើរពីស្រុកអារញ្ញប្រាថេត ក្នុងខេត្តស្រះកែវ ទៅកាន់រោងចក្រមួយកន្លែង ក្នុងខេត្តសុងខ្លា ហើយក៏បានជួបនឹងឧប្បទ្ទវហេតុ គ្រោះថ្នាក់ចរាចរណ៍នៅតាមផ្លូវ ដោយសភាពផ្លូវរអិល ។
យោងតាមរបាយការណ៍របស់ក្រុមហ៊ុនមូលនិធិ មិត្តភាព សាមគ្គី ហាតយ៉ៃ បានបញ្ជាក់ថា ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង ៧ និង ៣០ នាទី ព្រឹក ថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០២០ ដោយ រថយន្តម៉ាកតួរីស ដឹកពលករខ្មែរ ចំនួន ១២ នាក់ ពីព្រំដែនអារញ្ញប្រាថេត ទៅខេត្តសុងខ្លា ជួបគ្រោះថ្នាក់ចរាចរណ៍ តាមផ្លូវបណ្ដាលឲ្យពលការិនីខ្មែរស្លាប់បាត់បង់ជីវិត ០១នាក់ របួសធ្ងន់ស្រាល ១១នាក់ ។
ហេតុការណ៍នេះបានកេីតឡើងនៅម្ដុំផ្លូវជាតិអេសៀររ៉ាត់តៈភូមិ ស្ថិតនៅក្នុងភូមិ៤ សង្តាត់ថាឆាង ស្រុកបាងក្លាំ ខេត្តសង់ក្លា ប្រទេសថៃ។ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តឈ្នួលខាងលើបានធ្វើដំណើរទៅទទួលពលករខ្មែរចំនួន១២នាក់ ពីព្រំដែនស្រុកអារញ្ញប្រាថេត ក្នុងខេត្តស្រះកែវ ដេីម្បីបន្តដំណើរទៅខេត្ត សុងខ្លា ប៉ុន្ដែអកុសលរថយន្តឈ្នួលខាងលើបានជ្រុលទៅបុកគូទរថយន្តសណ្ដោងតាមផ្លូវ ដែលឈប់សំចតបណ្ដាលឲ្យមានមនុស្សស្លាប់ និងរងរបួសជាច្រើននាក់ បច្ចុប្បន្នជនរងគ្រោះត្រូវបានសមត្ថកិច្ចថៃបញ្ជូនយកទៅព្យាបាលនៅមន្ទីរពេទ្យបាងក្លាំ និងមន្ទីរពេទ្យហាតយ៉ៃ ខេត្ដសង់ក្លា ។
នៅកន្លែងកើតហេតុនោះដែរ គេសង្គេតឃើញអ្នកបើកបររថយន្តធំឈ្មោះ ផុងសាក់ ច័ន្ទថន កំពុងឈររេរារង់ចាំសមត្ថកិច្ចហៅទៅសាកសួរ ដោយលោកមិនបានគេចខ្លួនទៅណានោះទេ ។ ដោយឡែក អ្នកបើកបររថយន្តតួរីសឈ្មោះ វ៉ាត់រិន ផៈកៈម៉ា អាយុ ៥៣ ឆ្នាំ ដែលបានរងរបួសស្រាល បាននិយាយថា រថយន្តរបស់លោកត្រូវបានគេជួលអោយដឹកពលករខ្មែរស្របច្បាប់ ពីព្រំដែនថៃ កម្ពុជា ក្នុងស្រុកអារញ្ញប្រាថេត ទៅកាន់រោងចក្រផលិតអាហារសមុទ្រ មួយកន្លែង ក្នុងខេត្តសុងខ្លា ។
លោកបានបន្តថា លុះមកដល់ត្រង់ចំណុចកើតហេតុ គឺលោកក៏បានឃើញដែរ ចំពោះរថយន្តធំដែលកំពុងឈប់នៅលើផ្លូវផ្នែកខាងឆ្វេងដៃ ( ថៃប្រកាន់ឆ្វេង ) ដោយលោកបានបួងចង្កូតងាកទៅខាងស្តាំដើម្បីឡើងជែងរថយន្តនោះ ប៉ុន្តែដោយសារផ្លូវទើបភ្លៀងរួច ហាក់បីដូចជាមានសភាពរអិល គឺរថយន្តរបស់លោកមិនអាចគេចផុតពីរថយន្តធំ ទើបធ្វើអោយជញ្ជាំងមួយចំហៀងផ្នែកខាងឆ្វេង ត្រូវច្រៀកខ្ទេចគ្មានសល់ ទើបបង្កអោយមានបញ្ហាបែបនេះ ។
បច្ចុប្បន្នតម្រួតថៃកំពុងធ្វើការយ៉ាងសស្រាក់សស្រាំហើយចំពោះបញ្ហាខាងលើនេះ ក្នុងការដោះស្រាយទៅលើអាយុជីវិតពលករខ្មែរទាំងស្លាប់ និង របួស ដោយសារតែពួកគេសុទ្ធតែជាពលករដែលចូលទៅបម្រើការងារស្របច្បាប់ទាំងអស់ ៕