ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយប្រធានក្រុមហ៊ុន Holland America Line ម្ចាស់នាវាទេសចរណ៍ Westerdam

ចែករំលែក៖

ភ្នំពេញៈ បន្ទាប់ពីបានទទួលជួបជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជារួចហើយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏បានទទួលជួបជាមួយលោក Orlando Ashford ប្រធានក្រុមហ៊ុន Holland America Line ម្ចាស់នាវាទេសចរណ៍ Westerdam។

ក្នុងជំនួបនោះ លោក Orlando Ashford បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោ ហ៊ុន សែន និងប្រជាពលរដ្ឋកម្ពុជាក៏ដូចជាអាជ្ញាធរកម្ពុជាចំពោះសណ្តានចិត្តដ៏ល្អប្រកបដោយភាពកក់ក្តៅ និងជួយថែរក្សាទទួលអ្នកដំណើរ និងពិនិត្យជំងឺជូនដល់អ្នកដំណើរ ជាពិសេសទៀតនោះអនុញ្ញាតឲ្យកប៉ាល់ចុះចតនៅខេត្តព្រះសីហនុ។ លោកបានជម្រាបជូនសម្ដេចតេជោផងដែរថា ថ្ងៃនេះ ឬថ្ងៃស្អែកនឹងមានយន្តហោះមកដឹកអ្នកដំណើរទាំងនោះត្រឡប់ទៅប្រទេសគាត់វិញហើយ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះពាក្យពេចន៍ដ៏ល្អរបស់លោក លោក Orlando Ashford ដែលជា ប្រធានក្រុមហ៊ុន Holland America Line ។ ទន្ទឹមនឹងនោះ សម្ដេចតេជោបានមានប្រសាសន៍ថា បន្ទាប់ពីបានទទួលដំណឹងថា នាវាមានបំណងចូលចតនៅកម្ពុជាសម្ដេចតេជោបានសម្រេចចិត្តអនុញ្ញាតឲ្យចូលចតភ្លាមដោយយល់ឃើញថា បញ្ហាមនុស្សធម៌គឺជាបញ្ហាសំខាន់ ប្រសិនបើកម្ពុជាមិនអនុញ្ញាតឲ្យចូលចតទេនោះ នាវាមិនដឹងជាចូលចតនៅទីណានោះទេហើយអ្នកធ្វើដំណើរនៅលើនាវានោះនឹងមានការព្រួយបារម្ភ ហើយបើមានអ្វីកើតឡើង ជាពិសេសបើមានជំងឺរាតត្បាតនោះនឹងប៉ះពាល់ដល់អ្នកដទៃទៀត។ ក្នុងន័យនេះ សម្ដេចតេជោ បានសម្រេចចិត្តភ្លាមៗ និងមានការសប្បាយចិត្តដោយឃើញនាវាបានមកចូលចត និងអ្នកដំណើរទាំងអស់មិនមានជំងឺកើតឡើង និងមានសុវត្ថិភាព ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុនដែលបានយកចិត្តទុកដាក់ចំពោះអ្នកធ្វើដំណើរតាមនាវាទេសចរណ៍ Westerdam មិនត្រឹមតែរៀបចំជប់លៀង និងយកចិត្តទុកដាក់លើសុខភាពប៉ុណ្ណោះទេថែមទាំងរៀបចំយន្តហោះឲ្យអ្នកដំណើរទាំងនោះបានវិលត្រឡប់ទៅកាន់ប្រទេសគាត់វិញផងដែរ។ ទន្ទឹមនឹងនោះ សម្ដេចតេជោបានមានប្រសាសន៍បន្ថែមទៀតថាអ្វីដែលគួរឲ្យកត់សម្គាល់មាន០៣ចំណុច៖ ទី១) សម្ដេចតេជោបានថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលបានគិតដល់កម្ពុជាពាក់ព័ន្ធនឹងការងារមនុស្សធម៌នៅពេលដែលការងារមនុស្សធម៌ត្រូវការចាំបាច់បំផុតនោះ គឺក្រុមហ៊ុនបានមកដល់កម្ពុជាយើងដើម្បីអនុញ្ញាតឲ្យកម្ពុជាទទួលធ្វើការងារមនុស្សធម៌បម្រើដល់មនុស្សជាតិ។ ទី២)សម្ដេចតេជោបានធ្វើការកត់សម្គាល់ថាអ្វីដែលក្រុមហ៊ុនបានធ្វើនោះពិតជាការយកចិត្តទុកដាក់ខ្ពស់ចំពោះអ្នកដំណើរនៅក្នុងនាវានោះ។ ទី៣) ដែលជាកត្តាសំខាន់នោះ គឺទាំងអ្នកធ្វើដំណើរ ទាំងអ្នកគ្រប់គ្រង និងអ្នកបើកបរកនាវា រួមទាំងអាជ្ញាធរដែនដី គឺបានសហការគ្នាល្អធ្វើយ៉ាងណាបានជួយដល់អ្នកធ្វើដំណើរតាមនាវានេះ ហើយនៅក្នុងរយៈពេលមួយថ្ងៃ ពីរថ្ងៃទៀតពួកគាត់នឹងបានវិលត្រឡប់ទៅកាន់ប្រទេសគាត់វិញ៕


ចែករំលែក៖