ភ្នំពេញ ៖ លោកឃិត ឈឿន អគ្គនាយកក្រុមហ៊ុនចំរើនសម្បត្តិ និងផ្សារខេស៊ី បានគាំទ្រនូវប្រសាសន៍ដ៏ថ្លៃថ្លាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រកាសថា នឹងកាត់បន្ថយការនាំបន្លែ សាច់ ពីប្រទេសខាងក្រៅ ដោយបង្កើនការដាំដុះ និងការចិញ្ចឹមសត្វក្នុងស្រុក ដោយមិនតម្រូវឲ្យប្រើគីមីច្រើន ខណៈបច្ចុប្បន្នប្រទេសកម្ពុជា បាននាំចូលបន្លែពីប្រទេសវៀតណាម និងថៃ រាប់រយតោន ក្នុងមួយថ្ងៃៗនោះ។
ការនេះថ្លែងនៅក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិតបញ្ចប់ការសិក្សាឆ្នាំ២០១៨–២០១៩ ចំនួន១,៩៧៧នាក់ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញនាព្រឹកថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ចាប់ពីពេលនេះតទៅ នឹងត្រូវ បំផុសឲ្យប្រជាពលរដ្ឋខ្មែរយើងធ្វើការដាំដុះដោយមិនឲ្យប្រើសារធាតុគីមី ហើយត្រូវកាត់បន្ថយ ការនាំចូលពីប្រទេសខាងក្រៅដែលបានប្រើប្រាស់គីមីច្រើននោះ។
លោក ឃិត ឈឿន អគ្គនាយកក្រុមហ៊ុនចំរើនសម្បត្តិខន់ស្រ្តាក់សិននិងផ្សារខេសុីបានរៀបរាប់ទាំងសប្បាយចិត្តនាថ្ងៃទី១៩ខែកុម្ភៈឆ្នាំ២០២០នេះថា ប្រសាសន៍របស់សម្ដេចហ៊ុន សែន ពិតជាចាក់ដោតដល់ចំណុចសំខាន់របស់ប្រជាពលរដ្ឋកសិករខ្មែរជាច្រើន ហើយក៏ចំណុចដែលខ្ញុំតែងតែលើកឡើងជារឿយៗដើម្បីបញ្ជាក់ជូនដល់ប្រជាជនខ្មែរយើងឲ្យគាំទ្រការចិញ្ចឹមសត្វ ដាំបន្លែផ្លែឈើនៅក្នុងស្រុកនិងឲ្យមានការកើនឡើងច្រើនជាងមុនដែលធ្វើឲ្យសេដ្ឋកិច្ចខ្មែរកាន់តែលូតលាស់ទៅមុខជាលំដាប់ ។
លោកបន្ថែមថា នៅពេលដែលសម្ដេចហ៊ុនសែនមានប្រសាសន៍បែបនេះធ្វើឲ្យកសិករខ្មែរជាច្រើនរូបដែលប្រកបរបរដាំដុះចិញ្ចឹមសត្វជាដើម ធ្វើឲ្យពួកគាត់សប្បាយចិត្តនឹងបង្កើនការដាំដុះជាបន្តហើយអ្វីដែលគួរឲ្យកត់សម្គាល់ផងដែរនោះ សូមឲ្យប្រជាជនខ្មែរទូទាំងប្រទេសមេត្តាជួយគាំទ្រឲ្យបានច្រើននូវការដាំដុះ ចិញ្ចឹមសត្វ របស់បងប្អូនប្រជាជនខ្មែរយើងផងដែរ ។ បើការបង្កបង្កើនផលដាំដុះដំណាំផ្លែឈើនិងការចិញ្ចឹមសត្វកាន់តែរីកលូតលាស់ច្រើននោះប្រជាពលរដ្ឋខ្មែរយើងមិនចាំបាច់ខ្វល់នឹងបញ្ហា EBA អីនោះទេ ។
លោកអគ្គនាយកបញ្ជាក់ទៀតថា នៅពេលដែលការបង្កបង្កើនផលនិងការចិញ្ចឹមសត្វក្នុងស្រុកមានការកើនឡើងនោះចំណូលប្រជាពលរដ្ឋយើងប្រជាពលរដ្ឋខ្មែរយើងក៏មានការកើនឡើងទៅតាមនោះផងដែរ ។ ក្នុងមួយថ្ងៃៗមិនចាំបាច់ចំណាយលុយទៅធ្វើការនាំចូលផលិតផលមកពីក្រៅស្រុក ហើយណាមួយទៀតផលិតផលដែលនាំចូលសុទ្ធតែមានការប្រើប្រាស់សារធាតុគីមីយ៉ាងច្រើនថែមទៀតផង។
ជាទឹកចិត្តនៃអ្នកជំនួញបានបន្ថែមទៀតថា ការប្រមូលទុនក្នុងការបង្កបង្កើនផលរបស់ប្រជាកសិករអាចប្រមូលផ្តុំគ្នាជាសហគមន៍តូចៗដែលមានចំនួន10 នាក់ទៅ 20 នាក់ សម្រាប់ការដាំដុះនិងចិញ្ចឹមសត្វពីមួយកន្លែងទៅមួយកន្លែងដល់អញ្ចឹងទៅប្រជាកសិកររបស់យើងក៏មានភាពងាយស្រួលក្នុងការប្រមូលទុនឧទាហរណ៍ក្នុងម្នាក់ដាក់ដើមទុនចំនួន 1000ដុល្លារក្នុងម្នាក់ ដល់មានពី១ទៅ២០នាក់យើងមានដើមទុន១ទៅ២ម៉ឺនដុល្លារក្នុងការធ្វើការដាំដុះបានយ៉ាងស្រួល ការថែទាំ និងកម្លាំងពលកម្មក៏មានភាពងាយស្រួលហើយចំពោះការលក់ដូរទៅវិញក៏មានភាពងាយស្រួលផងដែរ ។
សូមបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជា បាននាំបន្លែ ប្រមាណ៤០០តោន ក្នុងមួយថ្ងៃៗពីប្រទេសវៀតណាម និងប្រទេសថៃ ដោយចំណាយថវិកាប្រមាណជាងពីររយលានដុល្លារអាមេរិក ខណៈ មន្រ្តីអះអាងថា ការដាំដុះនៅកម្ពុជា នៅមានកម្រិត និងខ្វះបច្ចេកទេស ជាំដើមនោះ៕ ស តារា