ព័ត៌មានទាន់ហេតុការណ៍៖

សាលាឧទ្ធរណ៍ នឹងបើកសវនាការលើបណ្ដឹងឧទ្ធរណ៍របស់ ទណ្ឌិត ឡាយ វណ្ណៈ និង លោកឡាយ ណារិទ្ធ ដែលជាប់ចោទពីបទឃាតកម្ម ពាក់ព័ន្ធការស្លាប់ស្ត្រីកំណាន់ នៅថ្ងៃទី១១ មីនា

ចែករំលែក៖

ភ្នំពេញ ៖ ទណ្ឌិត ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ និង លោកឡាយ ណារិទ្ធ អតីតស្នងការរងខេត្តតាកែវ ដែលជាប់ចោទពីបទឃាតកម្ម ពាក់ព័ន្ធនឹងការស្លាប់ នៃស្ត្រីកំណាន់ម្នាក់ ត្រូវបានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ នឹងបើកសវនាការលើបណ្ដឹងឧទ្ធរណ៍មួយនេះ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០ខាងមុខ ។ នេះបើយោងតាមប្រភពព័ត៌មានច្បាស់ការពីសាលាឧទ្ធរណ៍ ។

គួរបញ្ជាក់ថា ការប្ដឹងឧទ្ធរណ៍នេះ ដោយសារជនជាប់ចោទទាំង២នាក់បងប្អូន កើតទុក្ខមិនសុខចិត្តនឹងសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញដែលបានចោទប្រកាន់ និងផ្ដន្ទាទោសយ៉ាងធ្ងន់ធ្ងរលើពួកគាត់ក្នុងរឿងការស្លាប់របស់លោកស្រី ចេវ សុវឌ្ឍនា នៅឯខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ កន្លងទៅ ។

សូមរំលឹកថា ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោក ហម ម៉េងសែ នៅព្រឹកវេលាម៉ោង៩និង២០នាទី ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ បានប្រកាសសាលក្រមសម្រេចផ្ដន្ទាទោស លោក ឡាយ វណ្ណៈ ដាក់ពន្ធនាគារ១៣ឆ្នាំ ក្រោមការចោទប្រកាន់ ពីបទឃាតកម្មតាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ ។

លោកឡាយ ណារិទ្ធ អតីតស្នងការរងនគរបាលខេត្តតាកែវ ជាបងបង្កើតរបស់ លោមឡាយ វណ្ណៈ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់១០ឆ្នាំ។

ចំណែកឈ្មោះ ជឹម វុធ និងម៉ែន សាម៉ៃ ដាក់ពន្ធនាគារកំណត់ក្នុងម្នាក់ៗ២ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ លាក់កំបាំងតម្រុយ តាមមាត្រា៥៣២ នៃក្រមព្រហ្មទណ្ឌ។

ក្នុងរឿងក្ដីនេះ តុលាការមិនបង្គាប់ឲ្យជនជាប់ចោទសងសំណងរដ្ឋប្បវេណីទៅគ្រួសារជនរងគ្រោះទេ ដោយសារគ្រួសារជនរងគ្រោះមិនដាក់ពាក្យប្ដឹងទេ ក្នុងសំណុំរឿង។

ជនជាប់ចោទទាំង៤នាក់ គឺ លោកឡាយ វណ្ណៈ លោកឡាយ ណារិទ្ធ លោកម៉ែន សាម៉ៃ និង លោក ជឹម វុធ ត្រូវបាននាំខ្លួនទៅពន្ធនាគារវិញ ហើយបើមិនសុខចិត្ត អាចប្ដឹងឧទ្ធរណ៍បានតាមកំណត់ច្បាប់។

សូមបញ្ជាក់ថា ក្នុងពេលសវនាការកន្លងមក ជនជាប់ចោទ ឡាយ វណ្ណៈ បដិសេធថា ពុំបានសម្លាប់ស្រីកំណាន់ នាង ចេវ សុវឌ្ឍនា ទេ ដោយសុំឲ្យតុលាការរកយុត្តិធម៌។

ជាការកត់សម្គាល់ ជនជាប់ចោទ ឡាយ វណ្ណៈ បានស្បថចំពោះមុខក្រុមប្រឹក្សាជំនុំជម្រះថា ”បើខ្ញុំបានសម្លាប់សង្សារមែន សូមឲ្យវត្ថុស័ក្ដិសិទ្ធិបរាមុខខ្ញុំ ឲ្យខ្ញុំ និងប្រពន្ធកូនស្លាប់តៃហោង និងធ្លាក់នរក៩ជាន់ អត់ចាប់ជាតិទៅចុះ”។ ប៉ុន្តែមន្ត្រីជំនាញ រកឃើញថា ជនរងគ្រោះបានស្លាប់ដោយសារអំពើឃាតកម្ម មុនឃាតកយកសពទៅព្យួរ.ក នៅបង្អួចផ្ទះ។

ករណីឃាតកម្មនេះ ដំបូងឡើយ ត្រូវបានសមត្ថកិច្ចខេត្តតាកែវសន្និដ្ឋានថា ជារឿងអត្តឃាត ព្រោះតែវិបត្តិស្នេហា។ ប៉ុន្តែក្រោយពីបើកការស្រាវជ្រាវសមត្ថកិច្ចជំនាញរបស់នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានរកឃើញថា ករណីនេះ មិនមែនជារឿងអត្តឃាតឡើយ ពោលគឺជារឿងឃាតកម្មដោយមានអ្នកបញ្ជា និងរៀបចំទុកសម្លាប់ជនរងគ្រោះ។

ទីបំផុត ជនសង្ស័យចំនួន៤នាក់ មាន លោកឡាយ វណ្ណៈ ផងនោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាបន្តបន្ទាប់ ដែលបច្ចុប្បន្នកំពុងឃុំខ្លួនក្នុងពន្ធនាគារ។

លោក ឡាយ វណ្ណៈ , លោក ឡាយ ណារិទ្ធ អតីតស្នងការរងនគរបាលខេត្តតាកែវ ត្រូវជាបងប្រុសបង្កើតលោក ឡាយ វណ្ណៈ ត្រូវបានតុលាការចោទប្រកាន់ ពីបទឃាតកម្មប្រព្រឹត្តនៅចំណុចផ្ទះជួល ភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ។ បទឃាតកម្មត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ ពី ១០ឆ្នាំ ទៅ១៥ឆ្នាំ។

ដោយឡែក ឈ្មោះ ម៉េន សាម៉ៃ អាយុ៣៦ឆ្នាំ និង ឈ្មោះ ជឹម វុធ អាយុ៤១ឆ្នាំ ជាប់ចោទពីបទលាក់បំបាំងតម្រុយ តាមមាត្រា៥៣២ នៃក្រមព្រហ្មទណ្ឌ ៕ ស រស្មី


ចែករំលែក៖