ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមន្រ្តីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បាននាំគ្នារត់ចែកជើងគ្នា ខណៈដែលមានករណីទុស្សេខ្សែភ្លើងបណ្ដាលឲ្យឆ្លងចរន្តអគ្គិសនីបង្កឲ្យឆាបឆេះមួយដង្ហើមចង្រិត ។
ករណីគ្រោះអគ្គិភ័យខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង១០និង៥នាទីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ នៅខាងក្នុងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដែលមានទីតាំងនៅផ្លូវព្រះនរោត្តម កែងផ្លូវលេខ១១៨ ក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុខពេលកើតហេតុ គេបានឃើញមន្ត្រីគយដែលបម្រើការនៅខាងក្នុងជាច្រើននាក់ រួមជាមួយអ្នកមកទទួលសេវានានា បាននាំគ្នារត់ចែកជើងគ្នាចេញពីអាគារខាងលើនេះ និងមានអណ្ដាតភ្លើងនិងផ្សែងហុយទ្រលោមបង្កឡើងដោយសារតែទុស្សេចរន្តអគ្គិសនី ។
ប្រភពដដែលបន្តថា ភ្លាមនោះគេឃើញមន្រ្តីមួយចំនួនបានយកបំពង់ពន្លត់អគ្គិភ័យជាច្រើនបំពង់ទៅបាញ់ពន្លត់ភ្លើងទាល់តែរលត់ទៅវិញភ្លាមៗដែរ ។ ក្នុងហេតុការណ៍ខាងលើនេះ ក្រុមរថយន្តពន្លត់អគ្គិភ័យ ក៏បានចេញមកដល់កន្លែងកើតហេតុ ដើម្បីជួយធ្វើអន្តរាគមន៍ផងដែរ ប៉ុន្តែមិនបានប្រើប្រាស់ទឹកនោះទេ ព្រោះភ្លើងបានរលត់ទៅវិញភ្លាមៗ ។
ក្រោយកើតហេតុ មន្រ្តីជំនាញខាងពន្លត់អគ្គិភ័យ បានបញ្ជាក់ថា មូលហេតុនៃការឆេះនេះបណ្ដាលមកពី ទុស្សេខ្សែភ្លើងឆ្លងចរន្តអគ្គិសនី មិនបណ្ដាលឲ្យខូចខាតធំដុំនោះឡើយ ៕ ជ្រោយពេជ្រ