ខេត្តសៀមរាប: នៅវេលាម៉ោង១៣និង២០នាទី ថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២០ មានករណីអគ្គិភ័យមួយកើតឡើង ដែលស្ថិតនៅក្នុងដីឡូតិ៍១កន្លែង ជាប់ពីខាងជើងរបងវត្ត កេសរារាម ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ដោយឪពុក ម្តាយ និង ជីដូន រវល់ទៅរកស៊ីលក់ដូរ នៅសាលា ហើយទុកកូនប្រុស ២នាក់អាយុប្រហែល៩ឆ្នាំ ឲ្យនៅមើលចាំផ្ទះ ហើយបាននាំគ្នាលេងភ្លើង ទើបបណ្តាលឲ្យឆេះផ្ទះម៉ត់១រំពេច ថែមទាំងឆេះអស់ឡានកាមរី ១គ្រឿង ដែលអ្នកជិតខាងយកមកផ្ញើរទៀតផង ។ តែកុមារានោះ ត្រូវបានអ្នកជិតខាងជួយសង្គ្រោះបានទាន់ពេលវេលា ព្រមទាំងបានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការខេត្ត និង កងរាជអាវុធហត្ថខេត្ត រួមទាំងបុគ្គលិកសណ្ឋាគារសុខាអង្គរ បានជួយសង្គ្រោះ កុំអីរាលដាលឆេះទាំងកុដ្ឋិព្រះសង្ឃ និង ផ្ទះប្រជាពលរដ្ឋនៅជិតខាងនោះទៀតផង។
បើតាមប្រភពពីពលរដ្ឋអ្នកជិតខាង បានលួចប្រាប់ថា មុនពេលកើតហេតុ មានឃើញអណ្តាតភ្លើងឆេះចេញពីក្នុងដីឡូតិ៍១កន្លែង ហើយមានកូនក្មេងប្រុស២នាក់ នៅក្នុងនោះ បន្ទាប់មកពួកគាត់ក៏ជួយចូលទៅយកចេញមក ហើយសួរវាថា ម្តេចបានឆេះក្មេងប្រុសនោះឆ្លើយប្រាប់គាត់ថា វាយកដែកកេសដុតក្រដាសលេង ស្រាប់តែវាឆេះរត់ចេញមកក្រៅ ។
ប្រភពដដែលបានបន្តថា ផ្ទះដីឡូតិ៍ដែលឆេះនេះ មានទីតាំង ស្ថិតនៅខាងក្រោយ ជាប់នឹងរបងវត្តកេសរារាម ។ ក្រោយពីចូលទៅជួយក្មេងហើយពួកគាត់ ក៏បានទូរស័ព្ទ ទៅហៅមន្ត្រីប៉ុស្តិ៍សង្កាត់ស្វាយដង្គំ ឲ្យជួយ ហៅ រថយន្តពន្លត់អគ្គីភ័យជួយអន្តរាគមន៍ពន្លត់ ពេលរថយន្តមកដល់ផ្ទះក៏ឆេះអស់តែម្តង ដោយសារមានខ្យល់បក់បោកខ្លាំងពេក ទើបមិនអាចទប់ទល់បាន ។
ក្នុងករណីនេះក៏មានវត្តមានរបស់ឯកឧត្តម លី សំរិទ្ធ និង ឯកឧត្តម ពិន ប្រាកដ អភិបាលរងខេត្ត បានចុះទៅដល់ផ្ទាល់កន្លែងកើតហេតុ ព្រមទាំងមានការសម្តែងនូវការសោកស្តាយផងដែរ ចំពោះការបាត់បង់ខូចខាត ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ដោយការធ្វេសប្រហែសនឹងស្មានមិនដល់នេះ ។
តាមប្រភពពីសមត្ថកិច្ចនគរបាលខេត្តបានប្រាប់ថា ម្ចាស់ផ្ទះដីឡូតិ៍ដែលឆេះនេះមានឈ្មោះ ចាម ណាស៊ី ភេទ ស្រី អាយុ ៧០ឆ្នាំ ស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប ។ ក្នុងកិច្ចប្រតិបត្តិការ ជួយពន្លត់នោះ ត្រូវបានកម្លាំងជំនាញពន្លត់អគ្គីភ័យប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ចំនួន៤គ្រឿង ក្នុងនោះ រថយន្តពន្លត់អគ្គិភ័យរបស់ នគរបាល ចំនួន ២ គ្រឿង ប្រើទឹកអស់២ឡាន និង រថយន្តពន្លត់អគ្គិភ័យរបស់កងរាជអាវុធហត្ថខេត្ត ចំនួន២គ្រឿង ប្រើ ទឹក អស់២ឡាន ទើបរលត់អស់ទាំងស្រុង រួមទាំងការចូលរួមពីសណ្ឋាគារសុខាអង្គរផងដែរ ។
ករណីភ្លើងឆេះផ្ទះនេះ បណ្តាលឲ្យខូចខាត សម្ភារៈក្នុងផ្ទះទាំងស្រុង គឺផ្ទះឈើចាស់ផ្ទាល់ដីដំបូលស័ង្កសីទំហំ៨ មx១០ម អស់ទាំងស្រុង និង រថយន្ត០១គ្រឿងម៉ាក កាមរីឆ្លាមពាក់ផ្លាកលេខ ភ្នំពេញ២S-៧៧៤២ ដែលជា របស់ឈ្មោះ ឃឹម ស៊ីលីន ភេទ ស្រីអាយុ ៤៤ឆ្នាំ ជាអ្នកជិតខាងបានយកទៅផ្ញើរជារៀងរាល់ថ្ងៃ ។ តាមការប៉ាន់ស្មានរបស់សមត្ថកិច្ច នៃការខូចខាត អស់ប្រមាណ ជិត៥០ពាន់ដុល្លារ ៕ ប៊ុនរិទ្ធី