ព័ត៌មានទាន់ហេតុការណ៍៖

បើកបរម៉ូតូលឿនជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតបត់ឆ្លងផ្លូវ របួសធ្ងន់ស្រាលបួននាក់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូមួយគ្រឿងក្នុងល្បឿនលឿនជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងទៀត ខណៈបត់ឆ្លងផ្លូវពេញទំហឹងបណ្តាលឲ្យរងរបួសទាំងសងខាងធ្ងន់ស្រាលបួននាក់ ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១១ និង ៤០ នាទីយប់ថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវ ២០០៤ កែងនឹងផ្លូវបេតុងច្រកចូលវត្តអង្អតាមិញ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរីឆ្នាំ ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1Q-0231ធ្វើដំណើរតាមបណ្តោយផ្លូវ ២០០៤ ទិសដៅពីលិចទៅកើតក្នុងល្បឿន លុះមកដល់ចំណុចកើតហេតុបានជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតម៉ាក CPR ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1FD-7444 ជិះដោយបុរសបីនាក់បញ្ច្រាស់ទិសគ្នាពីកើតទៅលិចបត់ឆ្វេងដៃចូលទៅផ្លូវបេតុងចូលវត្តអង្អតាមិញពេញទំហឹង បណ្តាលឲ្យម្ចាស់ម៉ូតូឌ្រីម សង់រងរបួសធ្ងន់ចំណែកខាងម៉ូតូម៉ាក CPR រងរបួសធ្ងន់ម្នាក់ស្រាល ២នាក់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកវាស់វែងយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ៕ សុខាសែនជ័យ​


ចែករំលែក៖